អាមេរិកព្រមានអ៊ីរ៉ង់ធ្ងន់ៗ ចំពោះការគាំទ្រលើក្រុមហ៊ូធី
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានព្រមានកាលពីថ្ងៃពុធថា អ៊ីរ៉ង់នឹងប្រឈមមុខនឹងផលវិបាកចំពោះការគាំទ្រក្រុមហ៊ូធីរបស់យេមែន The post អាមេរិកព្រមានអ៊ីរ៉ង់ធ្ងន់ៗ ចំពោះការគាំទ្រលើក្រុមហ៊ូធី appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានព្រមានកាលពីថ្ងៃពុធថា អ៊ីរ៉ង់នឹងប្រឈមមុខនឹងផលវិបាកចំពោះការគាំទ្រក្រុមហ៊ូធីរបស់យេមែន បើទោះបីជាសហរដ្ឋអាមេរិកបានបើកកិច្ចចរចាឡើងវិញជាមួយអ៊ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានជួបពិភាក្សាគ្នាដោយប្រយោលចំនួន៣ជុំ ដែលសម្របសម្រួលដោយប្រទេសអូម៉ង់ ក្នុងគោលបំណងសម្រេចកិច្ចព្រមព្រៀងឱ្យអ៊ីរ៉ង់បញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយសហរដ្ឋអាមេរិកដកទណ្ឌកម្មសេដ្ឋកិច្ចចេញ។
លោក Hegseth បានសរសេរនៅលើបណ្ដាញសង្គម X យ៉ាងដូច្នេះថា៖ «សារទៅកាន់អ៊ីរ៉ង់៖ យើងឃើញការគាំទ្រដ៏មរណៈរបស់អ្នកចំពោះក្រុមហ៊ូធី។ យើងដឹងច្បាស់ពីអ្វីដែលអ្នកកំពុងធ្វើ។ អ្នកដឹងយ៉ាងច្បាស់ពីសមត្ថភាពរបស់យោធាអាមេរិក ហើយអ្នកទទួលបានការព្រមានរួចហើយ។ អ្នកនឹងទទួលផលវិបាកទៅតាមពេលវេលា និងទីកន្លែងដែលយើងជ្រើសរើស»។

ក្រោយមកទៀត លោក Hegseth បានបង្ហោះបន្តនូវសាររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលគំរាមកាលពីខែមីនាថា អាមេរិកនឹងឱ្យអ៊ីរ៉ង់ទទួលខុសត្រូវ ប្រសិនបើមានការវាយប្រហារណាមួយដោយក្រុមហ៊ូធី។
កន្លងមក ក្រុមហ៊ូធីបានវាយប្រហារនាវាពាណិជ្ជកម្មពាក់ព័ន្ធនឹងអ៊ីស្រាអែល រួមទាំងរបស់សហរដ្ឋអាមេរិក ដើម្បីបង្ហាញការគាំទ្រប៉ាឡេស៊ីន ដែលរងការវាយប្រហារពីអ៊ីស្រាអែល។ យ៉ាងណាមិញ អ៊ីរ៉ង់បានអះអាងថា សកម្មភាពរបស់ក្រុមហ៊ូធី ធ្វើឡើងដោយឯករាជ្យភាព៕
The post អាមេរិកព្រមានអ៊ីរ៉ង់ធ្ងន់ៗ ចំពោះការគាំទ្រលើក្រុមហ៊ូធី appeared first on Kampuchea Thmey Daily.