ការវិភាគរបស់លោកគ្រូ ភា សុភ័ក្ត្រា ត្រូវស្ទើរ១០០%ពីការប្រកួត ព្រះខ័នរាជស្វាយរៀង និង Arkadag
ការវិភាគរបស់លោក ភា សុភ័ក្ត្រា គ្រូបង្វឹករបស់ក្លិបបាល់ទាត់ក្រសួងការពារជាតិ ត្រូវស្ទើរ១០០% ចំពោះការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League The post ការវិភាគរបស់លោកគ្រូ ភា សុភ័ក្ត្រា ត្រូវស្ទើរ១០០%ពីការប្រកួត ព្រះខ័នរាជស្វាយរៀង និង Arkadag appeared first on Kampuchea Thmey Daily.

ការវិភាគរបស់លោក ភា សុភ័ក្ត្រា គ្រូបង្វឹករបស់ក្លិបបាល់ទាត់ក្រសួងការពារជាតិ ត្រូវស្ទើរ១០០% ចំពោះការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League រវាង ក្លិបព្រះខ័នរាជស្វាយរៀង និង FK Arkadag កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ។

លោក ភា សុភ័ក្ត្រា បានលើកឡើងថា ព្រះខ័នរាជស្វាយរៀងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតពានរង្វាន់អន្តរជាតិដែលអនុញ្ញាតឲ្យប្រើប្រាស់កីឡាករបរទេសដោយគ្មានកំណត់។ ក្លិបខ្លាំងៗនៅលើពិភពលោក សូម្បីតែក្លិបនៅអាស៊ានពេលប្រកួតពានរង្វាន់អន្តរជាតិ ក៏ពួកគេមានកីឡាករបរទេសច្រើនជាងកីឡាករក្នុងស្រុកថែមទៀត ហើយព្រះខ័នរាជស្វាយរៀងមានទាំងអស់។

បន្ថែមលើនេះ កីឡាករខ្មែរមានការរីកចម្រើនខ្លាំងទៅតាមតួនាទីសំខាន់រៀងៗខ្លួន ដូច្នេះសមាសភាពក្រុមដ៏ល្អបែបនេះគឺ ព្រះខ័នរាជស្វាយរៀង អាចលេងតាមយុទ្ធសាស្ត្រវាយបកក៏បាន ការគ្រប់គ្រងបាល់វាយសម្រុកក៏បាន ឬក៏ប្រើយុទ្ធសាស្ត្របង្កើតឱកាសក៏បាន។
លោកបានលើកឡើងថា ៖«ប៉ុន្តែយើងនៅតែបារម្ភចំពោះការវាយបកមកវិញ គឺនៅមានចំណុចខ្វះខាតដែរ។ ដោយសារការលំលាស់ទីវាយបកនេះ បើប៉ះក្រុមដែលគេវាយបកលឿន ប្រយុទ្ធលឿនគឺពិបាកក្នុងការទប់ស្កាត់ណាស់»។

លោកបន្តថា លោកបានមើលការប្រកួតរបស់ក្រុម FK Arkaga គឺពួកគេលេងទៅមុខលឿន។ ពួកគេមិនមែនជាក្រុមដែលគ្រប់បាល់ចុះៗឡើងទេ។ ពេលពួកគេប្រកួតជាមួយក្រុម Al-Arabi របស់ប្រទេសគុយវែត ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពួកគេគ្រប់ដណ្តប់ទាំងស្រុងតែម្តងពោលគឺក្រុមរបស់ប្រទេសគុយវែតគ្មានឱកាសណាទៅគៀបសង្កត់ពួកគេបានឡើយ។
លោកបានបន្ថែមថា ៖«ប្រសិនខ្ញុំជាអ្នកដឹកនាំព្រះខ័នរាជស្វាយរៀងវិញ សមាសភាពដែលខ្ញុំមើលឃើញនេះ គឺខ្ញុំអាចនឹងបត់បែន ការដាក់សម្ពាធ របៀបការពារទៅ Mid Block វិញ បានន័យថា ទម្លាក់នៅតំបន់កណ្តាល ត្រូវទប់ស្កាត់បាល់លើឲ្យខ្លាំង ពីព្រោះក្រុម Arkadag នេះ គ្រាន់តែកែបាល់ ក៏គេមានផែនការលេងដែរ»។

លោកបានបញ្ជាក់ថា ៖«មួយវិញទៀត ចំណុចខ្លាំងរបស់គេគឺខ្ញុំមើលឃើញខាងឆ្វេង។ ខាងឆ្វេងរបស់គេខ្លាំង ហើយពេលចូលទៅក្នុងប្រអប់គឺពួកគេព្យាយាមទាត់តែម្តង។ អីចឹង អ្វីដែលខ្ញុំបារម្ភគឺនៅពេលយើងកំពុងគ្រប់គ្រងបាល់ គ្រប់គ្រងស្ថានការ វាយសម្រុកទៅមុខ ហើយស្រាប់តែគេបានបាល់ នោះនឹងគេវាយបកវិញគឺចំណុចនេះគ្រោះថ្នាក់»។
ដូចការលើកឡើងរបស់លោកគ្រូ ភា សុភ័ក្ត្រា មែន។ ការលេងរបស់ក្រុម FK Arkadag បានព្យាយាមការពារ និងលេងបាល់លើតាមរយៈការវាយបក ហើយបោះបាល់ឲ្យទៅស្លាបឆ្វេងដែលពួកគេរកបានគ្រាប់បាល់ជ័យជម្នះ ប៉ុន្តែអ្វីដែលពួកគេប្រែប្រួលនោះគឺលេងមួយៗ ការពារច្រើន និងរង់ចាំឱកាសវាយបក។

បងប្អូនអាចចូលទស្សនាវីដេអូលំអិតរបស់លោកគ្រូ ភា សុភ័ក្ត្រា តាមរយៈ https://www.facebook.com/sport.kpt/videos/1484222575884613
អត្ថបទ៖ វីរបុត្រ
The post ការវិភាគរបស់លោកគ្រូ ភា សុភ័ក្ត្រា ត្រូវស្ទើរ១០០%ពីការប្រកួត ព្រះខ័នរាជស្វាយរៀង និង Arkadag appeared first on Kampuchea Thmey Daily.