​ក្រសួង​​ការបរទេស​រុស្ស៊ី​តវ៉ា​ទៅ​​ស៊ុយអែត ក្រោយ​ស្ថានទូតខ្លួន​​​រងការវាយប្រហារ​ ​

រុស្ស៊ីអះអាង​ពី​ជំហរ​តវ៉ាការ​ទូត​​​ទៅកាន់ប្រទេស​​​ស៊ុយអែតនៅ​ថ្ងៃ​ចន្ទ​នេះ​ ជុំវិញ​ការ​​​​វាយ​ប្រហារ​​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​​លើ​ស្ថានទូត​របស់​ខ្លួន​ប្រចាំទីក្រុង​ស្តុកខុម... The post ​ក្រសួង​​ការបរទេស​រុស្ស៊ី​តវ៉ា​ទៅ​​ស៊ុយអែត ក្រោយ​ស្ថានទូតខ្លួន​​​រងការវាយប្រហារ​ ​ appeared first on Kampuchea Thmey Daily.

​ក្រសួង​​ការបរទេស​រុស្ស៊ី​តវ៉ា​ទៅ​​ស៊ុយអែត ក្រោយ​ស្ថានទូតខ្លួន​​​រងការវាយប្រហារ​ ​

មន្ត្រី​ក្រសួង​ការ​​បរទេសរុស្ស៊ីអះអាង​ពី​ជំហរ​តវ៉ាការ​ទូត​​​ទៅកាន់ប្រទេស​​​ស៊ុយអែតនៅ​ថ្ងៃ​ចន្ទ​នេះ​ ជុំវិញ​ការ​​​​វាយ​ប្រហារ​​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​​កាល​ពីថ្ងៃ​អាទិត្យ​​លើ​ស្ថានទូត​របស់​ខ្លួន​ប្រចាំទីក្រុង​ស្តុកខុម​នៅ​ប្រទេសស៊ុយអែត​ ស្របពេលដែល​មាន​ការ​ប្រឆាំង​រុស្ស៊ី​កាន់តែ​ខ្លាំង​​​​ក្នុង​តំបន់​អឺរ៉ុប​​។​

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova។ TASS

​​ទីភ្នាក់ងារ​ព័ត៌មាន​​​រុស្ស៊ី TASS បាន​រាយ​ការ​ណ៍ថា​ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ថា ប្រទេសរុស្ស៊ីនឹងបញ្ជូន​​កំណត់​ទូត​​តវ៉ាទៅកាន់ប្រទេសស៊ុយអែត បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើស្ថាន​ទូត​រុស្ស៊ី​នៅ​ក្នុងប្រទេសស៊ុយអែត។ ​

លោកស្រី Maria Zakharova និយាយថា៖«​ទីក្រុងស្តុកខុម នឹងទទួលបានកំណត់ត្រានៃការតវ៉ា។ ស៊ុយអែតត្រូវតែទប់ទល់​នឹងភាពជ្រុលនិយមរបស់ខ្លួន គ្រប់គ្រងស្ថានការណ៍ និងគោរពយ៉ាងតឹងរឹងនូវអនុសញ្ញាទីក្រុងវីយែន»​។

ស្ថានទូត​រុស្ស៊ី​​ប្រចាំ​​នៅទីក្រុងស្តុកខុម (Stockholm) ​ត្រូវ​រាយការណ៍​​ថា​ នៅថ្ងៃទី ២៥​ ខែឧសភា ខ្លួន​ត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដែលបានទម្លាក់​​ធុង​​ដែលមានថ្នាំពណ៌​នៅជិតច្រកចូលអគារ ដែល​​​រឿង​នេះ​បាន​បង្ក​ការ​ព្រួយបារម្ភ​ដល់​បញ្ហាអ​សន្តិសុខ​ដែល​កំពុង​មាន​និន្នាការ​កើន​ឡើង​​​​។

​ប្រទេសស៊ុយអែត​បាន​បោះបង់​​​ជំហរ​គោល​នយោ​បាយ​ការបរទេស​​​ស្ថិតនៅជាអព្យាក្រឹត្យ​ មិន​ចូលបក្សសម្ព័ន្ធ​ ដោយ​​​ដាក់​ពាក្យចូល​ជាសមាជិក​របស់​អង្គការ​​ប្រដាប់​អាវុធ​ណាតូកាល​ពីឆ្នាំ​២០២២ ពោល​គឺ​ក្រោយ​ប៉ុន្មានខែ​បន្ទាប់​ពីរុស្ស៊ី​លើក​ទ័ព​​លុកលុយ​ចូលប្រទេសអ៊ុយក្រែន​កាល​ពី​​ខែ​កុម្ភៈឆ្នាំ​២០២២​។ ​

​​ប្រទេស​ស៊ុយអែត​ក៏បាន​ក្លាយ​សមាជិក​​ពេញសិទ្ធិរបស់​អង្គការ​ណាតូ កាល​ខែ​មីនា​ឆ្នាំ​២០២៤ បន្ទាប់​ពី​ការខិតខំប្រឹងប្រែង​ផ្នែក​ការទូត​​​ជាច្រើន​ ជាពិសេស​ត្រូវ​​ដោះស្រាយការ​ជំទាស់​របស់​ប្រទេស​តួកគីដែល​ប្រឆាំង​និង​ចោទ​ប្រកាន់​ស៊ុយអែត​ជុំវិញ​ការ​គាំទ្រ​​​ក្រុម​​តស៊ូ​នៅប្រទេសស៊ីរី​ដែលតួកគី​ចោទ​ថា​ជាភេរវករ​។ ​ប្រទេសហុងគ្រី​ ក៏បាន​ពន្យារ​ពេលយូរ​ជាង​គេ​ក្នុងការ​ផ្តល់សច្ចាប័ន​ឲ្យស៊ុយអែត​ចូលជាសមាជិក​របស់​ណាតូ ដោយសារ​តែ​​សម្ព័ន្ធ​ភាព​ជិត​ស្និទ្ធ​របស់​នាយករដ្ឋមន្ត្រី​ ហុងគ្រី លោក Viktor Orban និង​ប្រធានាធិបតី​ រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន​៕​

ដោយ រ៉ាន់ រើយ​

The post ​ក្រសួង​​ការបរទេស​រុស្ស៊ី​តវ៉ា​ទៅ​​ស៊ុយអែត ក្រោយ​ស្ថានទូតខ្លួន​​​រងការវាយប្រហារ​ ​ appeared first on Kampuchea Thmey Daily.