អាមេរិកនឹងដកទ័ពចេញពីស៊ីរី ដោយទុកតិចជាង១០០០នាក់ជួយទប់ស្កាត់ IS
សហរដ្ឋអាមេរិកនឹងដកកងទ័ពប្រហែល ៦០០ នាក់ចេញពីប្រទេសស៊ីរី ដោយទុកតិចជាង ១០០០នាក់ ដើម្បីធ្វើការជាមួយសម្ព័ន្ធមិត្តឃឺដ ទប់ទល់នឹងក្រុមរដ្ឋឥស្លាម... The post អាមេរិកនឹងដកទ័ពចេញពីស៊ីរី ដោយទុកតិចជាង១០០០នាក់ជួយទប់ស្កាត់ IS appeared first on Kampuchea Thmey Daily.

សហរដ្ឋអាមេរិកនឹងដកកងទ័ពប្រហែល៦០០នាក់ចេញពីប្រទេសស៊ីរី ដោយរក្សាទុកតិចជាង១០០០នាក់ ដើម្បីធ្វើការជាមួយសម្ព័ន្ធមិត្តឃឺដ ទប់ទល់នឹងក្រុមរដ្ឋឥស្លាម(IS)។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៨ខែមេសានេះ។

ព័ត៌មាននេះត្រូវបានបញ្ចេញដោយមន្ត្រីអាមេរិកម្នាក់ ដែលនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ខណៈព័ត៌មាននេះមិនទាន់ប្រកាសជាសាធារណៈនៅឡើយ។
ការចាកចេញរបស់កងទ័ពចំនួន៦០០ នាក់នេះគឺ បន្ទាប់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានធ្វើយុទ្ធនាការជាច្រើនឆ្នាំដើម្បីកម្ចាត់ក្រុម IS។ ទោះយ៉ាងណាអាមេរិក បានរក្សាទាហានប្រហែល៩០០នាក់ក្នុងប្រទេសស៊ីរី ដើម្បីធានាថាក្រុមសកម្មប្រយុទ្ធ IS មិនអាចឈរជើងបានឡើងវិញទេ ប៉ុន្តែក៏ជាការការពារក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ពីការជួញដូរអាវុធនៅទូទាំងប្រទេសស៊ីរីភាគខាងត្បូង។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្យាយាមដកកងកម្លាំងទាំងអស់ចេញពីប្រទេសស៊ីរីក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់ ប៉ុន្តែគាត់បានជួបការប្រឆាំងពីមន្ទីរបញ្ចកោណ ដោយសារតែវាត្រូវបានគេមើលឃើញថាបោះបង់ចោលសម្ព័ន្ធមិត្ត និងនាំទៅដល់ការលាលែងពីតំណែងរបស់អតីតរដ្ឋមន្ត្រីការពារជាតិ Jim Mattis ។
ចំនួនទាហានអាមេរិកត្រូវបានកើនឡើងដល់ជាង ២០០០នាក់ បន្ទាប់ពីមាវាយប្រហារដោយក្រុមហាម៉ាសនៅថ្ងៃទី៧ខែតុលា ឆ្នាំ២០២៣លើប្រទេសអ៊ីស្រាអែល ខណៈដែលក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់បានកំណត់គោលដៅលើកងទ័ពអាមេរិក និងផលប្រយោជន៍នៅក្នុងតំបន់ជាការឆ្លើយតបទៅនឹងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា។
នៅខែធ្នូ ឆ្នាំ២០២៤ ប្រធានាធិបតីស៊ីរី Bashar Assad បានភៀសខ្លួនចេញពីប្រទេស។ ក្នុងរយៈពេលប៉ុន្មានខែចាប់តាំងពីពេលនោះមក ប្រជាជនស៊ីរីដែលភៀសខ្លួនដោយសង្រ្គាមជាងមួយទសវត្សរ៍បានត្រឡប់ទៅផ្ទះវិញ ប៉ុន្តែប្រទេសនេះនៅតែមិនស្ថិតស្ថេរ។ អ៊ីស្រាអែលបានកំណត់គោលដៅលើស៊ីរី រួមជាមួយសញ្ញាថាក្រុមរដ្ឋឥស្លាមកំពុងព្យាយាមបង្កើតខ្លួនឡើងវិញ ហើយកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរីនៅតែជាការគំរាមកំហែងដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក៕

អត្ថបទ៖ ប៊ុន សុភាព
The post អាមេរិកនឹងដកទ័ពចេញពីស៊ីរី ដោយទុកតិចជាង១០០០នាក់ជួយទប់ស្កាត់ IS appeared first on Kampuchea Thmey Daily.