អាល្លឺម៉ង់ ប្រកាសជួយអ៊ុយក្រែន ផលិតមីស៊ីលរយៈចម្ងាយឆ្ងាយ និងផ្តល់ជំនួយយោធាបន្ថែមទៀត

ប្រទេសអាល្លឺម៉ង់ បានប្រកាសជួយទីក្រុងកៀវផលិតមីស៊ីលរយៈចម្ងាយឆ្ងាយដោយផ្ទាល់និងផ្តល់ជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែន ដើម្បីយកទៅប្រយុទ្ធជាមួយរុស្ស៊ី... The post អាល្លឺម៉ង់ ប្រកាសជួយអ៊ុយក្រែន ផលិតមីស៊ីលរយៈចម្ងាយឆ្ងាយ និងផ្តល់ជំនួយយោធាបន្ថែមទៀត appeared first on Kampuchea Thmey Daily.

អាល្លឺម៉ង់ ប្រកាសជួយអ៊ុយក្រែន ផលិតមីស៊ីលរយៈចម្ងាយឆ្ងាយ និងផ្តល់ជំនួយយោធាបន្ថែមទៀត

ប្រទេសអាល្លឺម៉ង់ បានប្រកាសជួយទីក្រុងកៀវផលិតមីស៊ីលរយៈចម្ងាយឆ្ងាយដោយផ្ទាល់និងផ្តល់ជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែន ដើម្បីយកទៅប្រយុទ្ធជាមួយរុស្ស៊ី ក្នុងសង្គ្រាមដែលកាន់តែរីកធំពីមួយថ្ងៃទៅមួយថ្ងៃ។

លោក ហ្សេលេនស្គី និងលោក Merz (រូបថត៖ Reuters)

សេចក្តីប្រកាសនេះគឺចេញពីមាត់អធិការបតី Friedrich Merz ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃពុធទី២៨ខែឧសភាឆ្នាំ២០២៥។

ក្នុងសន្និសីទកាសែតរួមរវាងមេដឹកនាំទាំងពីរ អធិការបតីអាល្លឺម៉ង់និយាយថា «ទីក្រុងប៊ែរឡាំងនឹងគាំទ្រអ៊ុយក្រែនជានិច្ចក្នុងការអភិវឌ្ឍសមត្ថភាពមីស៊ីលរបស់ខ្លួន។ រដ្ឋមន្ត្រីការពារជាតិរបស់យើង នឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានៅថ្ងៃនេះ ទាក់ទងនឹងការទិញប្រព័ន្ធអាវុធរយៈចម្ងាយឆ្ងាយដែលផលិតដោយអ៊ុយក្រែន។ យើងក៏ចង់ធានានូវការផលិតរួមគ្នាដែរ ប៉ុន្តែយើងនឹងមិនបង្ហាញព័ត៌មានលម្អិតជាសាធារណៈនោះទេ»។

លោក ហ្សេលេនស្គី និងលោក Merz (រូបថត៖ Reuters)

ទាក់ទងជំនួយ ក្រសួងការពារជាតិអាល្លឺម៉ង់បញ្ជាក់ថា ទីក្រុងបែរឡាំងនឹងផ្តល់ជំនួយថ្មីទាក់ទងកិច្ចសហប្រតិបត្តិការក្នុងការសាងសង់សព្វាអាវុធ ប្រព័ន្ធការពារអាកាស និងអាវុធផ្សេងទៀត ព្រមទាំងការផ្តល់ហិរញ្ញប្បទាននៃការទំនាក់ទំនងផ្កាយរណប ដែលសរុបទៅមានតម្លៃប្រហែល ៥.៧ពាន់លានដុល្លារអាមេរិក។

ជំនួបរវាងលោក Merz និងហ្សេលេនស្គី គូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់អធិការបតីក្នុងការពង្រីកមុខមាត់អាល្លឺម៉ង់ជាអ្នកដឹកនាំគេឡើងវិញ ក្នុងចំណោមសម្ព័ន្ធមិត្តអឺរ៉ុប ស្របពេលអាមេរិកលែងត្រូវខ្វល់ខ្វាយនឹងអឺរ៉ុប ជាពិសេសលើសង្គ្រាមនៅប្រទេសអ៊ុយក្រែនតែម្តង។

លោក ហ្សេលេនស្គី និងលោក Merz (រូបថត៖ Reuters)

សេចក្តីប្រកាសរបស់លោក Merz កើតឡើងបន្ទាប់ពីអាល្លឺម៉ង់ បើកដៃឲ្យអ៊ុយក្រែន ប្រើមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អង្គការណាតូ បាញ់ចូលជ្រៅក្នុងដីរុស្ស៊ីបាន លែងរឹតត្បិតដូចមុនទៀតហើយ។

ទង្វើនេះ ធ្វើឲ្យរុស្ស៊ីក្តៅស្លឹកត្រចៀក ហើយថែមទាំងដាក់ចំៗថា អាល្លឺម៉ង់ ថា កំពុងអុជភ្លើងសង្គ្រាមនៅអ៊ុយក្រែន ឲ្យកាន់តែឆេះ ធំទៅៗ។ អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov និយាយថា «ការប្រែក្រឡាស់គោលនយោបាយរបស់ទីក្រុងបែរឡាំង បានក្លាយទៅជាសញ្ញានៃការពង្រីកជម្លោះឲ្យកាន់តែធំនិងធ្ងន់ធ្ងរហើយ។ បើរឿងនេះជាការពិត វានឹងបំផ្លាញដល់ការប៉ុនប៉ងសម្រាប់ដំណោះស្រាយដោយសន្តិវិធី»៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ចង្អុលចំមុខ អាល្លឺម៉ង់ ថា កំពុងអុជភ្លើងសង្គ្រាមនៅអ៊ុយក្រែន ឲ្យកាន់តែឆេះ ធំទៅៗ

The post អាល្លឺម៉ង់ ប្រកាសជួយអ៊ុយក្រែន ផលិតមីស៊ីលរយៈចម្ងាយឆ្ងាយ និងផ្តល់ជំនួយយោធាបន្ថែមទៀត appeared first on Kampuchea Thmey Daily.