ការលក់រថយន្តចិននៅឥណ្ឌូណេស៊ីកើនឡើងកប់ពពក ខណៈរថយន្តជប៉ុនធ្លាក់ចុះ
ក្រុមហ៊ុនផលិតរថយន្តចិន បានលក់រថយន្តចំនួន ២០ ៦៧២ គ្រឿង ចន្លោះពីខែមករា ដល់ខែមីនា ពោលគឺកើនឡើងពីត្រឹម ៨ ១៤៨ គ្រឿង The post ការលក់រថយន្តចិននៅឥណ្ឌូណេស៊ីកើនឡើងកប់ពពក ខណៈរថយន្តជប៉ុនធ្លាក់ចុះ appeared first on Kampuchea Thmey Daily.

សមាគមឧស្សាហកម្មរថយន្តឥណ្ឌូណេស៊ី (Gaikindo) បានឱ្យដឹងថា ការលក់រថយន្តរបស់ក្រុមហ៊ុនផលិតចិន បានវាតទីលើចំណែកទីផ្សារឥណ្ឌូណេស៊ីយ៉ាងឆាប់រហ័ស ដោយកើនឡើងប្រមាណ ១៥៣ ភាគរយ នៅត្រីមាសទី ១ ឆ្នាំ ២០២៥ ទោះបីជាទីផ្សារលក់ទាំងមូល ក៏ដូចជាការលក់របស់ក្រុមហ៊ុនជប៉ុន បានធ្លាក់ចុះក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe កាលពីថ្ងៃអាទិត្យ។

ក្រុមហ៊ុនផលិតរថយន្តចិន បានលក់រថយន្តចំនួន ២០ ៦៧២ គ្រឿង ចន្លោះពីខែមករា ដល់ខែមីនា ពោលគឺកើនឡើងពីត្រឹម ៨ ១៤៨ គ្រឿង នៅរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រុមហ៊ុនចិន កាន់កាប់ចំណែកទីផ្សារ ១០ ភាគរយ របស់ឥណ្ឌូណេស៊ី ដោយកើនឡើងពីត្រឹម ៣,៨៣ ភាគរយ នៅឆ្នាំមុន។
ផ្ទុយទៅវិញ ទីផ្សារលក់រថយន្តឥណ្ឌូណេស៊ី បានធ្លាក់ចុះ ៤,៧ ភាគរយ មកត្រឹម ២០៥ ១៦០ គ្រឿង ពី ២១៥ ១៦០ គ្រឿង នៅត្រីមាសទី ១ ឆ្នាំមុន។

ក្រុមហ៊ុនជប៉ុនដូចជា Daihatsu, Honda, Suzuki, Mitsubishi, Isuzu សុទ្ធតែកត់ត្រាពីការធ្លាក់ចុះ។ មានតែ Toyota ប៉ុណ្ណោះ ដែលជាក្រុមហ៊ុនជប៉ុន ដែលបានកត់ត្រាពីកំណើនការលក់រថយន្តនៅឥណ្ឌូណេស៊ី ប្រមាណ ៥ ភាគរយ ដោយនាំមុខគេលើចំណែកទីផ្សារ ៣៣,៦ ភាគរយ។ ចំណែកទីផ្សាររបស់ក្រុមហ៊ុនជប៉ុន បានធ្លាក់ចុះពី ៩១,៧ ភាគរយ នៅត្រីមាសទី ១ ឆ្នាំមុន មកនៅ ៨៥,៦ ភាគរយ នៅត្រីមាសទី ១ ឆ្នាំនេះ។
កំណើននៃការលក់រថយន្តរបស់ចិន បណ្ដាលមកពីកំណើនតម្រូវការនៃរថយន្តអគ្គិសនី ដែលក្រុមហ៊ុនជប៉ុនមិនទាន់ប្រជែងខ្លាំងនៅឡើយនៅលើទីផ្សារ។ អ្នកជំនាញលើកឡើងថា កំណើនដដែលមិនមែនមកពីការរីកមាឌនៃទីផ្សារលក់រថយន្តឥណ្ឌូណេស៊ីនោះទេ ប៉ុន្តែជាការដណ្ដើមចំណែកទីផ្សាររបស់ជប៉ុន៕
The post ការលក់រថយន្តចិននៅឥណ្ឌូណេស៊ីកើនឡើងកប់ពពក ខណៈរថយន្តជប៉ុនធ្លាក់ចុះ appeared first on Kampuchea Thmey Daily.