ព្រោះតែខ្យល់ពុល! ថៃ ដាក់ចេញវិធានការតឹង ឈានដល់ចាប់ខ្លួនកសិករដែលដុតដំណាំឬដីចម្ការ
ព្រោះតែគុណភាពខ្យល់កាន់តែយ៉ាប់យ៉ឺនទៅៗ ប្រទេសថៃ ក៏សម្រេចចិត្តដាក់ចេញនូវវិធានការយ៉ាងតឹងរ៉ឹង ដោយប្រកាសឲ្យខេត្តទាំងអស់... The post ព្រោះតែខ្យល់ពុល! ថៃ ដាក់ចេញវិធានការតឹង ឈានដល់ចាប់ខ្លួនកសិករដែលដុតដំណាំឬដីចម្ការ appeared first on Kampuchea Thmey Daily.

ព្រោះតែគុណភាពខ្យល់កាន់តែយ៉ាប់យ៉ឺនទៅៗ ប្រទេសថៃ ក៏សម្រេចចិត្តដាក់ចេញនូវវិធានការយ៉ាងតឹងរ៉ឹង ដោយប្រកាសឲ្យខេត្តទាំងអស់ ត្រូវចាប់ខ្លួនកសិករដែលដុតដំណាំឬដីចម្ការដើម្បីធ្វើកសិកម្ម ហើយធ្វើរបាយការណ៍អំពីចំនួនកសិករល្មើសច្បាប់ដែលពួកគេចាប់បាន ឡើងទៅថ្នាក់លើជាកំហិត។

រដ្ឋាភិបាលទីក្រុងបាងកក បានប្រកាសវិធានការនេះ ដោយសារតែការដុតដំណាំឬដីចម្ការដើម្បីធ្វើកសិកម្ម គឺជាកត្តាចម្បងនាំឲ្យមានផ្សែងអ័ព្ទនិងខ្យល់ពុលគ្របដណ្តប់ទូទាំងប្រទេស។ ក្រៅពីនេះ ការបំភាយឧស្ម័នចេញពីយានយន្តនិងរោងចក្រសហគ្រាស ក៏រួមចំណែកធ្វើឲ្យគុណភាពខ្យល់ធ្លាក់ចុះផងដែរ។
តាមការចុះផ្សាយរបស់ CNA, អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃបានចេញសេចក្តីថ្លែងការណ៍ថា «ខេត្តណាក៏ដោយ ដែលអនុញ្ញាតឲ្យមានការដុតដំណាំឬមិនព្រមអនុវត្តតាមវិធានការទប់ស្កាត់ គឺនឹងត្រូវពិន័យ»។

យ៉ាងណាក៏ដោយ រដ្ឋាភិបាលថៃ មិនបញ្ជាក់ឡើយថាតើ អ្នកល្មើសនឹងវិធានការនេះឬខេត្តដែលមិនអនុវត្តតាម នឹងត្រូវពិន័យដោយរបៀបណា។
សេចក្តីប្រកាសនេះកើតឡើងស្របពេលរាជធានីនៃប្រទេសថៃ លោតមកឈរលេខ៧ ក្នុងបញ្ជីទីក្រុងដែលមានការបំពុលខ្លាំងបំផុតលើពិភពលោក របស់ក្រុមហ៊ុនតាមដានគុណភាពខ្យល់ IQAir។

នៅបាងកក កំហាប់ភាគល្អិត PM2.5 បានកើនឡើងដល់ ៨៦មីក្រូក្រាមក្នុងមួយម៉ែត្រគូបរង្វង់ពេល២៤ម៉ោង លើសពីកម្រិតស្តង់ដាដែលកំណត់ដោយអង្គការសហប្រជាជាតិចំនួន ១៥មីក្រូក្រាម។ មិនមែនតែបាងកកទេ សូម្បីទីក្រុងនៅភាគខាងជើង ដូចជា Chiang Mai និង Udon Thani ក៏ PM2.5 ឈានដល់កម្រិតខ្ពស់ដ៏គ្រោះថ្នាក់ផងដែរ។
ដូច្នេះហើយ រដ្ឋបានចែកម៉ាស់ជាង ១.១លានម៉ាស់ទូទាំងប្រទេស ខណៈក្រសួងសុខាភិបាល កំពុងតាមដានស្ថានភាពលើក្រុមមនុស្សងាយរងគ្រោះដូចជា កុមារនិងស្រ្តីមានផ្ទៃពោះជាដើម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខ្យល់ពុលកាន់តែអាក្រក់ ខណៈអ្នកក្រុងបាងកកត្រូវណែនាំឲ្យពាក់ម៉ាស
The post ព្រោះតែខ្យល់ពុល! ថៃ ដាក់ចេញវិធានការតឹង ឈានដល់ចាប់ខ្លួនកសិករដែលដុតដំណាំឬដីចម្ការ appeared first on Kampuchea Thmey Daily.