អ៊ីស្រាអែលបើកការវាយប្រហារថ្មើរជើងនៅទូទាំងតំបន់ហ្គាហ្សា ក្រោយកេណ្ឌទ័ពរួច
យោធាអ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃអាទិត្យអំពីការលុកលុយលើដីគោកដ៏សំខាន់មួយចូលទៅក្នុងតំបន់ជាច្រើននៅហ្គាហ្សា ខណៈចំនួនប្រជាជនប៉ាឡេស្ទីនស្លាប់បន្ត... The post អ៊ីស្រាអែលបើកការវាយប្រហារថ្មើរជើងនៅទូទាំងតំបន់ហ្គាហ្សា ក្រោយកេណ្ឌទ័ពរួច appeared first on Kampuchea Thmey Daily.

ក្រោយការប្រកាសកេណ្ឌទ័ពបម្រុងជាច្រើនថ្ងៃ យោធាអ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃអាទិត្យអំពីការលុកលុយលើសមរភូមិផ្លូវគោកដ៏សំខាន់មួយចូលទៅក្នុងតំបន់ជាច្រើននៅហ្គាហ្សា ខណៈចំនួនប្រជាជនប៉ាឡេស្ទីនស្លាប់បន្តកើនឡើង។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី១៩ខែឧសភានេះ។

យោធាអ៊ីស្រាអែលបានឲ្យដឹងថា កងកម្លាំងថ្មើរជើង រួមទាំងក្រុមទាហានបម្រុង បានចាប់ផ្តើមប្រតិបត្តិការយ៉ាងទូលំទូលាយ ទាំងភាគខាងជើង និងភាគខាងត្បូងនៃតំបន់ហ្គាហ្សា ដោយប្រើរថពាសដែក។ យុទ្ធនាការនេះគឺជាដំណាក់កាលថ្មីមួយនៅក្នុងសង្គ្រាមរយៈពេល២០ខែរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់ ។
ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីនផ្លូវការ WAFA បានរាយការណ៍កាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៦៧ នាក់ត្រូវបានសម្លាប់ និង ៣៦១ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។

អាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សាបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ជាជនជាតិប៉ាឡេស្ទីន ពីការវាយលុករបស់អ៊ីស្រាអែល ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ បានកើនឡើងដល់ ៥៣,៣៣៩នាក់ និងរបួសចំនួន ១២១,០៤៣នាក់ ដោយអ្នករងគ្រោះភាគច្រើនជាស្ត្រី និងកុមារ។ ចំណែកតួលេខអ្នកស្លាប់ចាប់តាំងពីការកើតឡើងជាថ្មីនៃអរិភាពរបស់អ៊ីស្រាអែលនៅថ្ងៃទី ១៨ ខែមីនា បន្ទាប់ពីបទឈប់បាញ់រយៈពេលពីរខែដួលរលំ បានកើនឡើងដល់ ៣,១៩៣ នាក់ និង ៨,៩៩៣ នាក់ផ្សេងទៀតបានរងរបួស។
លើសពីនេះប្រជាជនហ្គាហ្សាប្រហែល២ លាននាក់នៅភាគខាងត្បូងហ្គាហ្សា កាន់តែប្រឈមនឹងបញ្ហាសន្តិសុខស្បៀងដោយសារការបិទផ្លូវផ្ដល់ជំនួយរបស់អ៊ីស្រាអែល។
ទន្ទឹមនឹងនេះ គណៈប្រតិភូមកពីអ៊ីស្រាអែល និងក្រុមហាម៉ាសបានកោះប្រជុំនៅទីក្រុងដូហា ប្រទេសកាតា ដើម្បីធ្វើចរចាដោយប្រយោលមួយផ្សេងទៀត ក្នុងគោលបំណងសម្រេចបានបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង។ ទោះយ៉ាងណា អ្នកការទូតបានបង្ហាញថា វឌ្ឍនភាពនៅតែមានភាពពិបាកដោយភាគីទាំងពីររក្សាជំហររឹងមាំរៀងខ្លួន៕


អត្ថបទ៖ ប៊ុន សុភាព
The post អ៊ីស្រាអែលបើកការវាយប្រហារថ្មើរជើងនៅទូទាំងតំបន់ហ្គាហ្សា ក្រោយកេណ្ឌទ័ពរួច appeared first on Kampuchea Thmey Daily.