វៀតណាមទិញយន្តហោះ Airbus ២០ គ្រឿង ជាផ្នែកមួយនៃកិច្ចព្រមព្រៀង ១០ ប៊ីលានដុល្លារ ជាមួយបារាំង​

កិច្ចព្រមព្រៀងផ្សេងៗសរុបចំនួន ១៤ ក្នុងតម្លៃ ៩ ប៊ីលាន​អឺរ៉ូ (១០,២៥ ប៊ីលាន​ដុល្លារ) រវាងវៀតណាម និងបារាំង គឺ​គ្របដណ្តប់លើ The post វៀតណាមទិញយន្តហោះ Airbus ២០ គ្រឿង ជាផ្នែកមួយនៃកិច្ចព្រមព្រៀង ១០ ប៊ីលានដុល្លារ ជាមួយបារាំង​ appeared first on Kampuchea Thmey Daily.

វៀតណាមទិញយន្តហោះ Airbus ២០ គ្រឿង ជាផ្នែកមួយនៃកិច្ចព្រមព្រៀង ១០ ប៊ីលានដុល្លារ ជាមួយបារាំង​

​វៀតណាម និងបារាំង កាលពីថ្ងៃចន្ទ បាន​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងតម្លៃ ១០ ប៊ីលាន​ដុល្លារ រួមទាំងការទិញ​យន្តហោះ Airbus ២០ គ្រឿងថ្មី កិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ និងផ្សេងៗទៀត ក្នុងអំឡុង​ទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ទៅរដ្ឋធានីហាណូយ នៃប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។ ​

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងប្រធានាធិបតីវៀតណាម លោក Luong Cuong ចាប់ដៃគ្នាក្នុងជំនួបនៅវិមានប្រធានាធិបតីក្នុងទីក្រុងហាណូយនាថ្ងៃទី ២៦ ឧសភា ឆ្នាំ ២០២៥។

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម VietJet បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានបញ្ជាទិញយន្តហោះប្រភេទ A330neo ចំនួន ២០ គ្រឿងពីក្រុមហ៊ុនផលិតយន្តហោះ Airbus របស់បារាំង។ ក្រោមកិច្ចព្រមព្រៀងថ្មី ​ឥឡូវនេះក្រុមហ៊ុន VietJet បានបញ្ជាទិញយន្តហោះ A330neo សរុបចំនួន ៤០ គ្រឿង រួមទាំង ២០ គ្រឿង ពីក្នុងកិច្ចព្រមព្រៀងដែល​ធ្វើឡើងកាលពីឆ្នាំមុន។

VietJet មិនបានបង្ហាញពីតម្លៃ ឬពេលវេលាដឹកជញ្ជូនសម្រាប់យន្តហោះថ្មីនេះទេ ប៉ុន្តែបាននិយាយថា ការបញ្ជាទិញនេះគាំទ្រដល់ផែនការពង្រីកខ្លួនរយៈពេលវែងរបស់​ក្រុមហ៊ុន។ ក្រុមហ៊ុន​មានគោលបំណងពង្រីកបណ្តាញហោះហើររ​នៅទូទាំងអាស៊ីប៉ាស៊ីហ្វិក ហើយអាចដំណើរការផ្លូវឆ្ងាយទៅកាន់អឺរ៉ុបផងដែរ។

គេមើលឃើញថា កិច្ច​ព្រម​ព្រៀងថ្មីជាមួយក្រុមហ៊ុនបារាំងដដែល ​ធ្វើឡើងខណៈ​វៀតណាម​ និង​អាមេរិក​ចូលរួម​ក្នុង​កិច្ច​ចរចា​ពាណិជ្ជកម្ម​ ដើម្បី​បញ្ចៀស​ការ​​ដំឡើងពន្ធបដិការ ៤៦ ភាគរយ លើទំនិញវៀតណាមទៅអាមេរិក​។ កន្លងមក​ ក្រុមហ៊ុន VietJet ​បានបង្ហាញចំណាប់អារម្មណ៍ក្នុងការទិញយន្តហោះពីក្រុមហ៊ុនអាមេរិក Boeing ដែលមន្ត្រីវៀតណាមនិយាយថា អាចជួយកាត់បន្ថយអតិរេកពាណិជ្ជកម្មដ៏ធំរបស់វៀតណាមជាមួយសហរដ្ឋអាមេរិក។

គួរគូស​បញ្ជាក់ជាថ្មីថា ក្រៅតែពី​ការទិញយន្តហោះ Airbus កិច្ចព្រមព្រៀងផ្សេងៗសរុបចំនួន ១៤ ក្នុងតម្លៃ ៩ ប៊ីលាន​អឺរ៉ូ (១០,២៥ ប៊ីលាន​ដុល្លារ) រវាងវៀតណាម និងបារាំង គឺ​គ្របដណ្តប់លើ​កិច្ចសហប្រតិបត្តិការ​ថាមពលនុយក្លេអ៊ែរ វិស័យការពារជាតិ ការដឹកជញ្ជូនផ្លូវដែក និងផ្លូវសមុទ្រ ផ្កាយរណបអង្កេតផែនដី Airbus និងវ៉ាក់សាំង Sanofi ជាដើម។ នេះបើផ្អែកលើ​ឯកសារដែលរ៉យទ័របាន​ឃើញ។

នេះគឺជាលើកទី១ ដែលលោក ម៉ាក្រុង ធ្វើទស្សនកិច្ចផ្លូវការទៅប្រទេសវៀតណាម និងជាប្រធានាធិបតីបារាំងទី ១ ដែលធ្វើដូច្នេះ ក្នុងរយៈពេលជិត ១ ទសវត្សរ៍។ អ្នកខ្លះលើកឡើងថា វាជាផ្នែកមួយ​នៃការ​បង្កើន​ឥទ្ធិពលរបស់បារាំងលើរដ្ឋក្រោមអាណានិគមរបស់ខ្លួនមួយនេះ ចំពេលមាន​ហានិភ័យពន្ធរបស់សហរដ្ឋអាមេរិក។

មែនទែនទៅ លោក ម៉ាក្រុង គ្រោងធ្វើទស្សនកិច្ចទៅ ៣​ ប្រទេសនៅអាស៊ីអាគ្នេយ៍ រួមមាន​វៀតណាម ឥណ្ឌូណេស៊ី និងសិង្ហបុរី៕

The post វៀតណាមទិញយន្តហោះ Airbus ២០ គ្រឿង ជាផ្នែកមួយនៃកិច្ចព្រមព្រៀង ១០ ប៊ីលានដុល្លារ ជាមួយបារាំង​ appeared first on Kampuchea Thmey Daily.