UN៖ កុមារ១០០នាក់ស្លាប់ និងរបួសរាល់ថ្ងៃ ក្រោយអ៊ីស្រាអែលលែងអនុវត្តបទឈប់បាញ់នៅហ្គាហ្សា
អង្គការសហប្រជាជាតិ បានរាយការណ៍ថា ចាប់តាំងពីការកើតឡើងជាថ្មីនៃអរិភាពនៅតំបន់ហ្គាហ្សាស្ទ្រីបតាំងថ្ងៃទី១៨ខែ... The post UN៖ កុមារ១០០នាក់ស្លាប់ និងរបួសរាល់ថ្ងៃ ក្រោយអ៊ីស្រាអែលលែងអនុវត្តបទឈប់បាញ់នៅហ្គាហ្សា appeared first on Kampuchea Thmey Daily.

អង្គការសហប្រជាជាតិ បានរាយការណ៍ថា ចាប់តាំងពីការកើតឡើងជាថ្មីនៃអរិភាពនៅតំបន់ហ្គាហ្សាស្ទ្រីបតាំងថ្ងៃទី១៨ខែមីនាឆ្នាំ២០២៥ ជាមធ្យមមានកុមារចំនួន ១០០ នាក់បានស្លាប់ ឬរងរបួសជារៀងរាល់ថ្ងៃ។

យោងតាមរបាយការណ៍អង្គការសហប្រជាជាតិ យ៉ាងហោចណាស់កុមារ ៣២២នាក់ត្រូវបានសម្លាប់ និង ៦០៩នាក់បានរងរបួសក្នុងរយៈពេល ១០ថ្ងៃកន្លងមកនេះ ដោយកុមារទាំងនោះភាគច្រើនជាអ្នកផ្លាស់ទីលំនៅ និងជ្រកកោននៅក្នុងតង់បណ្តោះអាសន្ន ឬផ្ទះដែលរងការខូចខាត។
លោក Philippe Lazzarini ប្រធានទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បានពណ៌នាស្ថានភាពនេះថាជា «រឿងសៅហ្មងលើមនុស្សជាតិ» ដោយសង្កត់ធ្ងន់ថាមិនគួរណាមានការសម្លាប់កុមារបែបនេះទេ។
ជម្លោះនេះក៏បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាពរបស់តំបន់ហ្គាហ្សាផងដែរ។ របាយការណ៍បង្ហាញថា មន្ទីរពេទ្យ និងបរិក្ខារពេទ្យត្រូវបានវាយប្រហារ ដែលបណ្តាលឲ្យមានអ្នកស្លាប់យ៉ាងច្រើនក្នុងចំណោមបុគ្គលិកពេទ្យ។ ជាឧទាហរណ៍ នៅថ្ងៃទី២៣ខែមីនាឆ្នាំ២០២៥ គ្រូពេទ្យប៉ាឡេស្ទីន ១៥នាក់ និងបុគ្គលិកសង្គ្រោះត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល ដែលជាទង្វើមួយដែលត្រូវបានពិពណ៌នាថាជា «ឧក្រិដ្ឋកម្មសង្រ្គាមដ៏សាហាវយង់ឃ្នង»។
វិបត្តិមនុស្សធម៌នៅហ្គាហ្សានៅតែបន្តកើនឡើង ដោយមានអង្គការសហប្រជាជាតិ និងអង្គការជំនួយផ្សេងៗ អំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវអរិភាព និងត្រូវការពារជនស៊ីវិល ជាពិសេសកុមារ ដែលរងផលប៉ះពាល់ព្រោះតែសង្គ្រាម៕
ដោយ៖ ឈាង
The post UN៖ កុមារ១០០នាក់ស្លាប់ និងរបួសរាល់ថ្ងៃ ក្រោយអ៊ីស្រាអែលលែងអនុវត្តបទឈប់បាញ់នៅហ្គាហ្សា appeared first on Kampuchea Thmey Daily.