២០២៤ កម្ពុជា មានរោងចក្រសហគ្រាសជាង ៤ ម៉ឺន ៤ ពាន់ កើនឡើងជិត ៤ ពាន់រោងចក្រ
កម្ពុជា មានរោងចក្រសហគ្រាសជាង ៤ ម៉ឺន ៤ ពាន់ កើនឡើងជិត ៤ ពាន់រោងចក្រ... The post ២០២៤ កម្ពុជា មានរោងចក្រសហគ្រាសជាង ៤ ម៉ឺន ៤ ពាន់ កើនឡើងជិត ៤ ពាន់រោងចក្រ appeared first on Kampuchea Thmey Daily.
ឆ្នាំ ២០២៤ កម្ពុជា មានរោងចក្រសហគ្រាសជាង ៤ ម៉ឺន ៤ ពាន់ មានកម្មករ-និយោជិត ជិត ២ លាននាក់ មានការកើនឡើងជិត ៤ ពាន់រោងចក្រ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៣ ដែលមានត្រឹមជាង ៤ ម៉ឺនប៉ុណ្ណោះ ដែលបានចូលរួមលើកស្ទួយសង្គម និងសេដ្ឋកិច្ចជាតិ ឱ្យកាន់តែរីកចម្រើន។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ៣០ មករា នេះថា ឆ្នាំ ២០២៤ កម្ពុជា មានរោងចក្រសហគ្រាសចំនួន ៤៤ ៧៩៨ មានកម្មករ-និយោជិតចំនួន ១ ៨១៦ ០៤៦ នាក់ ស្រី ១ ០៦៤ ៦៨១ នាក់ ក្នុងនោះ រោងចក្រកាត់ដេរមានចំនួន ១ ៥៦៦ មានកម្មករ-និយោជិត ចំនួន ៩២៤ ០៤៥ នាក់ ស្រី ៦៩១ ៤២៣ នាក់។
លោកបានបន្តថា តួលេខនេះ បើធៀបទៅនឹងឆ្នាំ ២០២៣ ឃើញថា មានការកើនឡើង ខណៈឆ្នាំ ២០២៣ មានរោងចក្រសហគ្រាសចំនួន ៤០ ៩៧៥ រោងចក្រ មានកម្មករចំនួន ១ ៧១៥ ០២៩ នាក់ ស្រី ១០៣ ៩៦៩៩ នាក់ ក្នុងនោះ រោងចក្រកាត់ដេរ មាន ១ ៤៩៩ មានកម្មករ-និយោជិត ចំនួន ៨៨៦ ៣៥៥ នាក់ ស្រី ៦៧៣ ៧៣៦ នាក់។
លោកបានបន្តទៀតថា ចំនួនរោងចក្រសហគ្រាសកើនឡើងនេះ នឹងផ្តល់ឱកាសការងារកាន់តែច្រើនដល់កម្មករ-និយោជិតទទួលបានប្រាក់ចំណូល ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ និងក្រុមគ្រួសារ ដែលទាំងនេះជាការរួមចំណែកទ្រទង់សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រក្រី។
លោក កត្តា អ៊ន បានលើកទឹកចិត្តដល់កម្មករ-និយោជិតខិតខំធ្វើការងារគោរពច្បាប់ការងារ សម្រេចឱ្យបានសហគ្រាសមួយ សហគមន៍សុខសាន្តមួយ ដើម្បីលើកកម្ពស់ជីវភាព ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ និងសុខដុមរមនាសង្គម និងបានជំរុញឱ្យកម្មករ-កម្មការិនីត្រូវអភិវឌ្ឍន៍ចំណេះដឹងបន្ថែម ពិសេសចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលដោយឥតគិតថ្លៃ ដើម្បីទទួលបាននូវចំណេះជំនាញថ្មីៗ សំដៅធ្វើយ៉ាងណាក្លាយជាកម្មករ-និយោជិតដែលមានជំនាញវិជ្ជាជីវៈពិតប្រាកដ ខណៈគិតត្រឹមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ មានយុវជនមកពីគ្រួសារក្រីក្រងាយរងហានិភ័យ និងយុវជនទូទៅ ក្នុងនោះ មានកម្មករ-និយោជិតដែលបានចុះឈ្មោះចូលរៀនសរុបចំនួន ៨៣ ៧៣៩ នាក់ ស្រី ៣៣ ០១៧ នាក់។ សិស្សកំពុងរៀនចំនួន ២៨ ០៩០ នាក់ ស្រី ១២ ០០១ នាក់ និងសិស្សបានបញ្ចប់ការសិក្សាសរុបចំនួន ១៧ ១៨០ នាក់ ស្រី ៦ ០៩៩ នាក់ ក្នុងនោះ ក្រុមគោលដៅចំនួន ៧ ៨៦៦ នាក់ និងសិស្សទទួលបានការងារធ្វើសរុបចំនួន ៩ ៧១១ នាក់ ស្រី ៣ ៥០៥ នាក់៕
អត្ថបទ ៖ សំអឿន
The post ២០២៤ កម្ពុជា មានរោងចក្រសហគ្រាសជាង ៤ ម៉ឺន ៤ ពាន់ កើនឡើងជិត ៤ ពាន់រោងចក្រ appeared first on Kampuchea Thmey Daily.