ការប្រឆាំងនយោបាយជ្រុលនិយមនៅតែជាប្រធានបទស្នូលក្នុងកិច្ចប្រជុំសម្ព័ន្ធគណបក្សនយោបាយ
ប្រធានដឹកនាំអង្គប្រជុំ សម្ដេចតេជោ ហ៊ុន សែន បន្តសង្កត់ធ្ងន់លើការប្រឆាំងនយោបាយជ្រុលនិយម ដោយបញ្ជាក់ថាដរាបណានយោបាយជ្រុលនិយមនៅតែមាននោះកម្ពុជានៅតែមានហានិភ័យ។ The post ការប្រឆាំងនយោបាយជ្រុលនិយមនៅតែជាប្រធានបទស្នូលក្នុងកិច្ចប្រជុំសម្ព័ន្ធគណបក្សនយោបាយ appeared first on Kampuchea Thmey Daily.

ក្នុងកិច្ចប្រជុំសម្ព័ន្ធគណបក្សនយោបាយទាំង២៩នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ប្រធានដឹកនាំអង្គប្រជុំ សម្ដេចតេជោ ហ៊ុន សែន បន្តសង្កត់ធ្ងន់លើការប្រឆាំងនយោបាយជ្រុលនិយម ដោយបញ្ជាក់ថាដរាបណានយោបាយជ្រុលនិយមនៅតែមាននោះកម្ពុជានៅតែមានហានិភ័យ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក ជា ធីរិទ្ធ បានថ្លែងក្នុងសន្នីសិទសារព័ត៌មាននៅរសៀលថ្ងៃសុក្រនេះបន្ទាប់ពីកិច្ចប្រជុំសម្ព័ន្ធគណបក្សនយោបាយបានបញ្ចប់ដោយសង្ខេបពីខ្លឹមសារសំខាន់ៗ និងប្រសាសន៍របស់សម្ដេចតេជោ ដោយក្នុងនោះលោកបានសង្កត់ធ្ងន់ពីការរំលេចរបស់សម្ដេចតេជោទាក់ទងនឹងការធ្វើយ៉ាងណាកុំឱ្យមានចលនាជាតិនិយមជ្រុល ញុះញង់ ឱ្យមានការសម្អប់ជាតិសាសន៍ក្នុងពេលដែលបញ្ហាព្រំដែនកម្ពុជាថៃនៅជាចំណុចក្ដៅ។
លោក ជា ធីរិទ្ធ បញ្ជាក់ថា៖ «សម្ដេចតេជោក៏បានរំលេចផងដែរនូវចំណុចទាក់ទងនឹងការរួមគ្នាពីបណ្ដាគណបក្សនយោបាយទាំងអស់គឺទប់ស្កាត់រួមគ្នាកុំឱ្យមាននយោបាយជ្រុលនិយម។ ការពិតរឿងព្រំដែនកម្ពុជាថៃគឺជារឿងមួយដែលទាក់ទងអធិបតេយ្យភាពយើងត្រូវការពារដែនអធិបតេយ្យក៏ប៉ុន្ដែកុំឱ្យមានការញុះញង់រឿងនេះឱ្យក្លាយជារឿងសម្អប់ជាតិសាសន៍គឺការស្អប់ជនជាតិគ្នាទៅវិញទៅមកដែលប៉ះទង្គិចដល់ទំនាក់ទំនងនិងជារឿងដែលមិនគប្បីទេ»។

ក្នុងកិច្ចប្រជុំបើតាមលោក ជា ធីរិទ្ធ ក៏បានដកស្រង់ប្រសាសន៍សម្ដេចផងដែរថាដែលថា «ងើបមួយបង្ក្រាបមួយ» ដែលសំដៅដល់ការបង្ក្រាបដល់ក្រុមដែលធ្វើសកម្មភាពដែលចង់ផ្លាស់ប្ដូររដ្ឋាភិបាលដោយខុសច្បាប់ ដែលរដ្ឋាភិបាលដែលដឹកនាំដោយបក្សប្រជាជននឹងមានវិធានការជាកំហិត។
ដោយឡែកក្នុងសន្នីសិទសារព័ត៌មានដែលមានរយៈពេលជាង១ម៉ោងកន្លះវិញតំណាងគណបក្សនយោបាយដែលបានចូលរួមរួមមានគណបក្សសំបុកឃ្មុំរបស់លោក ម៉ម សូណង់ដូ គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ និងគណបក្សខ្មែរតែមួយរបស់លោក គុជ លី បានបង្ហាញនូវចំណាប់អារម្មណ៍ជាច្រើនទាក់ទងនឹងការប្រឆាំងនយោបាយជ្រុលនិយមនេះផងដែរ។
ក្នុងនោះលោក គុជ លី បានថ្លែងថា៖ «ពួកជ្រុលនិយមនេះគឺជាពួកច្រណែនឈ្នានីស ដែលផ្ដើមពីការឈ្នានីសនេះហើយបង្កើតជានយោបាយជ្រុលនិយមបង្កើតការលាបព័ណ៌បង្កើតព្រឹត្តិការណ៍មួយទៅព្រឹត្តិការណ៍មួយកើតតាំងពីឆ្នាំ១៩៩៨»។

លោកជំរុញដល់ក្រុមប្រឆាំងទម្លាក់ចោលនូវនយោបាយច្រណែនឈ្នានីស និងត្រូវយល់ពីតម្លៃសន្ដិភាព ខណៈរដ្ឋាភិបាលគួរពង្រឹងប្រព័ន្ធច្បាប់ រក្សាសន្ដិភាព ពន្យល់ប្រជាពលរដ្ឋឱ្យស្គាល់ពីតម្លៃច្បាប់ដែលទាំងអស់នេះនឹងធ្វើឱ្យនយោបាយជ្រុលនិយមនឹងបាត់ពីកម្ពុជា។
ការប្រឆាំងនយោបាយជ្រុលនិយមគឺជាចំណុចរួមមួយនៃព្រមព្រៀងចងសម្ព័ន្ធភាព ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជាដែលបង្កើតឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ អ្នកនាំពាក្យគណបក្សប្រជាជនលោក ជា ធីរិទ្ធ បានបញ្ជាក់ថាដោយសារគណបក្សនយោបាយមានគោលដៅរួមដូចគ្នានេះទើបអាចចងសម្ព័ន្ធជាមួយគ្នាបានដែលនៅពេលនេះធ្វើឱ្យសមាជិកសម្ព័ន្ធគណបក្សនយោបាយកើនឡើងដល់២៩៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
The post ការប្រឆាំងនយោបាយជ្រុលនិយមនៅតែជាប្រធានបទស្នូលក្នុងកិច្ចប្រជុំសម្ព័ន្ធគណបក្សនយោបាយ appeared first on Kampuchea Thmey Daily.