មកដឹងពី “អ្វីដែលត្រូវធ្វើ និងមិនត្រូវធ្វើ” សម្រាប់អ្នកសារព័ត៌មាន ពេលរាយការណ៍អំពីកុមារ
ចៀសវាងប្រើរូបភាពដែលបង្ហាញកុមារមិនមានសម្លៀកបំពាក់ រូបភាពពេលកុមារមានទុក្ខព្រួយ ឬការបង្ហាញកាយវិការមិនសមរម្យ... The post មកដឹងពី “អ្វីដែលត្រូវធ្វើ និងមិនត្រូវធ្វើ” សម្រាប់អ្នកសារព័ត៌មាន ពេលរាយការណ៍អំពីកុមារ appeared first on Kampuchea Thmey Daily.

អង្គការចំនួន៥ ដែលធ្វើការលើសិទ្ធិកុមារ មានដូចជា អង្គការ ឃែរកម្ពុជា អង្គការភ្លែនអន្តរជាតិកម្ពុជា អង្គការ Save the Children ប្រចាំកម្ពុជា យូនីសេហ្វប្រចាំកម្ពុជា និងអង្គការទស្សនៈពិភពលោក អន្តរជាតិប្រចាំនៅកម្ពុជា បានរៀបចំគោលការណ៍ណែនាំស្តីពី ការរក្សាសុវត្ថិភាពកុមារ និងមនុស្សពេញវ័យ សម្រាប់អ្នកសារព័ត៌មាន ពី “អ្វីដែលត្រូវធ្វើ និងមិនត្រូវធ្វើ” ពេលរាយការណ៍ព័ត៌មានពីកុមារ។

តើអ្នកសារព័ត៌មាន ត្រូវយល់ដឹងបែបណាខ្លះ ពី “អ្វីដែលត្រូវធ្វើ និងមិនត្រូវធ្វើ” នៅពេលដែលធ្វើសេចក្តីរាយករណ៍ ឬព័ត៌មានពីកុមារ ដើម្បីឱ្យពួកគេទទួលបានសុវត្ថិភាព និងប្រកបដោយវិជ្ជាជីវៈ?
បើតាមរបាយការណ៍ “អ្វីដែលត្រូវធ្វើ” មាន១០ចំណុច មានដូចជា៖
១.ការការពារអត្តសញ្ញាណ៖ ពេលបង្ហាញអត្តសញ្ញាណរបស់កុមារ ត្រូវមានអនាមិកភាព ជាពិសេស នៅពេលពិភាក្សាលើប្រធានបទរសើប ដូចជាការរំលោភបំពាន ឬការកេងប្រវ័ញ្ចជាដើម។ ទី២.កិច្ចព្រមព្រៀង៖ ត្រូវទទួលបានការយល់ព្រមពីកុមារ និងអ្នកថែទាំ ឬអាណាព្យាបាលរបស់ពួកគេ មុនពេលថតរូប ថតវីដេអូ ឬសម្ភាសន៍។ ត្រូវបញ្ជាក់ថា ពួកគេយល់ថា ខ្លួនអាចដកការយល់ព្រមវិញ នៅពេលនាក៏បាន មុនពេលផ្សាយជាសាធារណៈ។ ទី៣.ប្រើរូបភាពដែលប្រកបដោយភាពថ្លៃថ្នូរ៖ ចាប់យករូបភាពដែលបង្ហាញថា កុមារចូលរួមយ៉ាងសកម្មក្នុងបរិយាកាសរបស់ពួកគេ ដោយឆ្លុះបញ្ចាំងពីភាពធន់ និងការពង្រឹងអំណាចជាជាងភាពជាជនរងគ្រោះ។ ៤.កន្លែងសម្ភាសន៍ដែលមានសុវត្ថិភាព៖ សម្ភាសន៍នៅកន្លែងឯកជនដែលមានសុវត្ថិភាព ដែលកុមារមានអារម្មណ៍ថាស្រួល និងសុវត្ថិភាព។ អាចឱ្យពួកគេមានមនុស្សពេញវ័យ ឬបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល ដែលអាចជឿទុកចិត្តបាននៅជាមួយពួកគេបើសិនជាពួកគេចង់ តែបុគ្គលនោះ ត្រូវនៅក្រោយកាមេរ៉ា។
ទី៥.គោរពសំឡេង គំនិត របស់កុមារ៖ អនុញ្ញាតឱ្យកុមារបង្ហាញខ្លួនឯងដោយធម្មជាតិ ចៀសវាងការសរសេរអត្ថបទ ឬសំណួរនាំមុខ។ ទី៦.មានភាពរសើបជាមួយសំណួរ៖ លើកទឹកចិត្តឱ្យកុមារចែករំលែកបទពិសោធរបស់ពួកគេតាមរបៀបដែលពួកគេគិតថាមានផាសុខភាព ដែលផ្តោតលើរឿងដែលពួកគេជួបប្រទះ ជាជាងប្រតិកម្មអារម្មណ៍របស់ពួកគេ។ ទី៧.បញ្ជាក់រាល់ព័ត៌មាន៖ ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃរឿង ដោយពិគ្រោះជាមួយប្រភពច្រើន ដើម្បីធានាសុវត្ថិភាព និងអនាមិកភាពកុមារ។ ទី៨.ផ្តល់ផាសុកភាពដោយពុំមានការប៉ះពាល់កុមារ៖ ផ្តល់ការធានាផាសុកភាព តាមរយៈពាក្យសំដី កាយវិការដូចជាការផ្តល់ក្រដាសអនាម័យ កែវទឹក និងចៀសវាងការប៉ះពាល់រាងកាយ។ ទី៩. ផ្តល់អំណាច ការលើកទឹកចិត្ត តាមរយៈភាសា៖ ប្រើភាសាដែលបញ្ជាក់ពីភាពធន់របស់កុមារ និងការខិតខំប្រឹងប្រែងរបស់សហគមន៍ ដោយចៀសវាងការផ្តោលើភាពលំបាក។ ទី១០ រាយការណ៍អំពីការព្រួយបារម្ភពីកាការពារ៖ រាយការណ៍ភ្លាមៗនូវសញ្ញានៃការរំលោភបំពាន ការធ្វេសប្រហែស ឬការកេងប្រវ័ញ្ច ទៅកាន់អាជ្ញាធរសមស្រប ឬក្រុមការពារណាមួយ។

ចំពោះអ្វីដែល “មិនត្រូវធ្វើ” ពេលរាយការណ៍ពីកុមារ មាន១០ចំណុចដូចគ្នា គឺ៖
ចំណុចទី១. បង្ហាញអត្តសញ្ញាណ៖ កុំបង្ហាញព័ត៌មានផ្ទាល់ខ្លួនដែលអាចកំណត់អត្តសញ្ញាណកុមារ ជាពិសេស កុមារដែលងាយរងគ្រោះ។ ទី២. ធ្វើរឿងដែលបង្កការរំជួលចិត្ត៖ កុំរៀបចំរឿងដើម្បីបង្ហាញក្តីអាណិត ឬបំផ្លើសការឈឺចាប់។ ទី៣ ធ្វើបទសម្ភាសនៅកន្លែងដែលមិនមានសុវត្ថិភាព៖ ចៀសវាងការសម្ភាសនៅទីតាំងដែលអាចធ្វើឱ្យកុមារមានរបួសផ្លូវចិត្តឡើងវិញ ឬធ្វើឱ្យគេមានអារម្មណ៍ថាមិនមានសុវត្ថិភាព។ ទី៤ សួរសំណួរនាំមុខ ឬបែបស្តីបន្ទោស៖ ចៀសវាងការវិនិច្ឆ័យជាមុន និងចៀសវាងសំណួរដែលបង្កប់ន័យស្តីបន្ទោស ឬធ្វើឱ្យកុមារមិនសប្បាយចិត្ត។ ទី៥.មិនអើពើលើអំណាចខុសគ្នា៖ កុំព្រងើយកន្តើយនឹងភាពខុសគ្នានៃអំណាចរវាងអ្នកសម្ភាស និងកុមារដូចជាអាយុ និងវប្បធម៌ នៅពេលចាត់តាំងអ្នកសម្ភាស ឬអ្នកបកប្រែ។
ទី៦.ប្រើរូបភាពមិនសមរម្យ៖ ចៀសវាងប្រើរូបភាពដែលបង្ហាញកុមារមិនមានសម្លៀកបំពាក់ រូបភាពពេលកុមារមានទុក្ខព្រួយ ឬការបង្ហាញកាយវិការមិនសមរម្យ។ ទី៧.ការចូលរួមដោយបង្ខំ៖ កុំបង្ខំ ឬដាក់សម្ពាធកុមារឱ្យចូលរួមក្នុងការសម្ភាសន៍។ ទី៨ ប៉ះពាល់ដោយគ្មានការយល់ព្រម៖ ចៀសវាងការប៉ះពាល់រាងកាយ លុះត្រាតែកុមារជាអ្នកចាប់ផ្តើមមុន។ ទី៩ ផ្សព្វផ្សាយដោយមិនគិតពីការរក្សាសុវត្ថិភាព៖ កុំផ្សព្វផ្សាយខ្លឹមសារដែលអាចបង្កគ្រោះថ្នាក់ដល់កុមារ ទោះបីជាឈ្មោះរបស់ពួកគេ ត្រូវបានផ្លាស់ប្តូរក៏ដោយ។ ទី១០ ធ្វេសប្រហែសក្នុងការថែទាំតាមដាន៖ ធានាថា កុមារមានលទ្ធភាពទទួលបានជំនួយផ្នែកចិត្តសាស្ត្រ ឬសេវាកម្មសមស្រប ប្រសិនបើចាំបាច់៕
The post មកដឹងពី “អ្វីដែលត្រូវធ្វើ និងមិនត្រូវធ្វើ” សម្រាប់អ្នកសារព័ត៌មាន ពេលរាយការណ៍អំពីកុមារ appeared first on Kampuchea Thmey Daily.