ក្រសួងការងារ ប្រកាសពីតម្រូវការកម្លាំងពលកម្មក្នុងស្រុកជាង ៥ ម៉ឺនកន្លែង បម្រើវិស័យធំៗ ៣

ក្រសួងការងារ ប្រកាសពីតម្រូវការកម្លាំងពលកម្មក្នុងស្រុកជាង ៥ ម៉ឺនកន្លែង បម្រើវិស័យធំៗ ៣... The post ក្រសួងការងារ ប្រកាសពីតម្រូវការកម្លាំងពលកម្មក្នុងស្រុកជាង ៥ ម៉ឺនកន្លែង បម្រើវិស័យធំៗ ៣ appeared first on Kampuchea Thmey Daily.

ក្រសួងការងារ ប្រកាសពីតម្រូវការកម្លាំងពលកម្មក្នុងស្រុកជាង ៥ ម៉ឺនកន្លែង បម្រើវិស័យធំៗ ៣

ក្រសួង​ការងារ និង បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ ឆ្នាំ ២០២៥ កម្ពុជា មាន​តម្រូវការ​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ចំនួន ៥៤ ៧៣៣ កន្លែង នៅ​ទូទាំង​ប្រទេស សម្រាប់​បម្រើ​ទៅ​លើ​វិស័យ​ធំៗ ៣ រួមមាន ៖ វិស័យ​ឧស្សាហកម្ម សេវាកម្ម និង កសិកម្ម។

បើ​តាម ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ចំនួន ៥៤ ៧៣៣ កន្លែង ក្នុង​នោះ វិស័យ​ឧស្សាហកម្ម​មាន​តម្រូវការ​ចំនួន ៤៣ ៥៩៤ កន្លែង វិស័យ​សេវាកម្ម​មាន​ចំនួន ៦ ៩២១ កន្លែង និង វិស័យ​កសិកម្ម​មាន​ចំនួន ៤ ២១៨ កន្លែង។

ជាមួយ​នេះ នៅ​ខេត្ត​កំពង់ឆ្នាំង​មាន​តម្រូវការ​កម្លាំង​ពលកម្ម ១៦ ៩០៩ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ១៦ ៩០៨ កន្លែង និង ផ្នែក​សេវាកម្ម ១ កន្លែង។ ខេត្ត​ស្វាយរៀង​មាន ៩ ៩៥០ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ៩ ៤២៤ កន្លែង និង ផ្នែក​សេវាកម្ម ៥២៦ កន្លែង។ ខេត្ត​កណ្ដាល​មាន ៩ ៦៣១ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ៩ ៥៦២ កន្លែង និង ផ្នែក​សេវាកម្ម ៦៩ កន្លែង។ រាជធានី​ភ្នំពេញ​មាន ៥ ៤៥៦ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ១ ៧០៣ កន្លែង ផ្នែក​សេវាកម្ម ៣ ៧៥២ កន្លែង និង ផ្នែក​កសិកម្ម ១ កន្លែង។ ខេត្ត​ក្រចេះ​មាន ៣ ៨០០ កន្លែង ក្នុង​នោះ ផ្នែក​កសិកម្ម ៣ ៨០០ កន្លែង។

ដោយឡែក​ ខេត្ត​កំពង់ស្ពឺ​មាន ៣ ២២៣ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ៣ ២១៤ កន្លែង និង ផ្នែក​សេវាកម្ម ៩ កន្លែង។ ខេត្ត​កំពង់ចាម​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ចំនួន ២ ០០១ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ១ ៨៧២ កន្លែង និង ផ្នែក​សេវាកម្ម ១២៩ កន្លែង។ ខេត្ត​បន្ទាយមានជ័យ​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ចំនួន ១ ២៦៤ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ៣៦១ កន្លែង និង ផ្នែក​សេវាកម្ម ៩០៣ កន្លែង។ ខេត្ត​សៀមរាប​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ចំនួន ៩៦៥ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ១២៨ កន្លែង ផ្នែក​សេវាកម្ម ៨០៦ កន្លែង និង ផ្នែក​កសិកម្ម ៣១ កន្លែង។ ខេត្ត​ពោធិ៍សាត់​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ចំនួន ៣៧៩ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ២៤៤ កន្លែង និង ផ្នែក​សេវាកម្ម ១៣៥ កន្លែង និង ខេត្ត​ផ្សេងៗ មាន ១ ១៥៥ កន្លែង ក្នុង​នោះ ផ្នែក​ឧស្សាហកម្ម ១៧៨ កន្លែង សេវាកម្ម ៥៩១ កន្លែង និង កសិកម្ម ៣៨៦ កន្លែង។

ចំពោះ​កម្លាំង​ពលកម្ម​ជាង ៥ ម៉ឺន​កន្លែង នឹង​ត្រូវ​បែងចែក​ទៅតាម​ប្រភេទ​មុខរបរ​ចំនួន ១០ រួមមាន ៖ អ្នកបញ្ជា​ម៉ាស៊ីនដេរ កម្មករ​ខ្ចប់​វេច​ដោយ​ដៃ កម្មករ​ចម្ការ​ដំណាំ កម្មករ​ក្នុង​ផលិតកម្ម វិជ្ជាជីវៈ​ខាង​ការ​ផ្សព្វផ្សាយ និង ទីផ្សារ យន្តការី និង អ្នក​ដំឡើង​អគ្គិសនី មន្ត្រី​ឥណទាន និង កម្ចី​ប្រាក់ អ្នកបញ្ជា​ម៉ាស៊ីន​ធ្វើ​ស្បែកជើង អ្នក​ប្រមូល​បំណុល និង អ្នក​ធ្វើការ​ដែល​ពាក់ព័ន្ធ អ្នក​ការពារ​សន្តិសុខ និង មុខរបរ​ផ្សេងៗ។

សម្រាប់​យុវជន​ទាំងអស់​ដែល​មាន​បំណង​ចង់​ស្វែង​រក​ការងារ​ទាំង​នេះ សូម​ទាក់ទង​ទៅកាន់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង ការងារ (NEA) នៃ​ក្រសួង​ការងារ និង បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តាមរយៈ​លេខ​ទូរស័ព្ទ ១២៩៧ ឬ ១២៨៦ ឬ តេលេក្រាម និង CoolApp លេខ ០៧៧ ២៣ ២៣ ៧៨៕

អត្ថបទ ៖ ពិសី

The post ក្រសួងការងារ ប្រកាសពីតម្រូវការកម្លាំងពលកម្មក្នុងស្រុកជាង ៥ ម៉ឺនកន្លែង បម្រើវិស័យធំៗ ៣ appeared first on Kampuchea Thmey Daily.