អ៊ីរ៉ង់​ជំរុញ​ឲ្យ​​ពលរដ្ឋ​លុប WhatsApp ខណៈ​កំពុង​ផ្ទុះ​សង្គ្រាម​ជាមួយ​អ៊ីស្រាអែល

រដ្ឋាភិបាលអ៊ីរ៉ង់ បានចេញការអំពាវនាវទូទាំងប្រទេសសម្រាប់ពលរដ្ឋ​ឲ្យ​លុបកម្មវិធីផ្ញើសារដ៏ពេញនិយម WhatsApp ដោយអះអាង​ថា... The post អ៊ីរ៉ង់​ជំរុញ​ឲ្យ​​ពលរដ្ឋ​លុប WhatsApp ខណៈ​កំពុង​ផ្ទុះ​សង្គ្រាម​ជាមួយ​អ៊ីស្រាអែល appeared first on Kampuchea Thmey Daily.

អ៊ីរ៉ង់​ជំរុញ​ឲ្យ​​ពលរដ្ឋ​លុប WhatsApp ខណៈ​កំពុង​ផ្ទុះ​សង្គ្រាម​ជាមួយ​អ៊ីស្រាអែល

រដ្ឋាភិបាលអ៊ីរ៉ង់ បានចេញការអំពាវនាវទូទាំងប្រទេសសម្រាប់ពលរដ្ឋ​ឲ្យ​លុបកម្មវិធីផ្ញើសារដ៏ពេញនិយម WhatsApp ដោយអះអាង​ថា វេទិកានេះកំពុងចែករំលែកទិន្នន័យអ្នកប្រើប្រាស់ជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ីស្រាអែល។

(រូបថត៖ Reuters)

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែល​ចាក់ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ទី​១៧​ខែ​មិថុនា​ឆ្នាំ​២០២៥​តាមកញ្ចក់ទូរទស្សន៍រដ្ឋ មន្ត្រី​អ៊ីរ៉ង់​បានព្រមានថា WhatsApp មិនមានសុវត្ថិភាព ហើយ​ចោទប្រកាន់ថា វា​បញ្ជូនព័ត៌មានអ្នកប្រើប្រាស់អ៊ីរ៉ង់ទៅអ៊ីស្រាអែល ចំពេលមានការប្រឈមមុខដាក់គ្នាខាងយោធាដែលកំពុងបន្តរវាងប្រទេសទាំងពីរ។

មន្ត្រីសន្តិសុខអ៊ីនធឺណិត​អ៊ីរ៉ង់ម្នាក់ បាននិយាយ​តាម​កញ្ចក់​ទូរទស្សន៍ថា «កម្មវិធីនេះគឺជាផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធឃ្លាំមើលរបស់សត្រូវ។ អ្នកប្រើប្រាស់ទាំងអស់ត្រូវបានជំរុញឲ្យ​លុប WhatsApp ជាបន្ទាន់ ដើម្បីការពារឯកជនភាព និងសន្តិសុខជាតិ»។

ជាការឆ្លើយតប WhatsApp ដែលគ្រប់គ្រងដោយ​ក្រុមហ៊ុន Meta បានច្រានចោលការចោទប្រកាន់នេះ។ អ្នកនាំពាក្យ WhatsApp បានសង្កត់ធ្ងន់ថា វេទិកានេះប្រើ​បច្ចេកវិទ្យា«end-to-end encryption» សម្រាប់សារទាំងអស់ មានន័យថា ទាំង WhatsApp ឬរដ្ឋាភិបាលណាមួយមិនអាច​ចូល​អាន​សារ​បាន​នោះ​ទេ។

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «វាគ្មានការពិតទេចំពោះការអះអាងថា WhatsApp ចែករំលែកព័ត៌មានអ្នកប្រើប្រាស់ជាមួយរដ្ឋាភិបាលណាមួយ រួមទាំងអ៊ីស្រាអែល។ យើងមិនរក្សាទុក​មាតិកា​សារទេ ហើយប្តេជ្ញាការពារភាពឯកជនរបស់អ្នកប្រើប្រាស់របស់យើងគ្រប់ទីកន្លែង»។

សូម​ជម្រាប​ថា ការ​ព្រមាន​នេះ​ កើត​ឡើង​នៅ​ពេល​ដែល​មាន​ភាព​តានតឹង​ផ្នែក​យោធា និង​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​កាន់​តែ​ខ្លាំង​ឡើង​​រវាង​អ៊ីរ៉ង់ និង​អ៊ីស្រាអែល។ ចាប់តាំងពីអ៊ីស្រាអែលចាប់ផ្តើមកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរ និងយោធាសំខាន់ៗ​របស់​ខ្លួន រដ្ឋាភិបាលអ៊ីរ៉ង់បាន​ចាប់ផ្ដើម​​រឹតបន្តឹងទំនាក់ទំនងឌីជីថល និងការចូលទៅកាន់វេទិកាបរទេស។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អាជ្ញាធរអ៊ីរ៉ង់បានបិទការភ្ជាប់អ៊ីនធឺណិត រារាំងសេវាកម្ម VPN និង​ផ្តាច់​ប្រទេស​ចេញ​ពី​បណ្តាញសកល​ជំនួស​មក​វិញ​នូវ​ប្រព័ន្ធអ៊ីនធឺណិតជាតិដែលគ្រប់គ្រងដោយរដ្ឋ៕

ដោយ៖ ឈាង

The post អ៊ីរ៉ង់​ជំរុញ​ឲ្យ​​ពលរដ្ឋ​លុប WhatsApp ខណៈ​កំពុង​ផ្ទុះ​សង្គ្រាម​ជាមួយ​អ៊ីស្រាអែល appeared first on Kampuchea Thmey Daily.