កម្ពុជា កំពុងពង្រឹង និងអភិវឌ្ឍវិស័យកម្ម សិទ្ធិបញ្ញា ឱ្យកាន់តែល្អប្រសើរ
ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា «គ.ក.ប.» បានលើកឡើងថា នាបច្ចុប្បន្ន កម្ពុជា កំពុងពង្រឹង និងអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញា ឱ្យកាន់តែល្អប្រសើរ តាមរយៈយន្តការ គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដោយបានដាក់ចេញនូវផែនការសកម្មភាពនានា។ ការលើកឡើងរបស់ លោកស្រី ចម និម្មល នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៥ ក្រោមមូលបទ «កម្មសិទ្ធិបញ្ញា និងតូរ្យតន្ត្រី: ការយល់អំពីចង្វាក់ នៃកម្មសិទ្ធិបញ្ញា» (IP and music: Feel the beat of IP) និងពិធីសម្ពោធគម្រោងកម្មសិទ្ធិបញ្ញា ព្រមទាំងពិធីតាំង ពិព័រណ៍ផលិតផល ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ម៉ាកសមូហភាព និងស្នាដៃសិល្បៈ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ លោកស្រី រដ្ឋមន្ត្រី បានបង្ហាញពីការប្តេជ្ញាចិត្ត និងការបន្តខិតខំប្រឹងប្រែងផ្តល់កិច្ចការពារ និងលើកកម្ពស់នូវតម្លៃ នៃស្នាដៃទាំងអស់ ដែលកើតចេញពីភាពប៉ិនប្រសប់ ការច្នៃប្រឌិត និងគំនិតប្រាជ្ញារបស់សិល្បករ […]

ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា «គ.ក.ប.» បានលើកឡើងថា នាបច្ចុប្បន្ន កម្ពុជា កំពុងពង្រឹង និងអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញា ឱ្យកាន់តែល្អប្រសើរ តាមរយៈយន្តការ គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដោយបានដាក់ចេញនូវផែនការសកម្មភាពនានា។

ការលើកឡើងរបស់ លោកស្រី ចម និម្មល នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៥ ក្រោមមូលបទ «កម្មសិទ្ធិបញ្ញា និងតូរ្យតន្ត្រី: ការយល់អំពីចង្វាក់ នៃកម្មសិទ្ធិបញ្ញា» (IP and music: Feel the beat of IP) និងពិធីសម្ពោធគម្រោងកម្មសិទ្ធិបញ្ញា ព្រមទាំងពិធីតាំង ពិព័រណ៍ផលិតផល ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ម៉ាកសមូហភាព និងស្នាដៃសិល្បៈ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។
នាឱកាសនោះ លោកស្រី រដ្ឋមន្ត្រី បានបង្ហាញពីការប្តេជ្ញាចិត្ត និងការបន្តខិតខំប្រឹងប្រែងផ្តល់កិច្ចការពារ និងលើកកម្ពស់នូវតម្លៃ នៃស្នាដៃទាំងអស់ ដែលកើតចេញពីភាពប៉ិនប្រសប់ ការច្នៃប្រឌិត និងគំនិតប្រាជ្ញារបស់សិល្បករ សិល្បការិនី អ្នកនិពន្ធ ម្ចាស់ស្នាដៃ ម្ចាស់ផលិតកម្ម និងម្ចាស់អង្គភាពនានា ពីក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលជាសមាជិក នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាផងដែរ។

បន្ថែមពីនេះ កម្មសិទ្ធិបញ្ញាបានដើរតួយ៉ាងសំខាន់ ក្នុងការការពារ ថែរក្សា អភិវឌ្ឍ លើកស្ទួយ និងផ្សព្វផ្សាយ អរិយធម៌ វប្បធម៌ ប្រពៃណី សិល្បៈគ្រប់ទម្រង់ ជាពិសេសស្នាដៃសិល្បៈ ដែលជាកេរដំណែល របស់ដូនតា-បុព្វបុរសខ្មែរ និងស្នាដៃថ្មីៗក្នុងសម័យទំនើប ព្រមទាំងកិច្ចការពារសិទ្ធិ អ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល ដែលពិតជាចាំបាច់ក្នុងការជំរុញការលើកទឹកចិត្ត និងការពារ។
លោកស្រី រដ្ឋមន្ត្រី បញ្ជាក់ថា «នាបច្ចុប្បន្នកម្ពុជា បាននិងកំពុងពង្រឹង និងអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញា ឱ្យកាន់តែល្អប្រសើរ តាមរយៈយន្តការ គណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទ្ធិបញ្ញា ដោយបានដាក់ចេញនូវផែនការ សកម្មភាពនានា ស្របទៅតាមយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយជាតិ ស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៣-២០២៨ ដែលបន្តចាត់ទុកកិច្ចការពារកម្មសិទ្ធិបញ្ញា ជាយន្តការយ៉ាងសំខាន់ ក្នុងការជំរុញការបង្កើតថ្មី ការច្នៃប្រឌិតថ្មី និងនវានុវត្តន៍ ការបន្តពង្រឹងភាពប្រកួតប្រជែង ការចែករំលែកបច្ចេកវិទ្យា ព្រមទាំងការទប់ស្កាត់ ការក្លែងបន្លំ ឬការរំលោភបំពានកម្មសិទ្ធិបញ្ញា ស្របតាមច្បាប់ជាតិ និងកិច្ចព្រមព្រៀងអន្តរជាតិ ដែលកម្ពុជាជាភាគីសមាជិក»។
បន្ថែមពីនេះ កម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី មានជាអាទិ៍ អង្គការពាណិជ្ជកម្មពិភពលោក អង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងក្របខ័ណ្ឌអាស៊ាន ដើម្បីចូលរួមចំណែកអភិវឌ្ឍ ជំរុញ និងអនុវត្តប្រព័ន្ធកម្មសិទ្ធិបញ្ញា។ ជាក់ស្តែង ក្នុងឆ្នាំ២០២៥ នេះ កម្ពុជា នឹងធ្វើជាប្រធាននិងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា (AWGIPC) សម្រាប់អណត្តិ២ឆ្នាំ និងការរៀបចំកិច្ចប្រជុំតំបន់សម្រាប់លើកទី៨ នៃក្រុមការងារសម្របសម្រួលការចុះបញ្ជីកម្មសិទ្ធិបញ្ញាអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាផ្សេងទៀតផងដែរ៕