ប្រធាន ICRC៖ តំបន់ហ្គាហ្សា អាក្រក់ជាង «នរកនៅលើដី» ទៅទៀត

ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ BBC ដែលចេញផ្សាយនៅថ្ងៃពុធទី៤ខែមិថុនាឆ្នាំ២០២៥ ប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) លោកស្រី... The post ប្រធាន ICRC៖ តំបន់ហ្គាហ្សា អាក្រក់ជាង «នរកនៅលើដី» ទៅទៀត appeared first on Kampuchea Thmey Daily.

ប្រធាន ICRC៖ តំបន់ហ្គាហ្សា អាក្រក់ជាង «នរកនៅលើដី» ទៅទៀត

ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ BBC ដែលចេញផ្សាយនៅថ្ងៃពុធទី៤ខែមិថុនាឆ្នាំ២០២៥ ប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) លោកស្រី Mirjana Spoljarić និយាយថា ពេលនេះ តំបន់ហ្គាហ្សា អាក្រក់ជាង «នរកនៅលើដី» ទៅទៀត។

ប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ លោកស្រី Mirjana Spoljarić (រូបថត៖ Reuters)

លោកស្រីនិយាយថា មនុស្សជាតិកំពុងបរាជ័យ! ប្រទេសទាំងឡាយមិនព្រមធ្វើឲ្យអស់ពីសមត្ថភាពដើម្បីពន្លត់ភ្លើងសង្រ្គាម បញ្ចប់ការឈឺចាប់របស់ពលរដ្ឋប៉ាឡេស្ទីន និងដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលនោះទេ។ សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស ត្រូវបានគេយកចេញពីពលរដ្ឋប៉ាឡេស្ទីនអស់ហើយ រីឯច្បាប់​មនុស្សធម៌​អន្តរជាតិ ក៏គេ​កំពុង​បិទបាំង​ដែរ។ ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ហ្គាហ្សា ​គឺ​លើស​ពី​ស្តង់ដារ​ច្បាប់ សីលធម៌ និង​មនុស្សធម៌​ដែល​អាច​ទទួល​យក​បាន។

ការអត្ថាធិប្បាយរបស់លោកស្រីកើតឡើង បន្ទាប់ពីអ៊ីស្រាអែលបន្តបាញ់សម្លាប់ពលរដ្ឋប៉ាឡេស្ទីន ជាពិសេសការវាយប្រហារសម្លាប់មនុស្សដែលរង់ចាំយកជំនួយក្នុងតំបន់ហ្គាហ្សា ជាបន្តបន្ទាប់។

ពលរដ្ឋប៉ាឡេស្ទីន (រូបថត៖ Reuters)

កាលពីថ្ងៃអង្គារទី៣ខែមិថុនា ក្រុមហាម៉ាសអះអាងថា កងទ័ពអ៊ីស្រាអែល បានបើកការបាញ់ប្រហារថ្មីទៀតលើពលរដ្ឋប៉ាឡេស្ទីន ដែលកំពុងរង់ចាំយកជំនួយនៅតំបន់ហ្គាហ្សា ដោយបណ្តាលឲ្យមានមនុស្សស្លាប់២៧នាក់ និង៩០នាក់ទៀតរងរបួស។

នោះគឺជាសោកនាដកម្មថ្មីទៀតដែលកើតលើពលរដ្ឋប៉ាឡេស្ទីនខណៈរង់ចាំយកជំនួយ បន្ទាប់ពីកាល​ពី​ថ្ងៃ​អាទិត្យ​ ក្រសួងសុខាភិបាលដែល​គ្រប់គ្រង​ដោយ​ក្រុមហាម៉ាស ក៏រាយការណ៍ដែរ មនុស្ស៣១​នាក់ ​ត្រូវបានសម្លាប់និងជាង១៧០​នាក់ទៀត រងរបួសនៅជិតកន្លែងចែកចាយ​ស្បៀង​ក្នុង​ទីក្រុង​ Rafah នេះ។

សូមជម្រាបជាថ្មី យុទ្ធនាការរបស់អ៊ីស្រាអែលនៅហ្គាហ្សា គឺជាការសងសឹក បន្ទាប់ពីក្រុមសកម្មប្រយុទ្ធឥស្លាមហាម៉ាស បើកការវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ សម្លាប់មនុស្សប្រហែល ១ ២០០នាក់។ 

ក្នុងប្រតិបត្តិការសងសឹកនោះ អ៊ីស្រាអែល បានសម្លាប់មនុស្សជាង ៥៣ ០០០នាក់ ភាគច្រើនជាជនស៊ីវិល, បំផ្លិចបំផ្លាញតំបន់ហ្គាហ្សា និងបង្ខំមនុស្សជិតពីរលាននាក់ រត់ចោលផ្ទះសម្បែង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទាហាន​អ៊ីស្រាអែល​ជាង ១​ម៉ឺន​នាក់ ស្លាប់​និង​របួស​នៅ​ក្នុង​តំបន់​ហ្គាហ្សា

The post ប្រធាន ICRC៖ តំបន់ហ្គាហ្សា អាក្រក់ជាង «នរកនៅលើដី» ទៅទៀត appeared first on Kampuchea Thmey Daily.