ប្រឈមការកាត់ទោស តារាសេដ្ឋីរ៉េបអាមេរិក Diddy ទុកសក់ស្កូវពេញក្បាល ក្រោយជាប់ឃុំជិត១០ខែ
តារាប្រុសបានបង្ហាញខ្លួនក្នុងរូបរាង ស្គមស្គាំង ជាពិសេសនោះគឺស្កក់ក្បាលប្រែជាស្កូវ មានវ័យចំណាស់... The post ប្រឈមការកាត់ទោស តារាសេដ្ឋីរ៉េបអាមេរិក Diddy ទុកសក់ស្កូវពេញក្បាល ក្រោយជាប់ឃុំជិត១០ខែ appeared first on Kampuchea Thmey Daily.

ការកាត់ក្តីរបស់លោក Sean Diddy Combs ដែលជាអតីតតារារ៉េបនិងជាអ្នកដឹកនាំក្នុងវិស័យកម្សាន្តដ៏ល្បីល្បាញ លើសំណុំរឿង«ផ្លូវភេទ»ដ៏អាម៉ាស និងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្ម បានចាប់ផ្តើមកាលពីថ្ងៃទី១២ ខែឧសភា នៅក្នុងតុលាការសហព័ន្ធ Manhattan ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ តារាប្រុសបានបង្ហាញខ្លួនក្នុងរូបរាង ស្គមស្គាំង ជាពិសេសនោះគឺសក់ក្បាលប្រែជាស្កូវ មានវ័យចំណាស់មើលសឹងមិនស្គាល់។

នៅឯការកាត់ក្តី លើតារាបរទេសរូបនេះ ត្រូវបានគេពិពណ៌នាថា លោកបង្ហាញខ្លួនក្នុងសម្លៀកបំពាក់ធម្មតា និងមានអាកប្បកិរិយាស្ងប់ស្ងាត់ និងនឹងធឹង។ នៅពេលដែលគាត់ឃើញសមាជិកគ្រួសារ រួមទាំងម្តាយបង្កើត និងកូនៗ ភ្លាមៗនោះ ជនត្រូវចោទនេះបានបង្ហាញក្តីបារម្ភនិងការនឹករលឹករបស់ខ្លួន តាមរយៈសកម្មភាពថើបតាមខ្យល់ជាដើម។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺសក់របស់មហាសេដ្ឋីហ៊ីបហប បានប្រែពណ៌សបែកប្រផេះទាំងស្រុង។ នេះធ្វើឲ្យ Diddy មើលទៅចាស់ជាងមុន ខុសពីរូបភាពដ៏មានឥទ្ធិពល ដែលគាត់មានមុនពេលចាប់ខ្លួនក្នុងខែកញ្ញា ឆ្នាំ ២០២៤។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក តារារ៉េបមិនត្រូវបានអនុញ្ញាតឲ្យប្រើថ្នាំជ្រលក់ពណ៌សក់នៅខាងក្នុងមណ្ឌលឃុំខ្លួន Metropolitan ក្នុងទីក្រុង Brooklyn ទីក្រុងញូវយ៉កនោះទេ។ ច្បាប់នេះពន្យល់មួយផ្នែកអំពីរូបរាងថ្មីរបស់ Diddy។ ទោះជាយ៉ាងណា អ្នកជំនាញខ្លះសង្ស័យថា នេះជាឧបាយកលចិត្តសាស្ត្រមួយតែប៉ុណ្ណោះ។
អ្នកជំនាញផ្នែកច្បាប់ Alan Tuerkheimer ប្រាប់ទស្សនាវដ្ដី Us Weekly ថា Diddy មានចេតនាឲ្យសក់របស់គាត់ប្រែទៅជាពណ៌ប្រផេះដើម្បីមានឥទ្ធិពលលើគណៈវិនិច្ឆ័យ។ ពួកគេអាចនឹងមើលឃើញថា ចុងចោទមានវ័យចំណាស់ មានភាពចាស់ទុំជាងមុន និងមិនសូវមានការគំរាមកំហែង ដែលអាចផ្លាស់ប្តូរការគិតរបស់ពួកគេដោយមិនដឹងខ្លួនអំពីលក្ខណៈឧក្រិដ្ឋកម្មរបស់ចុងចោទ។
វាជាវិធីមួយនៃការសោកស្ដាយរបស់ចុងចោទ តែមិនទទួលស្គាល់កំហុសឬការធ្វើខុសណាមួយឡើយ។ លោក Tuerkheimer បានពន្យល់ថា ការវិនិច្ឆ័យជាច្រើនអំពីចុងចោទកើតឡើងដោយមិនដឹងខ្លួន នៅពេលដែលគណៈវិនិច្ឆ័យពិនិត្យមើលរូបរាងទាំងមូលរបស់គាត់នាបច្ចុប្បន្ន។
យ៉ាងណា តារាប្រុសវ័យ៥៥ឆ្នាំរូបនេះ ក៏បានបង្ហាញខ្លួននៅក្នុងការបង្ហាញខ្លួនស្រដៀងគ្នានៅក្នុងតុលាការ កាលពីថ្ងៃទី ៥ ខែឧសភា ក្នុងអំឡុងពេលជ្រើសរើសគណៈវិនិច្ឆ័យសម្រាប់ការកាត់ទោសការជួញដូរផ្លូវភេទ នេះបើយោងតាមទំព័រ Six បានចេញផ្សាយនាពេលកន្លងមក។
នៅថ្ងៃដំបូងនៃការកាត់ទោស រដ្ឋអាជ្ញាបានចោទប្រកាន់ លោក Diddy ពីបទគ្រប់គ្រងសមាគមន៍ឧក្រិដ្ឋកម្មមួយ អស់រយៈពេល ២០ឆ្នាំ។ ជនជាប់ចោទត្រូវគេនិយាយថា បានប្រើកិត្តិនាម និងទ្រព្យសម្បត្តិរបស់គាត់ ដើម្បីទាក់ទាញ និងបង្ខំស្ត្រីឲ្យចូលរួមក្នុងពិធីជប់លៀងផ្លូវភេទអស់ជាច្រើនថ្ងៃ។ ជារឿយៗភាគីទាំងនេះ ត្រូវបានអមដោយគ្រឿងញៀន អំពើហិង្សា និងការថតវីដេអូសម្រាប់ផ្ញើទុកគម្រាមកំហែងជំរិតទារប្រាក់ (blackmail)។
លើសពីនេះ អតីតមិត្តស្រី និងសាក្សីសំខាន់គឺ នាង Cassie Ventura និងស្ត្រីពីរនាក់ផ្សេងទៀតដែលគេស្គាល់ថាជា Jane និង Mia សុទ្ធតែបានអះអាងថា ពួកគេត្រូវបានគេបង្ខំឲ្យចូលរួមក្នុងសកម្មភាពផ្លូវភេទ ហើយត្រូវបានគេរំលោភបំពានទាំងផ្លូវកាយ និងផ្លូវចិត្ត។
ទោះជាយ៉ាងណា បច្ចុប្បន្នតារារ៉េបរូបនេះកំពុងត្រូវបានឃុំខ្លួននៅមណ្ឌលឃុំខ្លួន Metropolitan ក្នុងទីក្រុង Brooklyn ទីក្រុងញូវយ៉ក លើការចោទប្រកាន់ជាច្រើនដែលគាត់ប្រឈម ទោះបីជាគាត់បានបដិសេធការចោទប្រកាន់ទាំងអស់ក៏ដោយ។ ចំណែកឯការកាត់ក្ដីដែលកំពុងតែដំណើរការមួយនេះ ត្រូវបានគេរំពឹងថា នឹងមានរយៈពេលពី៨ ទៅ១០សប្តាហ៍ឯណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកដឹកនាំរឿងចិនល្បីម្នាក់ ទម្លាយជីវិតស្នេហារបស់ តួកុន លី តាវហួ ថា មានអាថ៌កំបាំងខ្លាំង
The post ប្រឈមការកាត់ទោស តារាសេដ្ឋីរ៉េបអាមេរិក Diddy ទុកសក់ស្កូវពេញក្បាល ក្រោយជាប់ឃុំជិត១០ខែ appeared first on Kampuchea Thmey Daily.