អាជ្ញាធរខណ្ឌបឹងកេងកង ទុករយៈពេលមួយសប្ដាហ៍ឲ្យរុះរើចេញ បញ្ឈប់ការលក់ដូរលើចិញ្ចើមផ្លូវ
អាជ្ញាធរខណ្ឌបឹងកេងកង ទុករយៈពេលមួយសប្ដាហ៍ឲ្យរុះរើចេញ បញ្ឈប់ការលក់ដូរលើចិញ្ចើមផ្លូវ... The post អាជ្ញាធរខណ្ឌបឹងកេងកង ទុករយៈពេលមួយសប្ដាហ៍ឲ្យរុះរើចេញ បញ្ឈប់ការលក់ដូរលើចិញ្ចើមផ្លូវ appeared first on Kampuchea Thmey Daily.

ដើម្បីសោភ័ណភាពតាមដងផ្លូវសាធារណៈ និងកាត់បន្ថយការកកស្ទះ អាជ្ញាធរខណ្ឌបឹងកេងកង បានចេញសេចក្ដីជូនដំណឹងទៅដល់ប្រជាពលរដ្ឋដែលយកចំណីផ្លូវធ្វើជាអាជីវកម្មលក់ដូរនៅលើផ្លូវ ៣៤៨ ឲ្យរុះរើចេញជាបន្ទាន់ ដោយទុករយៈពេលមួយសប្ដាហ៍។

ជាក់ស្ដែងនៅលើផ្លូវលេខ ៣៤៨ កែងផ្លូវ ១៦៣ និងផ្លូវលេខ ៣៤៨ កែងផ្លូវ ១៧៣ ស្ថិតក្នុងភូមិ ៧ សង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានអាជីវករលក់ដូរយកចិញ្ចើមដាក់លក់ទំនិញ ធ្វើឲ្យមានការកកស្ទះជាខ្លាំង ទើបអាជ្ញាធរចេញសេចក្ដីជូនដំណឹងឲ្យរុះរើចេញជាបន្តបន្ទាប់។

បើតាម លោក លី ពូ ចៅសង្កាត់ទួលស្វាយព្រៃទី ១ បានប្រាប់កម្ពុជាថ្មី ឲ្យដឹងថា ចំពោះបញ្ហានេះដែរ អាជីវករប្រមាណជាង ៥០ នាក់ ដែលលក់ដូរចល័ត ភាគច្រើនជាអ្នកលក់បន្លែ ត្រីសាច់ ជាដើម ដោយ អាជីវករទាំងអស់នោះបានតវ៉ាមិនយល់ព្រមសហការជាមួយអាជ្ញាធរនោះឡើយ។ ចំពោះការលក់ដូរនេះ អាជ្ញាធរបានឲ្យក្រុមអាជីវករទាំងនោះចូលទៅលក់នៅខាងក្នុងវិញ ដោយសារតែកាលពីជំនាន់កូវីដ-១៩ គឺមិនឲ្យមានការប្រមូលផ្ដុំ ទើបឲ្យពួកគាត់មកលក់នៅខាងក្រៅ។

លោកបានបន្តថា ដោយសារតែមានការយោគយល់ក៏ចេះតែឲ្យលក់ចាប់តាំងពីនោះមកដល់បច្ចុប្បន្ននេះ។ ដោយឡែកពេលថ្មីៗ នេះ ខាងរដ្ឋបាលខណ្ឌ ក៏បានចេញសេចក្ដីជូនដំណឹងទៅកាន់អាជីវកររួចហើយដែរ គឺទុករយៈពេលមួយសប្ដាហ៍ បើសិនជាមាននរណាមិនអនុវត្ត នឹងត្រូវចាត់វិធានការរដ្ឋបាលជាក់ជាពុំខាន។

ដោយឡែកអាជីវករឈ្មោះហៅក្រៅ អ៊ី មឿន បានលើកឡើងថា ចំនួនតូបនៅខាងក្នុងផ្សារគឺមានចំនួនច្រើន ហើយម្យ៉ាងវិញទៀតអាជីវករភាគច្រើនលក់ដូរគឺនៅដើមផ្សារ និងចុងផ្សារតែប៉ុណ្ណោះ។ ចំណែកនៅចំណុចកណ្ដាល នៃផ្សារ គឺសល់តូបជាច្រើននៅទំនេរ ដូច្នេះហើយទើបអាជ្ញាធរសម្រេចឲ្យអាជីវករដែលលក់ដូរនៅលើដងផ្លូវសាធារណៈចូលទៅលក់នៅខាងក្នុងវិញ ដើម្បីបញ្ចៀសការកកស្ទះ និងលក់គ្មានសណ្ដាប់ធ្នាប់នៅលើផ្លូវសាធារណៈ។

ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន ក៏បានសំណូមពរដល់អាជីវករទាំងអស់ សូមចូលរួមសហការជាមួយនឹងអាជ្ញាធរ ដោយចូលទៅលក់ក្នុងផ្សារទាំងអស់គ្នា ចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ៕
អត្ថបទ ៖ ម៉េង

The post អាជ្ញាធរខណ្ឌបឹងកេងកង ទុករយៈពេលមួយសប្ដាហ៍ឲ្យរុះរើចេញ បញ្ឈប់ការលក់ដូរលើចិញ្ចើមផ្លូវ appeared first on Kampuchea Thmey Daily.