អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង ដែលទាមទារឲ្យប្រគល់រូបសំណាកសេរីភាពមកវិញ
បន្ទាប់ពីសមាជិកសភាបារាំងមួយរូប អំពាវនាវឲ្យសហរដ្ឋអាមេរិក ប្រគល់រូបសំណាកសេរីភាពមកវិញនោះ ស្រាប់តែសេតវិមាន បានចេញមុខឆ្លើយតបចុកៗ... The post អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង ដែលទាមទារឲ្យប្រគល់រូបសំណាកសេរីភាពមកវិញ appeared first on Kampuchea Thmey Daily.

បន្ទាប់ពីសមាជិកសភាបារាំងមួយរូប អំពាវនាវឲ្យសហរដ្ឋអាមេរិក ប្រគល់រូបសំណាកសេរីភាពមកវិញនោះ ស្រាប់តែសេតវិមាន បានចេញមុខឆ្លើយតបចុកៗទៅវិញតែម្តងដោយថា បើអាមេរិកមិនជួយអំឡុងសង្គ្រាមលោកលើកទី២ទេ ឥឡូវប្រហែលបារាំងនិយាយភាសាអាល្លឺម៉ង់ បាត់ទៅហើយ។

កាលពីថ្ងៃអាទិត្យទី១៦ខែមីនាឆ្នាំ២០២៥ សមាជិកសភាបារាំង Raphaël Glucksmann អំពាវនាវឲ្យអាមេរិក ប្រគល់រូបសំណាកមកវិញ នេះក៏ដោយសារតែ ទីក្រុងវ៉ាស៊ីនតោនក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងតែធ្វើសកម្មភាពផ្ទុយនឹងតំណាងនិមិត្តរូបនៃសេរីភាព និងលទ្ធិប្រជាធិបតេយ្យរបស់រូបសំណាកនេះ។
លោក Glucksmann បានថ្លែងក្នុងសន្និបាតសម្រាប់គណបក្សនយោបាយរបស់គាត់ Place Publique ថា ជំហររបស់រដ្ឋបាលអាមេរិកលើបញ្ហាអន្តរជាតិ ជាពិសេសការកាត់បន្ថយការគាំទ្ររបស់ខ្លួនចំពោះរដ្ឋាភិបាលក្រុងកៀវ ចំពេលមានជម្លោះកំពុងបន្តជាមួយរុស្ស៊ី គឺមិនអាចទទួលយកបានឡើយ។ ជំហរបែបនេះ ធ្វើឲ្យសហរដ្ឋអាមេរិកប្រៀបបាននឹងរបបផ្តាច់ការ បង្ខូចគោលការណ៍ដែលរូបសំណាកសេរីភាពបង្កប់ន័យ។

យ៉ាងណា មិនទុកយូរហើយ សេតវិមានបានឆ្លើយតបផាងៗទៅវិញ ដោយអ្នកនាំពាក្យលោកស្រី Karoline Leavitt និយាយចុកៗថា «ពិតជាមិនអាចទេ ហើយខ្ញុំសូមផ្តល់ដំបូន្មានទៅអ្នកនយោបាយបារាំងកម្រិតទាបនិងមិនសូវគេស្គាល់ឈ្មោះម្នាក់បន្តិចចុះ ខំតែបានអាមេរិកជួយទេ ទើបពេលនេះបារាំងមិននិយាយភាសាអាល្លឺម៉ង់នោះ។ ដូច្នេះគួរតែអរគុណយើងវិញទើបត្រូវ»។
ការឆ្លើយតបរបស់លោកស្រី Leavitt គឺសំដៅទៅសង្គ្រាមលោកលើកទី២ នៅពេលបារាំង ត្រូវបានពួកណាស៊ីអាល្លឺម៉ង់ គ្រប់គ្រងទឹកដីយ៉ាងធំ ហើយជុំវិញការឆ្លើយតបរបស់លោកស្រី ទីក្រុងបារីសក៏មិនទាន់មានប្រតិកម្មអ្វីដែរ។

សូមជម្រាបថា រូបសំណាកសេរីភាពត្រូវបានសម្ពោធនៅថ្ងៃទី២៨ខែតុលាឆ្នាំ១៨៨៦ នៅកំពង់ផែទីក្រុងញូវយ៉ក ដែលជាអំណោយពីប្រជាជនបារាំងទៅកាន់សហរដ្ឋអាមេរិក។
រូបសំណាកនេះមានកម្ពស់ ៤៦ម៉ែត្រ ពាក់មកុដដែលមានចុងចំនួន៧ សម្គាល់ជានិមិត្តរូបនៃរស្មីព្រះអាទិត្យដែលចាំងលើពិភពលោក កាន់ផ្ទាំងថ្មចារឹកកាលបរិច្ឆេទឯករាជ្យអាមេរិកជាលេខរ៉ូម៉ាំង និងមានខ្សែច្រវាក់ដាច់នៅជើងឆ្វេង ជានិមិត្តរូបនៃការលុបបំបាត់ទាសភាពនៅសហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សមាជិកសភាបារាំង ទាមទារឲ្យអាមេរិកប្រគល់រូបសំណាកសេរីភាពមកវិញ
The post អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង ដែលទាមទារឲ្យប្រគល់រូបសំណាកសេរីភាពមកវិញ appeared first on Kampuchea Thmey Daily.