អង្គសមាជរដ្ឋសភាព្រឹទ្ធសភាគាំទ្រឱ្យប្ដឹងថៃទៅតុលាការអន្តរជាតិ
អង្គសមាជរដ្ឋសភា ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី០២ ខែមិថុនានេះគាំទ្រឱ្យរដ្ឋាភិបាលកម្ពុជានាំយកបញ្ហាព្រំដែនកម្ពុជាដែលមានទំនាស់ជាមួយថៃនៅតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាក្របី ប្រាសាទតាមាន់ធំប្ដឹងទៅតុលាការអន្តរជាតិទីក្រុងឡាអេ ប្រទេសហូឡង់។ The post អង្គសមាជរដ្ឋសភាព្រឹទ្ធសភាគាំទ្រឱ្យប្ដឹងថៃទៅតុលាការអន្តរជាតិ appeared first on Kampuchea Thmey Daily.

អង្គសមាជរដ្ឋសភា ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី០២ ខែមិថុនានេះគាំទ្រឱ្យរដ្ឋាភិបាលកម្ពុជានាំយកបញ្ហាព្រំដែនកម្ពុជាដែលមានទំនាស់ជាមួយថៃនៅតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាក្របី ប្រាសាទតាមាន់ធំប្ដឹងទៅតុលាការអន្តរជាតិទីក្រុងឡាអេ ប្រទេសហូឡង់។

សមាជិកទាំងមូលនៃអង្គសមាជរដ្ឋសភា ព្រឹទ្ធសភា ចំនួន១៨២រូបបានបោះឆ្នោតលើកដៃគាំទ្រឱ្យមានការចេញសេចក្ដីថ្លែងការណ៍របស់អង្គសមាជនេះតាមរយៈការការអំពាវនាវរបស់ប្រធានអង្គសមាជ សម្ដេចតេជោ ហ៊ុន សែន។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងសមាជរដ្ឋសភា ព្រឹទ្ធសភានេះ ថា៖ «ដើម្បីឱ្យប្រជាជនអស់ចិត្ត និងរដ្ឋាភិបាលក៏ស្រុះស្រួលយើងយកបញ្ហានេះទៅឱ្យកាត់ក្ដីតែម្ដងហើយកម្ពុជាសន្យាគោរពទៅនឹងការសម្រេចចិត្តរបស់តុលាការ»។

សម្ដេចតេជោបានបញ្ជាក់ការការបបួលថៃទៅតុលាការអន្តរជាតិគឺជាការទុកមុខមាត់ឱ្យ តែបើសិនជាមានការគេចវេសប្រាកដជាមានអាថ៌កំបាំងនៅខាងក្រោយ។
ក្នុងពេលឡើងថ្លែងការណ៍ក្នុងអង្គសមាជព្រឹកនេះនាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នុងអង្គប្រជុំនេះផងដែរថាបើទោះបីថៃមិនព្រមក្នុងការយកករណីនេះទៅតុលាការអន្តរជាតិក៏កម្ពុជានឹងប្ដឹងទៅដែរ។ ការធ្វើបែបនេះគឺដើម្បីបញ្ជៀសនូវបញ្ហាប្រឈម និងផ្ទុះអាវុធជាថ្មីទៀត។
សម្ដេចធិបតីថា៖ «ខ្ញុំសូមបញ្ជាក់ថាទោះបីជាភាគីថៃមិនឯកភាពជាមួយយើងក្នុងការយកបញ្ហានេះទៅ ICJ ក៏យើងនឹងប្ដឹងទៅ ICJ ដើម្បីបញ្ចប់និងពន្លត់បញ្ហានេះតែម្ដងកុំឱ្យមានបញ្ហាស្រពិចស្រពិលជាពិសេសការធ្លាក់ចូលក្នុងការរុញច្រានដោយក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្នុងប្រទេសថៃនិងកម្ពុជា ដែលអាចឈានដល់ការផ្ទុះអាវុធឬការប្រឈមគ្នា»។

សម្ដេចបញ្ជាក់ថាបើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាដោយសន្ដិវិធីតាមយន្តការបច្ចេកទេស និងមូលដ្ឋានច្បាប់អន្តរជាតិ តែកម្ពុជារក្សាសិទ្ធិក្នុងការការពារទឹកដីតាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធផងដែរប្រសិនជាមានការប៉ុនប៉ងឈ្លានពានកម្ពុជា៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
The post អង្គសមាជរដ្ឋសភាព្រឹទ្ធសភាគាំទ្រឱ្យប្ដឹងថៃទៅតុលាការអន្តរជាតិ appeared first on Kampuchea Thmey Daily.