សម្ដេចធិបតី ឱ្យក្រសួងធម្មការគ្រប់គ្រង អ្នកអួតខ្លួនថាមានបារមី និងយកសាសសនាឆបោកលុយ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យក្រសួងធម្មការ និងសាសនា គ្រប់គ្រងក្រុមដែលអួតថាខ្លួនមានបារមី និងយកសាសនា ឆបោកលុយអ្នកដទៃ ដែលជាទង្វើខុសច្បាប់រដ្ឋ The post សម្ដេចធិបតី ឱ្យក្រសួងធម្មការគ្រប់គ្រង អ្នកអួតខ្លួនថាមានបារមី និងយកសាសសនាឆបោកលុយ appeared first on Kampuchea Thmey Daily.

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យក្រសួងធម្មការ និងសាសនា គ្រប់គ្រងក្រុមដែលអួតថាខ្លួនមានបារមី និងយកសាសនា ឆបោកលុយអ្នកដទៃ ដែលជាទង្វើខុសច្បាប់រដ្ឋ ហើយបើផ្សព្វផ្សាយលើបណ្ដាញសង្គម គឺបង្កឱ្យមានបញ្ហាច្របូលច្របល់លើបណ្ដាញសង្គម។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដូច្នេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៣ ខែឧសភា នេះ។

សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណរដ្ឋមន្ត្រី ចេញដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្រង់សម្ដីសម្ដេចធិបតី ផ្សាយដូច្នេះ៖«សម្តេចធិបតី បានណែនាំឱ្យក្រសួងធម្មការ និងសាសនា គ្រប់គ្រងអ្នកដែលអះអាងថា មានបារមី ហើយ ដែលហាក់មាននិន្នាការកើនឡើងកាន់តែច្រើន។ សម្តេច បានបញ្ជាក់ថា ជំនឿសាសនា គឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ដែលមិនខុសច្បាប់នោះទេ ប៉ុន្តែក្នុងករណីដែលមានអ្នកយកសាសនាដើម្បីធ្វើអាជីវកម្ម ឬឆបោក គឺជាបទល្មើស។ អ្វីដែលសំខាន់ គឺមិនអនុញ្ញាតឱ្យពួកគេធ្វើសកម្មភាពដោយបង្ហោះតាមប្រព័ន្ធបណ្តាញសង្គមនោះឡើយ ពីព្រោះ វាបង្កឱ្យមានភាពច្របូកច្របល់ក្នុងសង្គម។ »។
ការណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងបន្ទាប់ពីពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមផ្សព្វផ្សាយសកម្មភាពស្រ្តីម្នាក់ ប្រោសព្រំទៅលើកងទ័ពដែលឈរជើងនៅតំបន់ប្រាសាទតាមាន់។ ស្ត្រីម្នាក់នេះ កន្លងទៅ ធ្លាប់សម្ដែងធ្វើជាតួអង្គព្រះនាងឥន្ទ្រទេវី ធ្វើសកម្មភាពផ្ទុយនឹងប្រវត្តិសាស្ត្រ ហើយក៏ធ្លាប់ត្រូវបានក្រសួងស្ថាប័នជំនាញហៅមកធ្វើកិច្ចសន្យាពាក់ព័ន្ធម្ដងរួចមកហើយ។

ក្រៅពីនេះ ការណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើង បន្ទាប់ពីនៅលើបណ្ដាញសង្គមផ្ទុះថា តារាចម្រៀង មាស សុខសុភា ចាញ់បោកតាបសម្នាក់នៅភ្នំត្បែង ខេត្តព្រះវិហារ អស់ទឹកប្រាប់រាប់សិបម៉ឺនដុល្លារសហរដ្ឋអាមេរិក។
ជុំវិញបញ្ហាគ្រូបារមី អ្នកជំនាញផ្នែកទស្សនវិជ្ជា លោកបណ្ឌិត ឈត ប៊ុនថង យល់ថា ប្រសិនជាជំនឿទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សារធារណៈ ស្ថាប័នពាក់ព័ន្ធគួរមានវិធានការដោះស្រាយ ដើម្បីបញ្ជាក់ឱ្យច្បាស់ថា តើជាសិទ្ធិសេរីភាពក្នុងការជឿ ឬក៏ជាការបោកប្រាស់រំលោភលើការទុកចិត្ត។
កន្លងមក លោក សួន សេរីរដ្ឋា ប្រធានវេទិកាសន្តិភាពកម្ពុជា ជំរុញស្ថាប័នមានសមត្ថកិច្ច គ្រប់គ្រងឱ្យបានត្រឹមត្រូវលើរឿងជំនឿលើបារមី អ្នកត្រាស់ដឹង និងគ្រូហុងស៊ុយ ដើម្បីកុំឱ្យប្រជាពលរដ្ឋចាញ់បោកអស់លុយកាក់ទៅលើរឿងទាំងអស់នេះ៕
The post សម្ដេចធិបតី ឱ្យក្រសួងធម្មការគ្រប់គ្រង អ្នកអួតខ្លួនថាមានបារមី និងយកសាសសនាឆបោកលុយ appeared first on Kampuchea Thmey Daily.