យីងឡាក់រួចផុតសំណង៣៥ពាន់លានបាត ប៉ុន្តែជាប់សំណងពុករលួយជាង១០ពាន់លានបាត
តុលាការរដ្ឋបាលកំពូលថៃ បង្គាប់ឱ្យអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រ ដែលដឹកនាំរដ្ឋាភិបាលចន្លោះឆ្នាំ ២០១៣និង២០១៤ សងសំណង ប្រមាណ៣០៥លានដុល្លារ ក្នុងសំណុំរឿងអំពើពុករលួយនៃគម្រោងទិញស្រូវ... The post យីងឡាក់រួចផុតសំណង៣៥ពាន់លានបាត ប៉ុន្តែជាប់សំណងពុករលួយជាង១០ពាន់លានបាត appeared first on Kampuchea Thmey Daily.

សារព័ត៌មានថៃ matichon បានផ្សាយនៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឲ្យដឹងថា តុលាការរដ្ឋបាលកំពូលនៃព្រះរាជាណាចក្រថៃ បានបង្គាប់ឱ្យលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ អតីតនាយករដ្ឋមន្ត្រីដែដឹកនាំចន្លោះឆ្នាំ ២០១៣និង២០១៤ សងសំណងខូចខាតនូវចំនួនទឹកប្រាក់ជាង១០ពាន់លានបាត (ប្រមាណ៣០៥លានដុល្លារ) ក្នុងសំណុំរឿងអំពើពុករលួយគម្រោងទិញស្រូវនេះ ប៉ុន្តែមិនមែនសំណងទាមទារប្តឹងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាង៣៥ពាន់លានបាននោះទេ។
តុលាការរដ្ឋបាលកំពូលរបស់ថៃ បានបើកសវនាការអានសាលក្រមសម្រេចក្នុងសំណុំរឿងដែលក្រសួងហិរញ្ញវត្ថុថៃក្រោមការដឹកនាំរបស់រដ្ឋាភិបាល ប្រាយុធ ចាន់អូចា បានប្តឹងសាទុក្ខសាលក្រមរបស់តុលាការរដ្ឋបាលកណ្តាលដែលបានបង្គាប់ឱ្យលុបចោលដីកាលេខ ១៣៥/២០១៦ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ របស់ក្រសួងហិរញ្ញវត្ថុដែលបានបង្គាប់ឱ្យអតីតនាយករដ្ឋមន្ត្រីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ ត្រូវសងសំណងខូចខាតសរុបទឹកប្រាក់ចំនួនជាង៣៥ពាន់លានបាតជុំវិញអំពើពុករលួយក្នុងគម្រោងទិញស្រូវ និងធ្វេសប្រហែសក្នុងការទប់ស្កាត់ការខូចខាតរបស់រដ្ឋ។

តាមរយៈសាលក្រមនោះ ចៅក្រមតុលាការរដ្ឋបាលកំពូលក្រុងបាងកក យល់ឃើញថា គម្រោងទិញស្រូវដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីនាពេលនោះស្របតាមគោលនយោបាយដែលត្រូវអនុវត្តតាមបទប្បញ្ញត្តិរបស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រថៃដែលចូលជាធរមានស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ពោលគឺមិនមែនមានតែនាយករដ្ឋមន្ត្រីតែម្នាក់អាចលុបចោលនូវសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីបាននោះទេ ពោលគឺនាយករដ្ឋមន្ត្រីត្រូវតែអនុវត្តតាមគោលនយោបាយដែលរដ្ឋាភិបាលបានប្រកាសចំពោះរដ្ឋសភា។
តុលាការរដ្ឋបាលកំពូលថៃ បានឲ្យដឹងថា ជនជាប់ចោទទី១ (លោកស្រី យីងឡាក់) គ្មានចំណែកក្នុងការទទួលខុសត្រូវនោះទេ ពីព្រោះជាការអនុវត្តអំណាចតាមផ្លូវច្បាប់ដើម្បីឱ្យសម្រេចបាននូវលទ្ធផលតាមគោលនយោបាយកិច្ចសន្យាទទួលទិញស្រូវពីប្រជាកសិករ ដែលជាការអនុវត្តតាមអំណាចរបស់រដ្ឋាភិបាល មិនមែនជាទង្វើនយោបាយនោះទេ។
ក្នុងដីកាដែលអាននៅថ្ងៃទី២២ខែឧសភា តុលាការរដ្ឋបាលកំពូលមិនអាចទទួលយកតាមដីកាលេខ ១៣៥/២០១៦ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ របស់ក្រសួងហិរញ្ញវត្ថុបាននោះទេ ដោយសារតុលាការរដ្ឋបាលកំពូលយល់ឃើញថា នេះជាការអនុវត្តស្របតាមបទប្បញ្ញត្តិច្បាប់ទាំងអស់ ប៉ុន្តែជាអំពើពុករលួយនៅកម្រិតអ្នកអនុវត្តប៉ុណ្ណោះ ពោលគឺអតីតនាយករដ្ឋមន្ត្រី «យីងឡាក់ ស៊ីណាវ៉ាត្រ» មិនមានចេតនា ឬការធ្វេសប្រហែសទាំងស្រុងនោះទេ។
ក្នុងសេចក្តីសម្រេចនោះ តុលាការរដ្ឋបាលកំពូលបានប្រកាសាលក្រមបង្គាប់ឱ្យលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ មិនចាំបាច់ត្រូវសងសំណងខូចខាតចំនួនជាង៣៥ពាន់លានបាតតាមដីកាលេខ ១៣៥/២០១៦ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ តាមការទាមទាររបស់ក្រសួងហិរញ្ញវត្ថុនោះទេ ប៉ុន្តែតុលាការរដ្ឋបាលកំពូលបានបង្គាប់ឱ្យលោកស្រីសងសំណងខូចខាតនូវចំនួនទឹកប្រាក់ត្រឹមតែ១០០២៨លានបាតប៉ុណ្ណោះ ក្នុងសំណុំរឿងអំពើពុករលួយគម្រោងទិញស្រូវនេះ៕
ដោយ ភ្នាក់ងារ

The post យីងឡាក់រួចផុតសំណង៣៥ពាន់លានបាត ប៉ុន្តែជាប់សំណងពុករលួយជាង១០ពាន់លានបាត appeared first on Kampuchea Thmey Daily.