អាជ្ញាធរខេត្តសៀមរាប៖ បញ្ហាជនអនាថា អ្នកសុំទាន និងជនវិបល្លាសស្មារតី នៅតែជាបញ្ហាស្មុគស្មាញ

អភិបាលរងខេត្តរូបនេះ បានបញ្ជាក់ថា ដើមី្បរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយ ប្រពៃណីទំនៀមទម្លាប់... The post អាជ្ញាធរខេត្តសៀមរាប៖ បញ្ហាជនអនាថា អ្នកសុំទាន និងជនវិបល្លាសស្មារតី នៅតែជាបញ្ហាស្មុគស្មាញ appeared first on Kampuchea Thmey Daily.

អាជ្ញាធរខេត្តសៀមរាប៖ បញ្ហាជនអនាថា អ្នកសុំទាន និងជនវិបល្លាសស្មារតី នៅតែជាបញ្ហាស្មុគស្មាញ

លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មាធិការដោះស្រាយជនអានាថា អ្នកសុំទាន និងជនវិបល្លាសស្មារតីខេត្តសៀមរាប មានប្រសាសន៍ ក្នុងកិច្ចប្រជុំអនុគណៈកម្មាធិការដោះស្រាយបញ្ហាជនអនាថា អ្នកសុំទាន ជនវិបល្លាសស្មារតី កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ២០២៥ ថា ការដោះស្រាយបញ្ហាជនអនាថា អ្នកសុំទាន និងជនវិបល្លាសស្មារតី នៅក្នុងខេត្តសៀមរាបរាប មិនមែនជារឿងងាយស្រួលទេ ការងារនេះមានបញ្ហាស្មុគស្មាញប្រទាក់ក្រឡាច្រើនណាស់ ពួកគាត់តែងតែបង្កការរំខាននៅតាមទីប្រជុំជន និងតំបន់កំសាន្តនានាក្នុងខេត្ត ជាពិសេសនៅពេលយប់។

អភិបាលរងខេត្តរូបនេះ បានបញ្ជាក់ថា ដើមី្បរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយ ប្រពៃណីទំនៀមទម្លាប់ និងចៀសវាងមានផលប៉ះពាល់ដល់សតិអារម្មណ៍ភ្ញៀវទេសចរ និងដើម្បីធានាដល់សុវត្ថិភាពភ្ញៀវ ក៏ដូចជាសន្តិសុខ របៀបរៀបរយក្នុងមូលដ្ឋាន ក្រុមការងារដោះស្រាយបញ្ហាជនអនាថា អ្នកសុំទាន និងជនវិបល្លាសស្មារតី ត្រូវប្រមូលពីតាមទីសាធារណៈ ទីប្រជុំជន និងតាមតំបន់រមណីយដ្ឋាន យកមកដាក់នៅមណ្ឌលអប់រំ ឬបញ្ជូនទៅព្យាបាល។ ត្រូវស្រង់ទិន្នន័យ និងកំណត់ ញែកឱ្យដាច់លក្ខណៈស្ថានភាព តើបុគ្គលនោះស្ថិតក្នុងកម្រិតអ្វី ? បើវិបល្លាសដោយសារធាតុញៀន និងសេពគ្រឿងស្រវឹងត្រូវពិនិត្យបញ្ជូនគាត់ទៅមណ្ឌលកែប្រែ និងបន្សាបគ្រឿងញៀន បើវិបល្លាសពីកំណើតឬដោយសារឧបត្តិហេតុ គឺចាត់ចែងនាំគាត់ទៅព្យាបាលនៅថ្នាក់ខេត្ត ឬបញ្ជូនទៅមណ្ឌលស្តារនិតិសម្បទា និងព្យាបាលជនវិប្បល្លាសថ្នាក់ជាតិ។

លោកអភិបាលរងខេត្ត បានបន្តថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងផែនការយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ជាត្រីវិស័យ បង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន ក្នុងការបន្តលើកកម្ពស់សិទ្ធិ និងជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះគ្រប់ប្រភេទក្នុងសង្គម ដោយផ្អែកលើមូលដ្ឋានមិនបោះបង់ និងមិនរើសអើង។ ជាពិសេស កុមារកំព្រា កុមារងាយរងគ្រោះ ស្រ្តី ជនចាស់ជរា ជនពិការ ជនអនាថា អតីតយុទ្ធជន និងអតីតមន្រ្តីរាជការស៊ីវិល និយាយជារួម និងសម្រាប់ជនអនាថានិយាយដោយឡែក។

បន្ថែមពីនេះ លោក នាក់ ណេរ៉ុន បានណែនាំដល់អង្គភាពមន្ទីរ អាជ្ញាធរក្រុងស្រុក ត្រូវរៀបចំគម្រោងថវិកា និងកំណត់បញ្ហាចំណាយច្បាស់លាស់ក្នុងការប្រើប្រាស់ថវិកាគាំទ្រដល់សកម្មភាពទប់ស្កាត់ជនអនាថា និងអ្នកសុំទាន  ឱ្យមាននិរន្តរភាព។

សូមជម្រាបថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីជជែកពិភាក្សាប្រមូលធាតុចូលសម្រាប់រៀបចំទិន្នន័យច្បាស់លាស់ និងរៀបចំយន្តការដោះស្រាយប្រកបដោយនិរន្តរភាព ដើម្បីឈានទៅលុបបំបាត់បញ្ហាអ្នកសុំទាន ជនអនាថាដែលតែងតែត្រាច់រង្គត់នៅតាមដងផ្លូវ នាំឱ្យមានភាពរញ៉េរញ៉ៃបាត់សណ្តាប់ធ្នាប់ក្នុងក្រុង។

តាមរបាយការណ៍របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ នេះ ក្រុមការងារលេខាធិការដ្ឋានបានទទួលជនរងគ្រោះ អនាថា អ្នកសុំទាន និងជនវិបល្លាសស្មារតី ពីស្នងការដ្ឋាននគរបាលខេត្តសៀមរាប រដ្ឋបាលក្រុង-ស្រុក អធិការដ្ឋាននគរបាលក្រុង-ស្រុក និងអាជ្ញាធរ មូលដ្ឋានដែលបានប្រមូលពីតំបន់ទីសាធារណៈ ទីប្រជុំជន និងនៅតាមបណ្តាភូមិសាស្ត្រក្រុង-ស្រុក សរុបមានចំនួន ៥៩នាក់ ស្រីចំនួន ២៤នាក់ ជនអនាថា មានចំនួន ៨នាក់ ស្រី៣នាក់ អ្នកសុំទាន មានចំនួន ២៩នាក់ ស្រី១៧នាក់ ជនវិល្លាសស្មារតី មានចំនួន១៦នាក់ ស្រី៦នាក់ ជនពិការភាព មានចំនួន ៦នាក់ ស្រី ២នាក់ ក្នុងនោះដែរ កុមារមានចំនួន ៧នាក់ ស្រី ២នាក់។ ដោយឡែកជនអនាថាអ្នកសុំទាន និងជនវិបល្លាសស្មារតី ក្រៅខេត្តមានចំនួន ២២នាក់ផងដែរ៕

ដោយ៖ គឿន វេត

The post អាជ្ញាធរខេត្តសៀមរាប៖ បញ្ហាជនអនាថា អ្នកសុំទាន និងជនវិបល្លាសស្មារតី នៅតែជាបញ្ហាស្មុគស្មាញ appeared first on Kampuchea Thmey Daily.