ក្រុមហ៊ុន MIRARTH ចុះកិច្ចសន្យាទិញគ្រាប់ស្វាយ​ចន្ទី ៤០០ តោន ពីសហគមន៍កសិកម្មទំនើប

បច្ចុប្បន្នតម្លៃគ្រាប់ស្វាយចន្ទីស្រស់លក់បាន ៥៦០០ រៀល ក្នុងមួយគីឡូក្រាម ខណៈកសិករ​អះ​អាង​ថា ជាតម្លៃល្អ... The post ក្រុមហ៊ុន MIRARTH ចុះកិច្ចសន្យាទិញគ្រាប់ស្វាយ​ចន្ទី ៤០០ តោន ពីសហគមន៍កសិកម្មទំនើប appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុន MIRARTH ចុះកិច្ចសន្យាទិញគ្រាប់ស្វាយ​ចន្ទី ៤០០ តោន ពីសហគមន៍កសិកម្មទំនើប

ក្រុមហ៊ុន MIRARTH នៅព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ បានចុះកិច្ចសន្យា​ទិញ​គ្រាប់​ស្វាយ​ចន្ទី​ស្រស់​ពីសហ​គមន៍​កសិកម្មទំនើបដំណាំស្វាយចន្ទីទាំង៣នៅខេត្តកំពង់ធំចំនួន ៤០០ តោន ក្នុង​ទំ​ហំ​​​ទឹកប្រាក់ជិត ៦៥ ម៉ឺនដុល្លារ។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​មានប្រសាសន៍ថា​សហគមន៍កសិកម្មទំនើបព្យាយាមកាត់បន្ថយហានិភ័យទីផ្សារជូនដល់សមាជិករបស់ខ្លួន តាម​រយៈ​​យន្តការធំៗពីរគឺ៖ ការលក់គ្រាប់ស្វាយចន្ទីតាមតម្លៃកិច្ចសន្យាជាក់លាក់ទុកជាមុន និង​ការ​សម្ងួត​ស្តុកគ្រាប់ស្វាយចន្ទីរង់ចាំលក់ស្ងួតពេលតម្លៃល្អក្រោយការប្រមូលផលទូទៅបញ្ចប់។ លោក ឃឹម ហ្វីណង់អះអាងថា ​ការធ្វើបែបនេះនឹងការពារបងប្អូនកសិករ​ពីការប្រែប្រួលថ្លៃទីផ្សារ​គ្រាប់​ស្វា​យចន្ទីភ្លាមៗបានច្រើន។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយ​ចន្ទីកម្ពុជា បានលើកឡើងថា កិច្ចសន្យា​ទិញពី​សហ​គមន៍​​នេះផ្ដល់ផលវិជ្ជមានច្រើន នឹងជួយកាត់បន្ថយលំហូរ​គ្រាប់ឆៅនៅ​លើ​ទីផ្សារ ដែលមិ​ន​ធ្វើឱ្យ​តម្លៃធ្លាក់ចុះ។

លោក អួន ស៊ីឡុត យល់​ឃើញ​ថា៖ ​«កាល​ណាក្រុម​ហ៊ុន​ក្នុង​ស្រុក​​ចាប់ផ្ដើមទិញ ទោះបីទិញនៅ​ក្នុង​សហគមន៍ក្ដី ប៉ុន្តែវាអាចជួយកាត់បន្ថយ​លំហូរគ្រាប់​ឆៅ​នៅ​លើទីផ្សារ អញ្ចឹងកាលណា​កាត់​បន្ថយ​​គ្រាប់ឆៅនៅលើទីផ្សារវាអត់ធ្វើឱ្យគ្រាប់ហ្នឹង​ជុញខ្លាំង កាល​ណា​គ្រាប់ចន្ទីជុញ​តម្លៃ​ធ្លាក់​ចុះ»។

លោកមិនបានដឹងថា ក្រុមហ៊ុនចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីក្នុងតម្លៃប៉ុន្មាននោះទេ ប៉ុន្តែ​ អះអាងថា ការចុះកិច្ចសន្យាទិញ-លក់របស់សហគមន៍​តែង​តែមាន​តម្លៃ​លើស​ទីផ្សារ​។

បច្ចុប្បន្នតម្លៃគ្រាប់ស្វាយចន្ទីស្រស់លក់បាន ៥៦០០ រៀល ក្នុងមួយគីឡូក្រាម ខណៈកសិករ​អះ​អាង​ថា ជាតម្លៃល្អដែលអាចផ្ដល់ផលចំណេញ៕

អត្ថបទ៖ ឡេង ដេត

The post ក្រុមហ៊ុន MIRARTH ចុះកិច្ចសន្យាទិញគ្រាប់ស្វាយ​ចន្ទី ៤០០ តោន ពីសហគមន៍កសិកម្មទំនើប appeared first on Kampuchea Thmey Daily.