ប្រធានតុលាការកំពូលព្រមានមិនយោគយល់មន្ត្រីតុលាការដែលពុករលួយ
ប្រធានតុលាការកំពូលព្រមាននឹងមិនយោគយល់ចំពោះមន្ត្រីតុលាការណាដែលប្រព្រឹត្តកំហុសឆ្គង ពុករលួយ បង្កការលំបាកដល់ប្រជាពលរដ្ឋ The post ប្រធានតុលាការកំពូលព្រមានមិនយោគយល់មន្ត្រីតុលាការដែលពុករលួយ appeared first on Kampuchea Thmey Daily.

ប្រធានតុលាការកំពូលព្រមាននឹងមិនយោគយល់ចំពោះមន្ត្រីតុលាការណាដែលប្រព្រឹត្តកំហុសឆ្គង ពុករលួយ បង្កការលំបាកដល់ប្រជាពលរដ្ឋដែលមានរឿងក្ដីនៅតុលាការ។ ការព្រមាននេះធ្វើឡើងក្នុងពិធីបិទសន្និបាតការងារឆ្នាំ២០២៤របស់តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងពិធីបិទនោះលោក ជីវ កេង បានជំរុញដល់មន្ត្រីតុលាការគ្រប់ជាន់ថ្នាក់ឱ្យពង្រឹងនូវវីជ្ជាជីវៈ ស្មោះត្រង់នឹងភាពយុត្តិធម៌ មានមនសិការវិជ្ជាជីវៈពន្លឿនការដោះស្រាយរឿងក្ដី និងពង្រឹងនូវគុណភាពនៃក្ដីសម្រេចរបស់ខ្លួនឱ្យបានហ្មត់ចត់និងត្រឹមត្រូវ។ លោកនឹងមិនយោគយល់ចំពោះមន្ត្រីទាំងឡាយណាដែលប្រព្រឹត្តិខុសឆ្គង ពុករលួយ បង្កការលំបាកដល់ពលរដ្ឋនោះទេ។

យោងតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក សេង ឌីណា ដែលបានថ្លែងក្នុងសន្នីសិទសារព័ត៌មានពីលទ្ធផលត្រួតពិនិត្យភាពមិនប្រក្រតីនៅតាមតុលាការកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ក្រសួងយុត្តិធម៌បានទទួលបណ្ដឹងតវ៉ាពីភាពមិនប្រក្រតីនៃការជម្រះក្ដីរបស់តុលាការមានជាង ១ពាន់ករណី ក្នុងនោះរកឃើញតែ៣៣ករណីប៉ុណ្ណោះដែលមានភាពមិនប្រក្រតី។ លោក សេង ឌីណា បានបញ្ជាក់ថា ភាពមិនប្រក្រតីដែលរកឃើញនោះរួមមាន កំហុសផ្នែកនីតិវិធី ភាពមិនច្បាស់លាស់នៃច្បាប់ដែលធ្វើឱ្យតុលាការអនុវត្តន៍ទៅមានភាពអយុត្តិធម៌ ភាពមិនប្រក្រតីនៃការចោទប្រកាន់លើសំណុំរឿងព្រហ្មទណ្ឌ និងមួយចំនួនត្រូវបានគណៈបញ្ជាការមើលឃើញថាបានបង្កើតភាពអយុត្តិធម៌ដល់គូរភាគី៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
The post ប្រធានតុលាការកំពូលព្រមានមិនយោគយល់មន្ត្រីតុលាការដែលពុករលួយ appeared first on Kampuchea Thmey Daily.