ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ ភាគីថៃបានបិទច្រកអានសេះ ដោយឯកតោភាគីពីសំណាក់ទាហានព្រំដែនថៃ... The post ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន appeared first on Kampuchea Thmey Daily.

នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ ភាគីថៃបានបិទច្រកអានសេះ ដោយឯកតោភាគីពីសំណាក់ទាហានព្រំដែនថៃ ដោយមិនបានជូនដំណឹងមកកម្ពុជាមុន ផ្ទុយពីកិច្ចប្រជុំកន្លងទៅ។ តែការបិទរបស់ភាគីថៃ ធ្វើឲ្យក្រុមអាជីវករខ្មែរដែលតែងតែដឹកផលអនុផលព្រៃឈើចូលទៅលក់នៅប្រទេសថៃត្រូវបានកកស្ទះ និងស្នើឲ្យថ្នាក់ដឹកនាំកម្ពុជា បិទទំនិញថៃ ដូចគ្នា។

អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះវិហារ លោក ណុប វុធ្ធី បានមានប្រសាសន៍ឲ្យដឹងនៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះថា ច្រកព្រំដែនអានសេះ ត្រូវបានកំណត់ជាច្រកតំបន់ ហើយអនុញ្ញាតឲ្យផ្លាស់ប្ដូរទំនិញឆ្លងកាត់ទៅមក ក្នុង១សប្តាហ៍២ថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃអង្គារ៍ និងថ្ងៃព្រហស្បតិ៍។ ប៉ុន្តែរយៈពេលចុងក្រោយនេះ ភាគីទាហានព្រំដែនថៃបានបិទដោយឯកតោភាគី គឺមិនបានជូនដំណឹងដល់ភាគីកម្ពុជានោះឡើយ ដែលវាផ្ទុយពីកិច្ចប្រជុំរវាងភាគីទាំង២កាលពីពេលកន្លងទៅ ថារាល់ការបិទច្រកនេះ គឺទាល់តែជូនដំណឹងមុន។

លោកអភិបាលរងខេត្តបញ្ជាក់ថា ការបិទលើកនេះ គឺភាគីថៃជាអ្នកបិទមុន ហើយបើចង់បើកវិញទាល់តែប្រជុំរួមគ្នាដើម្បីសម្រេចឡើងវិញ ទើបឲ្យមានការបើកច្រកនេះស្របច្បាប់ឡើងវិញ។ បើមិនដូច្នោះទេ គឺត្រូវបិទរហូតតែម្ដង។ លោកអភិបាលរងខេត្តបញ្ជាក់ទៀតថា នៅថ្ងៃស្អែកនឹងមានកិច្ចប្រជុំរកដំណោះស្រាយដោយសន្តិវិធី រវាងភាគីថៃ និងភាគីកម្ពុជា ដែលមានសមាសភាពចូលរួមពីយោធាទាំងសងខាង និងរដ្ឋបាលខេត្តទាំងពីរផងដែរ។

សូមជម្រាបថា ការដែលភាគីថៃមិនឲ្យអាជីវករនាំចូលផ្សិតប៉ក់ដែលជាផលអនុផលព្រៃឈើ ចូលទៅប្រទេសថៃ គឺដោយសារអ្នកជំនាញថៃ ថាផ្សិតប៉ក់ គ្មានអនាម័យ។ ប៉ុន្តែរាប់សិបឆ្នាំមកហើយមិនដែលឃើញភាគីថៃ និយាយយ៉ាងដូច្នេះទេ គឹជាឲ្យតែដល់រដូវផ្សិតប៉ក់មកដល់ គឺប្រមូលទិញពីអាជីវករខ្មែរដោយមិនស្ទាក់ស្ទើរនោះឡើយ។

ច្រកអានសេះស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយអនុញ្ញាតឲ្យផ្លាស់ប្ដូរទំនិញឆ្លងកាត់ទៅមក ក្នុង១សប្តាហ៍២ថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃអង្គារ៍ និងថ្ងៃព្រហស្បតិ៍៕
អត្ថបទ៖ ជុន កុសល




The post ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន appeared first on Kampuchea Thmey Daily.