ព្រឹត្តិការណ៍ប្លែកៗទាំង ៥ កំពុងបង្កការភ្ញាក់ផ្អើលក្នុងប្រទេសចិន

ជាក់ស្ដែង នៅក្នុងប្រទេសចិនត្រឹមរយៈពេលប្រាំពីរថ្ងៃកន្លងមក នេះ មានព័ត៌មានប្លែកៗជាច្រើនបាន... The post ព្រឹត្តិការណ៍ប្លែកៗទាំង ៥ កំពុងបង្កការភ្ញាក់ផ្អើលក្នុងប្រទេសចិន appeared first on Kampuchea Thmey Daily.

ព្រឹត្តិការណ៍ប្លែកៗទាំង ៥ កំពុងបង្កការភ្ញាក់ផ្អើលក្នុងប្រទេសចិន

នៅលើពិភពលោក តែងតែមានរឿងរ៉ាវប្លែកៗជាច្រើនបានកើតឡើងជារៀងរាល់ថ្ងៃ ដោយរឿងខ្លះកើតឡើងពីធម្មជាតិ ចំណែក​ខ្លះទៀត​អាចកើតពីមនុស្សជាអ្នកបង្ក​ឡើងមក។ ជាក់ស្ដែង នៅក្នុងប្រទេសចិនត្រឹមរយៈពេលប្រាំពីរថ្ងៃកន្លងមកនេះ មានព័ត៌មានប្លែកៗជាច្រើនបាននិងកំពុងកើតឡើង ហើយបានក្លាយជាព្រឹត្តិការណ៍ពេញនិយមដែលមនុស្សជាច្រើនតាមដាន និងភ្ញាក់ផ្អើលជាខ្លាំង។

១. ស្វាមីច្រៀងរាំឲ្យប្រពន្ធស្ដាប់រាល់ថ្ងៃ ទីបំផុតនាងដឹងខ្លួនវិញ

បុរសជនជាតិចិនម្នាក់មើលថែរក្សាប្រពន្ធរបស់គាត់ដែលកើតជំងឺមហារីក ហើយគាត់បានចំណាយប្រាក់ចំនួនពីរ​លានយន់​ (២៨ម៉ឺនដុល្លារអាមេរិក) លើការព្យាបាលនាង ខណៈពេលដែលគាត់តស៊ូតែម្នាក់ឯងមើលថែកូនស្រីដែលទើបចេះដើរតេះតះ។ រឿងរ៉ាវរបស់លោក បានផ្លាស់ប្តូរមនុស្សរាប់លាននៅលើអ៊ីនធឺណិតនិងលើកទឹកចិត្តមនុស្សរាប់លាននាក់តាមអ៊ីនធឺណិត ដោយបង្ហាញអំពីគូស្វាមីភរិយាជំនះទុក្ខលំបាកធ្ងន់ធ្ងរ ដើម្បីបង្កើតគ្រួសារដែលមានសុភមង្គល និងមានសុខភាពល្អជាមួយគ្នា ។

រូបថត៖ SCMP composite/Douyin

២. អ្នកនេសាទជនជាតិចិនម្នាក់ចង​ព្យួរត្រីដ៏ធំខាងក្រៅរថយន្ត​ ពេលកំពុងបើកបរ

បុរស​ម្នាក់​នៅ​ភាគ​និរតី​នៃ​ប្រទេស​ចិន ​ត្រូវ​គេថតបាន ដោយ​គាត់ចងត្រីជាប់​នឹង​រថយន្ត​របស់​គាត់​ ដែល​ធ្វើ​ឲ្យអ្នក​ប្រើ​អ៊ីនធឺណិត​ដីគោក​មានការភ្ញាក់ផ្អើលជាខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ ប៉ូលិសចរាចរណ៍នៅទីក្រុង Guigang ដែលជាទីក្រុងមួយក្នុងតំបន់ស្វយ័ត Guangxi Zhuang បាននិយាយថា ពួកគេនឹងដាក់ទោសគាត់ចំពោះអាកប្បកិរិយាអាក្រក់របស់គាត់ ។

​សារ​ព័ត៌មានបាន​ចុះ​ផ្សាយថា ច្បាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ប្រទេសចិន ចែងថា អ្នកបើកបរមិនត្រូវព្យួរវត្ថុវែងជាង ០.៥ ម៉ែត្រនៅខាងក្រៅយានជំនិះរបស់ពួកគេ ដើម្បីសុវត្ថិភាព។

រូបថត៖ SCMP composite/Douyin

៣. កំហឹងជាសាធារណៈ នៅពេលដែលស្ត្រីចិនម្នាក់ បានស្លាប់ពេលកំពុងដកប្រាក់នៅធនាគារ

ធនាគារមួយក្នុងប្រទេសចិន កំពុងស្ថិតក្រោមការត្រួតពិនិត្យបន្ទាប់ពីការស្លាប់របស់ស្ត្រីចំណាស់ម្នាក់ ដែលមានជំងឺ​ទឹក​នោម​ផ្អែម​ធ្ងន់ធ្ងរជា​ច្រើន​ឆ្នាំ ត្រូវបង្ខំចិត្តមកដកប្រាក់ដោយផ្ទាល់ ដោយសារតែខាងធនាគារមិនអនុញ្ញាតឲ្យកូនរបស់គាត់់មកជំនួស។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៤ ឧសភា នៅ​សាខា​ធនាគារ​កសិកម្ម​នៃ​ប្រទេស​ចិន ក្នុង​ទីក្រុង Zhuzhou ខេត្ត Hunan ។ អតិថិជនដែលឈឺត្រូវបានកូនស្រី និងកូនប្រសារនាំយកមកដើម្បីដកប្រាក់ចំនួន ៥ម៉ឺនយន់ (៧ពាន់ ដុល្លារអាមេរិក) ដើម្បីចំណាយលើថ្លៃព្យាបាលរបស់គាត់។

រូបថត៖ SCMP composite/Douyin

៤.បុរសជនជាតិចិន ខ្វាក់ភ្នែកដោយសារស្នេហា ចំណាយប្រាក់ចំនួន ៤.៥លានដុល្លារលើគូស្នេហ៍

បុរសម្នាក់នៅភាគនិរតីនៃប្រទេសចិន ដែលត្រូវបានចោទប្រកាន់ពីបទឆបោកជនរងគ្រោះជាច្រើននាក់នូវចំនួនទឹកប្រាក់ ៣២.៧ លានយន់​ (៤.៥ លានដុល្លារអាមេរិក) ដើម្បីផ្តល់មូលនិធិដល់ការរស់នៅដ៏ថ្លៃថ្នូរបស់មិត្តស្រីរបស់គាត់ ប៉ុន្តែបែរបានរស់នៅដោយសន្សំសំចៃជាមួយឪពុកម្តាយរបស់ខ្លួនទៅវិញ។

រឿងរ៉ាវរបស់​បុរសចិនរូបនេះ បានធ្វើ​ឲ្យមានការពិភាក្សាយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដីគោក ដោយម្នាក់ៗ​បានចោទប្រកានគាត់ថា ខ្វាក់ភ្នែកដោយសារស្នេហា មិនគិតអំពីឪពុកម្ដាយ តែបែរធ្វើដើម្បីមិត្តស្រីទៅវិញ។

រូបថត៖ SCMP composite/Douyin

៥. ស្ត្រីជនជាតិចិនស្រាប់តែពុកឆ្អឹង ដោយសារមិនធ្លាប់ត្រូវពន្លឺព្រះអាទិត្យ

ស្ត្រីជនជាតិចិនម្នាក់ដែលខ្លាចខ្មៅ​ស្បែក​ មិនធ្លាប់ពាក់អាវដៃខ្លី ឬត្រូវពន្លឺព្រះអាទិត្យពេលចេញក្រៅ​នោះ​ទេ​​ បានបាក់ឆ្អឹងដោយគ្រាន់តែដេកលើគ្រែ។ ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​លើ​បណ្ដាញ​សង្គម​ចិន។

ករណីនេះបានកើតឡើងនៅថ្ងៃទី ១៤ ខែឧសភា នៅពេលដែលស្ត្រីវ័យ៤៨ឆ្នាំម្នាក់ បានជួបប្រទះការបាក់ឆ្អឹងពីការគ្រាន់តែដេករមៀលលើគ្រែ ដែលនោះគឺជាផលវិបាកនៃការគេចពីពន្លឺព្រះអាទិត្យយូរ និងហួសហេតុពេក។ ស្ត្រីរូបនេះបានគេចពីពន្លឺព្រះអាទិត្យតាំងពីកុមារភាព ហើយកម្រពាក់អាវដៃខ្លីពេលចេញក្រៅ និងតែងតែលាបឡេការពារកម្តៅថ្ងៃជាញឹកញាប់។

យ៉ាងណា ក្រុមគ្រូពេទ្យបានបញ្ចាក់ឲ្យដឹងថា កម្រិតវីតាមីន D របស់នាងមានកម្រិតទាបខ្លាំង ដែលបានបង្កើនល្បឿននៃការស្រូបយកឆ្អឹង និងនាំឲ្យមានជំងឺពុកឆ្អឹងធ្ងន់ធ្ងរ។

ដោយសារពន្លឺព្រះអាទិត្យដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យរាងកាយសំយោគវីតាមីន D ដែលចាំបាច់សម្រាប់សុខភាពឆ្អឹង និងជំនួយក្នុងការស្រូបយកជាតិកាល់ស្យូម – ការចៀសវាងពន្លឺព្រះអាទិត្យរយៈពេលយូរ អាចបណ្តាលឲ្យមានបញ្ហាសុខភាពជាច្រើន រួមទាំងឆ្អឹងចុះខ្សោយ និងការថយចុះភាពស៊ាំ៕

រូបថត៖ SCMP composite/Douyin

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ត្រឹម​កន្លះ​ម៉ោង Huang Zitao ​រក​ប្រាក់​បាន​៣​លាន​ដុល្លារ ​ពីការលក់សំឡីអនាម័យ

The post ព្រឹត្តិការណ៍ប្លែកៗទាំង ៥ កំពុងបង្កការភ្ញាក់ផ្អើលក្នុងប្រទេសចិន appeared first on Kampuchea Thmey Daily.