ការចរចារពន្ធបដិការកម្ពុជា-អាមេរិក មានពន្លឺវិជ្ជមាន
រាជរដ្ឋាភិបាលមិនបានព្រងើយកន្តើយអំពីការប្រកាសដាក់ពន្ធរបស់អាមេរិកមកលើកម្ពុជានោះទេ... The post ការចរចារពន្ធបដិការកម្ពុជា-អាមេរិក មានពន្លឺវិជ្ជមាន appeared first on Kampuchea Thmey Daily.

មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន មើលឃើញពន្លឺវិជ្ជមានចំពោះការចរចារពន្ធកម្ពុជា-អាមេរិក នៅជុំទី២ ដែលនឹងចាប់ផ្ដើមម្ដងទៀតនៅដើមខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍នៅក្នុងវេទិកាសេដ្ឋកិច្ចកម្ពុជា របស់សារព័ត៌មានកម្ពុជាថ្មីនៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ ថា រាជរដ្ឋាភិបាលមិនបានព្រងើយកន្តើយអំពីការប្រកាសដាក់ពន្ធរបស់អាមេរិកមកលើកម្ពុជានោះទេ ខណៈពន្លឺនៃការចរចារមានភាពវិជ្ជមាន។
លោក ប៉ែន សុវិជាតិ ថ្លែងថា៖ «យើងត្រូវមានពន្លឺថា វាមានពន្លឺនៅខាងចុងផ្លូវ បើវាមានពន្លឺ សេចក្ដីសង្ឃឹមវាត្រូវតែមាន មិនអាចគិតផ្លូវអវិជ្ជមានទេ»។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរកម្ពុជា មានប្រសាសន៍ថា ពន្ធបដិការរបស់អាមេរិកបានបន្ទុចបង្អាក់ដល់ដំណើរការផលិតកម្មរបស់យើង ប៉ុន្តែមិនទាន់ក្លាយទៅជាមហន្តរាយធំសម្រាប់កម្ពុជានោះទេ។

លោក កាំង ម៉ូនីកា បញ្ជាក់ថា៖«ទី១ វាធ្វើឱ្យមានភាពភ័យខ្លាចបន្តិច ក្នុងចំណោមអ្នកវិនិយោគ សតិអារម្មណ៍របស់គាត់អត់ល្អ លទ្ធភាពនៃការទទួលបញ្ជាទិញថ្មី មិនទាន់បញ្ជាក់ ដោយសារយើងនៅរង់ចាំមើលទាំងអ្នកផលិត និងអ្នកទិញរង់ចាំអ៊ុតលទ្ធផលនៃការចរចាររបស់អាមេរិក»។
ប៉ុន្តែលោកមើលឃើញពន្លឺ នៃការចរចារទី១ លោកសង្កេតទៅលើការផ្អាកការអនុវត្តពន្ធក្នុងរយៈពេល ៩០ ថ្ងៃ ដោយបញ្ជាក់ថា ៤៩% មិនមែនជាគោលដៅចុងក្រោយនៃរដ្ឋបាលរបស់លោក ត្រាំទេ បើសិនវាជាគោលដៅចុងក្រោយនៃរដ្ឋការលោកត្រាំ បានន័យថា មិនមានការផ្អាក ៩០ ថ្ងៃនេះទេ នោះបានន័យថា អាមេរិកអាចសម្លឹងមើលអ្វីផ្សេងទៀត ហើយវាផ្ដល់ឱកាសឱ្យប្រទេសផ្សេងៗក្នុងការចរចារ។
ប្រទេសប្រកួតប្រជាដែលជាដៃគូរបស់យើង ក៏ទទួលរងអត្រាពន្ធដូចគ្នាដែរ ខណៈកម្ពុជាមានគណៈប្រតិភូទៅអាមេរិកដើម្បីចរចាររួចហើយ និងលើកទី២ នៅដើមខែមិថុនា នឹងធ្វើដំណើរទៅម្ដងទៀត ដូច្នេះយើងមានសង្ឃឹម។

លោក កាំង ម៉ូនីកា បន្ថែមថា៖«បញ្ហាអ្វីក៏ដោយនៅពេលដែលគូភាគីបានជួបគ្នា និយាយគ្នា ពន្យល់គ្នា ខ្ញុំជឿថា រឿងរ៉ាវជាច្រើន នឹងត្រូវបានដោះស្រាយ កុំឱ្យតែថា យើងអត់បាននិយាយគ្នាសោះហើយ គាត់ដាក់មកប៉ុណ្ណឹងហើយចប់ អាហ្នឹងគឺចប់ហើយ ក៏ប៉ុន្តែមានការផ្អាក មានការជួបចរចារ ហើយខ្ញុំគិតថា នៅពេលចរចារយើងមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការពន្យល់ និងឆ្លើយតបនូវអ្វីដែលជាការចង់បានរបស់អាមេរិក យើងគួរមានក្ដីសង្ឃឹម មិនគួរមានភាពតក់ស្លុតទេ»។
លោក ដូណាល់ ត្រាំ ប្រធានធិបតីអាមេរិក កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ២០២៥ បានប្រកាសដាក់ពន្ធគយបដិការទៅលើប្រទេសជាង១៨០នៅទូទាំងពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរដែលបានដាក់ពន្ធ៤៩%។
ក្រោយពន្ធបដិការ សម្ដេចធិបតី ហ៊ុន មាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើលិខិតទៅកាន់ប្រធានាធិបតីអាមេរិកបង្ហាញពីការប្ដេជ្ញាក្នុងការនាំចូលផលិតផលអាមេរិក និងទម្លាក់ពន្ធគយលើទំនិញអាមេរិក១៩ប្រភេទពី៣៥%មកនៅត្រឹម៥% និងបង្ហាញពីបំណងចរចាជាមួយអាមេរិក។
នៅថ្ងៃទី៩ ខែមេសា អាមេរិកបានសម្រេចព្យួរការអនុវត្តន៍ពន្ធគយបដិការ៩០ថ្ងៃដើម្បីទុកពេលចរចាក្នុងនោះក៏មានប្រទេសកម្ពុជាងផងដែរ។
នៅថ្ងៃទី ១៣-១៥ ខែឧសភា ឆ្នាំ ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបចរចារពន្ធគយបដិការជាមួយអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ដោយភាគីកម្ពុជា និងសហរដ្ឋអាមេរិកបានផ្លាស់ប្តូរយោបល់ត្រង់ទៅត្រង់មក យោគយល់គ្នា លើការពង្រឹងបន្ថែមនូវទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងបានពិភាក្សាស៊ីជម្រៅលើ អត្ថបទសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ។
ភាគីទាំងពីរបានឯកភាពគ្នារៀបចំកិច្ចប្រជុំចរចាពន្ធជុំទី២ ម្តងទៀតនៅសប្ដាហ៍ទី១ ដើមខែមិថុនា ឆ្នាំ ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកសម្រេចបានទឹកប្រាក់ជាង ១០ ពាន់លានដុល្លារកើនឡើង ១១% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះ កម្ពុជានាំចេញទំនិញទៅអាមេរិកមានតម្លៃ ៩,៩១ ពាន់លានដុល្លារ កើនឡើង ១១,៤% និងទំនិញអាមេរិកនាំចូលមកកម្ពុជាតម្លៃ ជាង ២៦៤ លានដុល្លារ កើន ២%៕
អត្ថបទ៖ ឡេង ដេត
The post ការចរចារពន្ធបដិការកម្ពុជា-អាមេរិក មានពន្លឺវិជ្ជមាន appeared first on Kampuchea Thmey Daily.