តំបន់អេកូទេសចរណ៍ តាតោកអូរក្រូច ទើបអភិវឌ្ឍន៍ថ្មី តែទាក់ទាញទេសចរកម្សាន្ដច្រើន
សហគមន៍តំបន់អេកូទេសចរណ៍ តាតោកអូរក្រូច ដែលទើបនឹងលេចចេញជារូបរាងនៅពេលប៉ុន្មានឆ្នាំចុងក្រោយនេះ.... The post តំបន់អេកូទេសចរណ៍ តាតោកអូរក្រូច ទើបអភិវឌ្ឍន៍ថ្មី តែទាក់ទាញទេសចរកម្សាន្ដច្រើន appeared first on Kampuchea Thmey Daily.

សហគមន៍តំបន់អេកូទេសចរណ៍ តាតោកអូរក្រូច ដែលទើបនឹងលេចចេញជារូបរាងនៅពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើឲ្យភ្ញៀវទេសចរណ៍កោតសរសើរស្ងប់ស្ងែងនូវជ្រលងទឹកជ្រោះ ដែលកប់បាត់ក្នុងព្រៃដ៏ជ្រៅ ហើយសហគមន៍ និងមន្ត្រីជំនាញ ទើបស្វែងរកឃើញ និងធ្វើការអភិវឌ្ឍឲ្យទៅជាតំបន់អេកូទេសចរណ៍ដ៏រស់រវើក និងស្រស់បំព្រងថែមទៀតផង។

គួរបញ្ជាក់ថា តំបន់សហគមន៍អេកូទេសចរណ៍មួយនេះបានបង្កើតឡើងនៅ ឆ្នាំ២០២១ ដែលតំបន់នេះស្ថិតនៅភូមិតាតោក និងភូមិអូរក្រូច នៃឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ដោយកាលពីដើម តំបន់នេះគឺជាសហគមន៍ការពារព្រៃឈើប៉ុណ្ណោះ។ ប៉ុន្តែដោយសារតំបន់នេះ មានទេសភាពធម្មជាតិ ព្រៃភ្នំ អូរ ទឹកជ្រោះដ៏អំណោយផល ទើបប្រជាសហគមន៍ សម្រេចបង្កើតជាតំបន់ទេសចរណ៍តែម្តង។

សហគមន៍ទេសចរណ៍តាតោកអូរក្រូច មានចម្ងាយ៩០គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង សហគមន៍នេះ ជាតំបន់ទេសចរណ៍បែបផ្សងព្រេងថ្មីមួយក្នុងខេត្តបាត់ដំបង ដោយទីនេះមានទេសភាពព្រៃព្រឹក្សាស្រស់បំព្រង និងទឹកធ្លាក់គួរជាទីគយគន់។

ភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវទេសចរបរទេស បានធ្វើដំណើរទៅកម្សាន្ត ដោយមានអ្នកខ្លះធ្វើដំណើរបែបផ្សងព្រេង តាមរយៈរទេះរបស់អ្នកភូមិដែលរស់នៅក្នុងតំបន់នោះ ហើយទេសភាពនៅទីនោះ ហាក់ដូចជានៅលើពពកដោយសារតែព្រៃភ្នំជ្រោះជ្រលងដងអូរ គឺហ៊ុំព័ទ្ធ ដោយអាប់ ពពក មើលព្រៃភ្នំសឹងតែមិនឃើញ ដូច្នេះគេសង្ឃឹមថា តទៅខាងមុខតំបន់នេះនឹងប្រែក្លាយជាតំបន់ទេសចរណ៍ដ៏ល្អប្រណិត និងមានភ្ញៀវទេសចរទៅកម្សាន្តជាហូរហែផងដែរ។

ក្នុងចំណោមអ្នកទៅកម្សាន្តនៅក្នុងតំបន់នោះ ក៏មានភ្ញៀវទេសចរមួយចំនួនបានលើកឡើងថា “ថ្វីត្បិតតែតំបន់នេះមានទឹកជ្រោះធ្លាក់ដូចកន្លែងដទៃទៀតក៏ពិតមែន ប៉ុន្តែតំបន់នេះខុសប្លែកពីគេដោយសារតែលើព្រៃព្រឹក្សា គឺគ្របដោយផ្សែងអាប់ពពក ទើបធ្វើឲ្យតំបន់នេះមានទេសភាពខុសប្លែកពីគេ” ហើយគេក៏សង្ឃឹមថា អាជ្ញាធរនិងមន្ត្រីជំនាញ ធ្វើយ៉ាងណាត្រូវស្ថាបនាផ្លូវឲ្យបានទៅដល់គោលដៅដែលភ្ញៀវទេសចរមានបំណងចង់ទៅលេង គឺអាចធ្វើដំណើរបានស្រួល៕
អត្ថបទ៖ សោ និយមរ័ត្ន



The post តំបន់អេកូទេសចរណ៍ តាតោកអូរក្រូច ទើបអភិវឌ្ឍន៍ថ្មី តែទាក់ទាញទេសចរកម្សាន្ដច្រើន appeared first on Kampuchea Thmey Daily.