កម្ពុជាអាចទូរទាត់ប្រាក់រៀលឆ្លងដែន ជាមួយប្រទេសចំនួន ៤

លើសពីនេះ វាជាការសម្រួលដល់សាធារណៈជន ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការទូទាត់ទំនិញ... The post កម្ពុជាអាចទូរទាត់ប្រាក់រៀលឆ្លងដែន ជាមួយប្រទេសចំនួន ៤ appeared first on Kampuchea Thmey Daily.

កម្ពុជាអាចទូរទាត់ប្រាក់រៀលឆ្លងដែន ជាមួយប្រទេសចំនួន ៤

លោក យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា គិតមកដល់ពេលនេះ កម្ពុជាអាចធ្វើការទូទាត់ប្រាក់ឆ្លងដែនជាមួយប្រទេស ថៃ វៀតណាម ឡាវ និងម៉ាឡេស៊ី តាមរយៈការស្កេន QR Code ជាប្រាក់រៀល ដោយមិនចាំបាច់ដូរទៅជាដុល្លារនោះទេ។

លោក យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានលើកឡើងនៅក្នុងពិធី ផ្សព្វផ្សាយប្រាក់រៀលប្រព័ន្ធបាគង និងប្រព័ន្ធ​ខេអេចឃ្យូអរ (KHQR) ក្នុងឱកាសអបអរសាទរខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ នៅខេត្តក្រចេះនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥។

លោក យឹម លាត មានប្រសាសន៍ថា ការបោះផ្សាយក្រដាសប្រាក់ដែលមានតម្លៃចារឹកខុសគ្នា ក្នុងទំហំខុសគ្នា ដើម្បីផ្តល់ភាពងាយស្រួលក្នុងការបែងចែកប្រភេទក្រដាសប្រាក់ ផ្តល់ភាពងាយស្រួលក្នុងការចំណាំ និងបញ្ចៀសការភាន់ច្រឡំពេលចាយវាយ។

លោក លោក យឹម លាត បន្តថា ការចេញផ្សាយក្រដាសប្រាក់ប្រភេទថ្មី ធ្វើឡើងស្របតាមស្ថានភាពតម្រូវ​ការ និងការពង្រឹងសុវត្ថិភាព។ ការបោះផ្សាយក្រដាសប្រាក់ថ្មីធ្វើឡើងដោយផ្អែកលើការរីកចម្រើននៃទំហំសេដ្ឋកិច្ច ឬដើម្បីប្តូរជំនួសក្រដាសប្រាក់ចាស់ ទក់ និងរហែកនៅលើទីផ្សារ ដែលត្រូវប្រមូលយកទៅកំទេចចោលដោយមិនបញ្ចេញឱ្យចរា​ចរ​វិញនោះទេ។

តាមរយៈការប្តូរក្រដាសថ្មីនេះ ក៏ដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់ប្រាក់រៀលក្នុងការទូទាត់ និងការរក្សាទុកប្រាក់រៀលសម្រាប់សន្សំ ជាដើម។

លោក លោក យឹម លាត បានបន្ថែមថា ប្រព័ន្ធបាគង អាចឱ្យអ្នកប្រើប្រាស់ធ្វើប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិក ដូច​ជា៖ ការទូទាត់ ផ្ទេរប្រាក់ ដាក់ប្រាក់ និងដកប្រាក់ទាំងក្នុងស្រុក និងជាមួយបណ្តាប្រទេសក្នុងតំបន់បានយ៉ាងឆាប់រហ័ស និងមាន ភាពងាយស្រួល កាត់បន្ថយចំណាយថ្លៃប្រតិបត្តិការ និងមានសុវត្ថិភាពខ្ពស់។

លើសពីនេះ ការដាក់ ឱ្យប្រើប្រាស់ស្តង់ដា KHQR កាលពីខែកក្កដា ឆ្នាំ២០២២ បានសម្រួលដល់ការស្កេនទូទាត់ឆ្លង គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានយ៉ាងពិលាស ព្រមទាំងបានពង្រឹងការតភ្ជាប់ការទូទាត់ឆ្លងដែន នៅក្នុងតំបន់ផងដែរ។

លោក លោក យឹម លាតបញ្ជាក់ថា៖ «បច្ចុប្បន្ន យើងអាចធ្វើការទូទាត់ប្រាក់ឆ្លងដែនជាមួយ ប្រទេស ថៃ វៀតណាម ឡាវ និងម៉ាឡេស៊ី តាមរយៈការស្កេន QR Code ជាប្រាក់រៀលតែម្តង ដោយមិនចាំបាច់ដូរទៅ ជាដុល្លារអាមេរិកសិននោះទេ»។

ធនាគាជាតិនៃកម្ពុជានៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥ បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពីប្រាក់រៀល និងប្រព័ន្ធបាគង នៅខេត្តក្រចេះ ក្នុងគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយព័ត៌មានទៅកាន់សាធារណៈជនឱ្យមានការយល់ដឹងបន្ថែមពីអត្ថប្រយោជន៍ នៃប្រើប្រាស់ប្រាក់រៀលនៅលើប្រព័ន្ធបាគងដែលមានស្រាប់នៅស្រុក និងបន្តចលនាប្រើប្រាស់ប្រាក់រៀលក្នុងការទូទាត់នៅលើប្រព័ន្ធឌីជីថល។

លើសពីនេះ វាជាការសម្រួលដល់សាធារណៈជន ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការទូទាត់ទំនិញ និង​ប្រើប្រាស់ប្រាក់រៀលជាតិឱ្យបានកាន់តែច្រើនបន្ថែមទៀត តាមរយៈកម្មវិធីខាងលើនេះ៕

អត្ថបទ៖ ប្រុញ វិធិន

The post កម្ពុជាអាចទូរទាត់ប្រាក់រៀលឆ្លងដែន ជាមួយប្រទេសចំនួន ៤ appeared first on Kampuchea Thmey Daily.