លោក គីម ជុងអ៊ុន ចុះពិនិត្យការហាត់សមប្រើយន្តហោះគ្មានមនុស្សបើក ដើម្បីទប់ទល់សង្គ្រាម

កូរ៉េខាងជើងនិយាយថា មេដឹកនាំរបស់ខ្លួនលោក គីម ជុងអ៊ុន កាលពីថ្ងៃទី១៣ ខែឧសភា បាន... The post លោក គីម ជុងអ៊ុន ចុះពិនិត្យការហាត់សមប្រើយន្តហោះគ្មានមនុស្សបើក ដើម្បីទប់ទល់សង្គ្រាម appeared first on Kampuchea Thmey Daily.

លោក គីម ជុងអ៊ុន ចុះពិនិត្យការហាត់សមប្រើយន្តហោះគ្មានមនុស្សបើក ដើម្បីទប់ទល់សង្គ្រាម

កូរ៉េខាងជើងនិយាយថា មេដឹកនាំរបស់ខ្លួនលោក គីម ជុងអ៊ុន​ កាលពីថ្ងៃទី១៣ ខែឧសភា បានត្រួតពិនិត្យសមយុទ្ធនៃកងកម្លាំងពិសេសដោយប្រើយន្តហោះគ្មានមនុស្សបើក និងបានណែនាំយោធារបស់ប្រទេសឲ្យពង្រឹងសមត្ថភាព ត្រៀមក្នុងការទប់ទល់នឹងសង្គ្រាមសម័យទំនើប។

រូបភាព៖ Yonhap

យោងតាម កាសែត Rodong Sinmun របស់គណបក្សកាន់អំណាចចេញផ្សាយថ្ងៃពុធបានរាយការណ៍ថា លោក គីម បានទៅទស្សនាសមយុទ្ធកាលពីថ្ងៃអង្គារ។ ក្នុងរូបភាព​នោះ ជាក់ស្ដែង​មាន​រូបថត​នៃ​ការ​ទម្លាក់​គ្រាប់​បែក​រថក្រោះ និង​ទាហាន​ដែល​កំពុង​ប្រតិបត្តិការ​យន្តហោះ​ដ្រូន។

មេដឹកនាំកូរ៉េខាងជើងបានពណ៌នាការបណ្តុះបណ្តាលនេះថា ធ្វើឡើងតាមរបៀបច្នៃប្រឌិតក្នុងវិស័យផ្សេងៗ ដើម្បីទប់ទល់នឹងសង្គ្រាមជាក់ស្តែង។

ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងឯណោះក៏ចេញផ្សាយថា សមយុទ្ធនេះមានគោលបំណងចែករំលែកនៅក្នុងជួរយោធាកូរ៉េខាងជើង នូវបទពិសោធន៍ប្រយុទ្ធរបស់ទាហានដែលបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី ទាក់ទងនឹងការឈ្លានពានរបស់ប្រទេសអ៊ុយក្រែននាពេលកន្លងមក។

កាសែត Rodong Sinmun ក៏​បាន​ចុះ​ផ្សាយ​រូបថត​មន្ត្រី​យោធា​ជាន់​ខ្ពស់​កូរ៉េ​ខាង​ជើង ​ចាប់​ដៃ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ រូបភាពទាំងនោះត្រូវបានថតនៅថ្ងៃទី ៩ ខែឧសភា ដែលជាកាលបរិច្ឆេទសម្គាល់ជ័យជំនះរបស់សហភាពសូវៀត ក្នុងសង្គ្រាមលោកលើកទីពីរ។

កាសែតបានរាយការណ៍បន្ថែមថា លោកពូទីនក៏បានសម្តែងការដឹងគុណជាមួយនឹងពាក្យកក់ក្តៅទៅកាន់មេបញ្ជាការកងកម្លាំងពិសេសកូរ៉េខាងជើង ដែលបានប្រយុទ្ធនៅជិតតំបន់ Kursk នៅភាគខាងលិចប្រទេសរុស្ស៊ីផងដែរ។

គួរបញ្ចាក់ថា កាល​ពី​ខែ​មុន កូរ៉េ​ខាង​ជើង​បាន​ទទួល​ស្គាល់​ជា​លើក​ដំបូង​ថា​ ខ្លួន​បាន​បញ្ជូន​ទ័ព​ទៅ​រុស្ស៊ី​ដើម្បី​ទប់ទល់​នឹង​កម្លាំង​អ៊ុយក្រែន។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ស្ថានទូតរុស្ស៊ីនៅទីក្រុងព្យុងយ៉ាងកាលពីសប្តាហ៍មុន លោកគីមបាននិយាយថា ការចូលរួមរបស់កូរ៉េខាងជើងនៅក្នុងសង្គ្រាមគឺសមហេតុផល ដោយហៅវា ជាការអនុវត្តសិទ្ធិអធិបតេយ្យភាពក្រោមសន្ធិសញ្ញាការពារទៅវិញទៅមកជាមួយទីក្រុងម៉ូស្គូ ពោលគឺលើ​ការ​ពង្រឹង​ទំនាក់ទំនង​យោធា​រវាង​រុស្ស៊ី និង​កូរ៉េខាងជើង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖លោក គីម ជុងអ៊ុន សម្ពោធ​នាវា​ចម្បាំង​ថ្មី និង​ធំ​បំផុត​របស់​កូរ៉េ​ខាង​ជើង ទម្ងន់​៥ ០០០​តោន

The post លោក គីម ជុងអ៊ុន ចុះពិនិត្យការហាត់សមប្រើយន្តហោះគ្មានមនុស្សបើក ដើម្បីទប់ទល់សង្គ្រាម appeared first on Kampuchea Thmey Daily.