នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសថា មិនអនុញ្ញាត ឱ្យវិនិយោគ ផលិតបារីអគ្គិសនី នៅកម្ពុជាឡើយ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រកាសថា កម្ពុជាមិនអនុញ្ញាត ឱ្យមានការវិនិយោគ លើការផលិតបារីអគ្គិសនី (E-Cigarettes) នៅកម្ពុជា ទោះផលិតគោលដៅ នាំចេញក៏ដោយ ក៏មិនត្រូវការដែរ ។ នាឱកាសអញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០» នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា តាមរយៈការផ្សព្វផ្សាយព័ត៌មាន, មានសិស្សសាលាប្រើប្រាស់ Vape (បារីអគ្គិសនី) ច្រើន ដូច្នេះគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ ត្រូវគ្រប់គ្រង់ឱ្យជាប់ ចំពោះការប្រើប្រាស់ បារីអគ្គិសនី។ សម្តេចបវរធិបតី ក៏បានប្រាប់ក្មួយៗ ជាសិស្សសាលាថា កុំហ៊ឺហា និងកុំគិតថាឡូយ ដោយការជក់ បារីអគ្គិសនី ត្រូវខិតខំប្រឹងប្រែងរៀនសូត្រវិញ។ សម្តេចបវរធិបតី មានប្រសាសន៍ថា «ក្មេងៗរបស់យើង សូមឱ្យស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សូមពិនិត្យមើលអាហ្នឹង (បារីអគ្គិសនី) ជាពិសេសក្មេងសិស្សសាលាជក់ Vape […]

នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសថា មិនអនុញ្ញាត ឱ្យវិនិយោគ ផលិតបារីអគ្គិសនី នៅកម្ពុជាឡើយ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រកាសថា កម្ពុជាមិនអនុញ្ញាត ឱ្យមានការវិនិយោគ លើការផលិតបារីអគ្គិសនី (E-Cigarettes) នៅកម្ពុជា ទោះផលិតគោលដៅ នាំចេញក៏ដោយ ក៏មិនត្រូវការដែរ ។

នាឱកាសអញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០» នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា តាមរយៈការផ្សព្វផ្សាយព័ត៌មាន, មានសិស្សសាលាប្រើប្រាស់ Vape (បារីអគ្គិសនី) ច្រើន ដូច្នេះគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ ត្រូវគ្រប់គ្រង់ឱ្យជាប់ ចំពោះការប្រើប្រាស់ បារីអគ្គិសនី។

សម្តេចបវរធិបតី ក៏បានប្រាប់ក្មួយៗ ជាសិស្សសាលាថា កុំហ៊ឺហា និងកុំគិតថាឡូយ ដោយការជក់ បារីអគ្គិសនី ត្រូវខិតខំប្រឹងប្រែងរៀនសូត្រវិញ។

សម្តេចបវរធិបតី មានប្រសាសន៍ថា «ក្មេងៗរបស់យើង សូមឱ្យស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សូមពិនិត្យមើលអាហ្នឹង (បារីអគ្គិសនី) ជាពិសេសក្មេងសិស្សសាលាជក់ Vape ច្រើន មិនចាំបាច់ហ៊ឺហា ជក់ Vape ទេ ហ៊ឺហា ប្រឡងយកលេខមួយ ដូចសិស្សពូកែ ល្បីខាងនឹងវិញ»។

ពាក់ព័ន្ធបារីអគ្គិសនីនេះដែរ, សម្ដេច នាយករដ្ឋមន្ដ្រី ប្រកាសច្រាន ចោលនូវសំណើប្រទេសមួយ ក្នុងការចង់បើករោង ចក្រផលិត បារីអគ្គិសនីនៅកម្ពុជា។

សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ទៀតថា «ថ្ងៃមុនមានប្រទេសមួយនោះ មានក្រុមហ៊ុន ជាវិស័យឯកជនរបស់គាត់ រហូតដល់រដ្ឋមន្ដ្រី របស់គាត់ មកនិយាយជាមួយ លោកជំទាវ ចម និម្មល សួរពីគោលការណ៍ដើម្បីមកផលិត បារីអគ្គិសនី នៅកម្ពុជា ខ្ញុំថាមិនបាច់ទេ! ទោះបីផលិតសម្រាប់នាំចេញក៏អត់ចាំបាច់ដែរ! យើងមានជំរើស រាប់ពាន់មុខដើម្បីផលិត អ៉ីចឹងអត់មានបារី អត់មានក្រុមហ៊ុនផលិតបារី អគ្គិសនីនៅកម្ពុជា ក៏យើងមិនក្រដែរ»។

ពាក់ព័ន្ធទៅនឹងការវិនិយោគវិញ សម្ដេច នាយករដ្ឋមន្ដ្រីកម្ពុជា ស្វាគមន៍រាល់ការវិនិយោគផ្សេងៗ ក្រៅពីបារីអគ្គិសនី៕