ប្រឈម​ការកាត់ទោស តារាសេដ្ឋីរ៉េប​អាមេរិក Diddy ទុកសក់ស្កូវ​ពេញក្បាល ​ក្រោយ​ជាប់​ឃុំ​ជិត​១០ខែ

តារាប្រុសបានបង្ហាញខ្លួនក្នុងរូបរាង ស្គមស្គាំង ជាពិសេសនោះគឺស្កក់ក្បាលប្រែជាស្កូវ មានវ័យចំណាស់... The post ប្រឈម​ការកាត់ទោស តារាសេដ្ឋីរ៉េប​អាមេរិក Diddy ទុកសក់ស្កូវ​ពេញក្បាល ​ក្រោយ​ជាប់​ឃុំ​ជិត​១០ខែ appeared first on Kampuchea Thmey Daily.

ប្រឈម​ការកាត់ទោស តារាសេដ្ឋីរ៉េប​អាមេរិក Diddy ទុកសក់ស្កូវ​ពេញក្បាល ​ក្រោយ​ជាប់​ឃុំ​ជិត​១០ខែ

ការកាត់ក្តីរបស់លោក Sean Diddy Combs ដែលជាអតីត​​តារារ៉េប​​និង​ជា​អ្នក​ដឹកនាំ​​ក្នុង​វិស័យកម្សាន្ត​ដ៏ល្បីល្បាញ ​លើ​​សំណុំរឿង​​«ផ្លូវភេទ»​​​ដ៏​អាម៉ាស​ និងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្ម បានចាប់ផ្តើមកាលពីថ្ងៃទី១២ ខែឧសភា នៅក្នុងតុលាការសហព័ន្ធ Manhattan ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ តារាប្រុសបានបង្ហាញខ្លួនក្នុងរូបរាង ស្គមស្គាំង ជាពិសេសនោះគឺសក់ក្បាលប្រែជាស្កូវ មានវ័យចំណាស់មើលសឹងមិនស្គាល់។

Diddy ពេលបង្ហាញខ្លួននៅក្នុងតុលាការនាពេលថ្មីៗនេះ

នៅឯការកាត់ក្តី លើតារាបរទេសរូបនេះ ត្រូវបានគេពិពណ៌នាថា លោកបង្ហាញខ្លួនក្នុងសម្លៀកបំពាក់ធម្មតា និងមានអាកប្បកិរិយាស្ងប់ស្ងាត់ និងនឹងធឹង។ នៅពេលដែលគាត់ឃើញសមាជិកគ្រួសារ រួមទាំងម្តាយបង្កើត និងកូនៗ ភ្លាមៗនោះ ​ជន​ត្រូវ​ចោទ​​នេះ​បានបង្ហាញក្តីបារម្ភនិងការនឹករលឹករបស់ខ្លួន តាមរយៈសកម្មភាពថើប​តាម​ខ្យល់​ជាដើម​។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​សក់​របស់​មហាសេដ្ឋី​ហ៊ីបហប​ បាន​ប្រែ​ពណ៌​សបែកប្រផេះ​ទាំង​ស្រុង។ នេះធ្វើឲ្យ Diddy មើលទៅចាស់ជាងមុន ខុសពីរូបភាពដ៏មានឥទ្ធិពល ដែលគាត់មានមុនពេលចាប់ខ្លួនក្នុងខែកញ្ញា ឆ្នាំ ២០២៤។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក តារារ៉េបមិនត្រូវបានអនុញ្ញាតឲ្យប្រើថ្នាំជ្រលក់​ពណ៌សក់នៅខាងក្នុងមណ្ឌលឃុំខ្លួន Metropolitan ក្នុងទីក្រុង Brooklyn ទីក្រុងញូវយ៉កនោះទេ។ ច្បាប់នេះពន្យល់មួយផ្នែកអំពីរូបរាងថ្មីរបស់ Diddy។ ទោះ​ជា​យ៉ាង​ណា អ្នក​ជំនាញ​ខ្លះ​សង្ស័យ​ថា ​នេះ​ជា​ឧបាយកល​ចិត្តសាស្ត្រមួយតែប៉ុណ្ណោះ។

អ្នកជំនាញផ្នែកច្បាប់ Alan Tuerkheimer ប្រាប់ទស្សនាវដ្ដី Us Weekly ថា Diddy មានចេតនាឲ្យសក់របស់គាត់ប្រែទៅជាពណ៌ប្រផេះដើម្បីមានឥទ្ធិពលលើគណៈវិនិច្ឆ័យ។ ពួកគេអាចនឹងមើលឃើញថា ចុងចោទមានវ័យចំណាស់ មាន​ភាពចាស់ទុំជាងមុន និងមិនសូវមានការគំរាមកំហែង ដែលអាចផ្លាស់ប្តូរការគិតរបស់ពួកគេដោយមិនដឹងខ្លួនអំពីលក្ខណៈ​ឧក្រិដ្ឋកម្មរបស់ចុងចោទ។

វា​ជា​វិធី​មួយ​នៃ​ការ​សោកស្ដាយរបស់ចុងចោទ តែ​​មិន​ទទួល​ស្គាល់​កំហុស​ឬ​ការ​ធ្វើ​ខុសណាមួយឡើយ។ លោក Tuerkheimer បានពន្យល់ថា ការវិនិច្ឆ័យជាច្រើនអំពីចុងចោទកើតឡើងដោយមិនដឹងខ្លួន នៅពេលដែល​គណៈ​វិនិច្ឆ័យ​ពិនិត្យមើលរូបរាងទាំងមូលរបស់គាត់នាបច្ចុប្បន្ន។

យ៉ាងណា តារាប្រុសវ័យ៥៥ឆ្នាំរូបនេះ ក៏បានបង្ហាញខ្លួននៅក្នុងការបង្ហាញខ្លួនស្រដៀងគ្នានៅក្នុងតុលាការ កាលពីថ្ងៃទី ៥ ខែឧសភា ក្នុងអំឡុងពេលជ្រើសរើសគណៈវិនិច្ឆ័យសម្រាប់ការកាត់ទោសការជួញដូរផ្លូវភេទ នេះបើយោងតាមទំព័រ Six បានចេញផ្សាយនាពេលកន្លងមក។

នៅ​ថ្ងៃ​ដំបូង​នៃ​ការ​កាត់​ទោស រដ្ឋ​អាជ្ញា​បាន​ចោទ​ប្រកាន់​ លោក Diddy ពី​បទ​គ្រប់គ្រងសមាគមន៍​ឧក្រិដ្ឋកម្ម​មួយ ​អស់​រយៈពេល ២០ឆ្នាំ។ ជនជាប់ចោទត្រូវគេនិយាយថា បានប្រើកិត្តិនាម និងទ្រព្យសម្បត្តិរបស់គាត់ ដើម្បីទាក់ទាញ និងបង្ខំស្ត្រីឲ្យចូលរួមក្នុងពិធីជប់លៀងផ្លូវភេទអស់ជាច្រើនថ្ងៃ។ ជារឿយៗភាគីទាំងនេះ ត្រូវបានអមដោយគ្រឿងញៀន អំពើ​ហិង្សា និងការថតវីដេអូសម្រាប់ផ្ញើ​ទុក​​​គម្រាម​កំហែង​ជំរិត​ទារប្រាក់​ (blackmail)។

លើសពីនេះ អតីតមិត្តស្រី និងសាក្សីសំខាន់គឺ នាង Cassie Ventura និងស្ត្រីពីរនាក់ផ្សេងទៀតដែលគេស្គាល់ថា​ជា Jane និង Mia សុទ្ធតែបានអះអាងថា ពួកគេត្រូវបានគេបង្ខំឲ្យចូលរួមក្នុងសកម្មភាពផ្លូវភេទ ហើយត្រូវបានគេរំលោភបំពានទាំងផ្លូវកាយ និងផ្លូវចិត្ត។

ទោះជាយ៉ាងណា បច្ចុប្បន្នតារារ៉េបរូបនេះកំពុងត្រូវបានឃុំខ្លួននៅមណ្ឌលឃុំខ្លួន Metropolitan ក្នុងទីក្រុង Brooklyn ទីក្រុងញូវយ៉ក លើការចោទប្រកាន់ជាច្រើនដែលគាត់ប្រឈម ទោះបីជាគាត់បានបដិសេធការចោទប្រកាន់ទាំងអស់ក៏ដោយ។ ចំណែកឯការកាត់ក្ដីដែលកំពុងតែដំណើរការមួយនេះ ត្រូវបានគេរំពឹងថា នឹងមានរយៈពេលពី៨ ទៅ១០សប្តាហ៍ឯណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកដឹកនាំរឿងចិនល្បីម្នាក់ ទម្លាយជីវិតស្នេហារបស់ តួកុន លី តាវហួ ថា មានអាថ៌កំបាំងខ្លាំង

The post ប្រឈម​ការកាត់ទោស តារាសេដ្ឋីរ៉េប​អាមេរិក Diddy ទុកសក់ស្កូវ​ពេញក្បាល ​ក្រោយ​ជាប់​ឃុំ​ជិត​១០ខែ appeared first on Kampuchea Thmey Daily.