ក្រសួងការបរទេស ដឹងគុណ និងអរគុណកងទ័ពខ្មែរដែលឈរជើងនៅសមរភូមិយ៉ាងអង់អាចក្លាហានការពារទឹកដី
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្ដែងនូវការដឹងគុណជាទីបំផុត និងអរគុណព្រមទាំងកោតសរសើរចំពោះទឹកចិត្តមោះមុតរបស់វីរយុទ្ធជនដែលកំពុងឈរជើងនៅសមរភូមិតាមព្រំដែន ដើម្បីការពារទឹកដី The post ក្រសួងការបរទេស ដឹងគុណ និងអរគុណកងទ័ពខ្មែរដែលឈរជើងនៅសមរភូមិយ៉ាងអង់អាចក្លាហានការពារទឹកដី appeared first on Kampuchea Thmey Daily.

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅល្ងាចថ្ងៃទី០៧ ខែមិថុនានេះ បានសំដែងនូវការដឹងគុណជាទីបំផុត និងអរគុណព្រមទាំងកោតសរសើរចំពោះទឹកចិត្តមោះមុតរបស់វីរយុទ្ធជនដែលកំពុងឈរជើងនៅសមរភូមិតាមព្រំដែន ដើម្បីការពារទឹកដី។ ក្រសួងការបរទេសកម្ពុជាសម្ដែងការដឹងគុណដល់កងទ័ពដូច្នេះតាមរយៈញត្តិគាំទ្រចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីលើបញ្ហាព្រំដែនជាមួយថៃ។

នៅក្នុងញត្តិ ក្រសួងការបរទេស សរសេរអរគុណនិងសម្ដែងការដឹងគុណកងទ័ពដូច្នេះ÷”យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវអំណរអរគុណ ដឹងគុណយ៉ាងជ្រាលជ្រៅ និងការ កោតសរសើរចំពោះវីរភាពរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី យ៉ាងអង់អាចក្លាហាននៅតាមបណ្តោយព្រំដែន។“។

ជាមួយគ្នានេះ មន្ត្រីដែលស្ថិតនៅក្រោមដំបូលនៃក្រសួងការបរទេសកម្ពុជា ប្តេជ្ញាបន្តខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ចូលរួមក្នុងបុព្វហេតុការពារជាតិ និងសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់រួបរួមគ្នា គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាត់វិធានការស្របច្បាប់នានា ដើម្បីការពារឯករាជ្យ អធិបតេយ្យភាព និង បូរណភាពទឹកដីកម្ពុជាឱ្យខាងតែបាន។

សូមរម្លឹកជាថ្មីថា នៅថ្ងៃទី០២ ខែមិថុនា រដ្ឋាភិបាលកម្ពុជា សម្រេចបញ្ជូនវិវាទព្រំដែនតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី ទៅតុលាការអន្តរជាតិ ICJ នៅទីក្រុងឡាអេ ដើម្បីដោះស្រាយបញ្ហាព្រំដែននេះ ប្រកបទៅដោយយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង។

ជាការកត់សម្គាល់ បន្ទាប់ពីរដ្ឋាភិបាល សម្រេចបញ្ជូនសំណុំរឿងទាំង៤នេះ ទៅតុលាការយុត្តិធម៌អន្តរជាតិ ក្រសួង ស្ថាប័ននានា និងគណបក្សនយោបាយនៅកម្ពុជា បានចេញញាត្តិគាំទ្រជាបន្តបន្ទាប់។ចំពោះក្រសួងការបរទេស គឺគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលក្នុងសម្រេចនាំយកបញ្ហាព្រំដែនទាំង៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ មិនលំអៀង និងយូរអង្វែង ស្របតាមច្បាប់ អន្តរជាតិ ព្រមទាំងការបន្តប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ក្នុងការដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ ដទៃទៀតដោយសន្តិវិធី ក្នុងគោលបំណងរក្សា និងកសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

តាមរយៈញាត្តិដដែលក្រសួងការបរទេសកម្ពុជា ជឿជាក់ថា ការខិតខំប្រឹងប្រែង សេចក្តីក្លាហាន និងជំហរឥតងាករេរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី គឺជាគំរូវីរភាពដ៏ឧត្តុង្គឧត្តមសម្រាប់បណ្តុះស្មារតីស្នេហាជាតិមាតុភូមិ មរតក វប្បធម៌ និងការថែរក្សាទឹកដីសម្រាប់កូនចៅជាច្រើនជំនាន់តទៅមុខទៀត។

ជាមួយគ្នាមន្ត្រីរាជការក្រោមក្រសួងការបរទេស ក៏គាំទ្រទាំងស្រុងនូវប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភាដែលបានផ្តល់អនុសាសន៍ដ៏ថ្លៃថ្លា ស្តីពីការគាំទ្រឱ្យរាជរដ្ឋាភិបាលនាំយកបញ្ហាព្រំដែនទាំងនេះ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) និងចំណាត់ការប្រកបដោយភាពបុរេសកម្ម និងប្រសិទ្ធភាពខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ជាពិសេសភាពចាំបាច់បំផុតនៃការពង្រឹងស្មារតីរួបរួមជាតិជាធ្លុងមួយរបស់ ប្រជាជននៅទូទាំងប្រទេស ដែលជាខឿនការពារជាតិដ៏រឹងមាំបំផុតមិនអាចបំបែកបាន។

សូមរម្លឹកម្ដងទៀតថា កាលពីវេលាព្រឹកព្រហាមថ្ងៃទី២៨ ខែឧសភា កងទ័ពថៃ បានឈ្លានពានដីកម្ពុជា និងលបលួចបាញ់ប្រហារមកលើលេណដ្ឋាន ក្នុងភូមិសាស្ត្រតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជាតាំងពីប្រមាណ៣០មុន បណ្ដាលឱ្យកងទ័ពកម្ពុជា ឈ្មោះ សួន រ៉ោន វ័យ៤៧ឆ្នាំ បាត់បង់ជីវិតភ្លាមៗ។

ឆ្លើយតបទៅនឹងហេតុការណ៍ផ្ទុះអាវុធបង្កឡើងដោយភាគីថៃ, សម្ដេចធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចនៅជប៉ុន បានបញ្ជាឱ្យចល័តទ័ព និងអាវុធធុនធ្ងន់ទៅកាន់ព្រំដែន គឺដើម្បីការពារបូរណភាពទឹកដី។

បច្ចុប្បន្នកងទ័ពកម្ពុជា និងអាវុធធុនធ្ងន់ជាច្រើន គឺបាននឹងកំពុងមានវត្តមាននៅតាមទីតាំងដែលបានត្រៀមទុក ដើម្បីការពារបូណភាពទឹកដីក្នុងករណីដែលកងទ័ពថៃឈ្លានពាន៕

The post ក្រសួងការបរទេស ដឹងគុណ និងអរគុណកងទ័ពខ្មែរដែលឈរជើងនៅសមរភូមិយ៉ាងអង់អាចក្លាហានការពារទឹកដី appeared first on Kampuchea Thmey Daily.