តម្លៃជ្រូករស់កើនឡើង តែមិនប៉ះពាល់ប្រាក់ចំណេញរបស់អាជីវករ និងអ្នកបរិភោគ
តម្លៃជ្រូករស់ក្នុងរង្វង់១ម៉ឺនរៀលគឺជាតម្លៃសមរម្យ ហើយអ្នកផ្គត់ផ្គង់សាច់ជ្រូកក៏ធ្លាប់បានទទួលប្រាក់ចំណេញច្រើន... The post តម្លៃជ្រូករស់កើនឡើង តែមិនប៉ះពាល់ប្រាក់ចំណេញរបស់អាជីវករ និងអ្នកបរិភោគ appeared first on Kampuchea Thmey Daily.

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ថា បច្ចុប្បន្ន តម្លៃជ្រូករស់មានការកើនឡើងប្រសើរជាងមុនសម្រាប់កសិករអ្នកចិញ្ចឹម ខណៈតម្លៃនេះមិនទាន់ប៉ះពាល់ដល់ប្រាក់ចំណេញរបស់អ្នកផ្គត់ផ្គង់សាច់ជ្រូក និងអ្នកបរិភោគនៅឡើយទេ។
បើតាមអ្នកនាំពាក្យក្រសួងកសិកម្ម តម្លៃជ្រូករស់ក្នុងរង្វង់១ម៉ឺនរៀលគឺជាតម្លៃសមរម្យ ហើយអ្នកផ្គត់ផ្គង់សាច់ជ្រូកក៏ធ្លាប់បានទទួលប្រាក់ចំណេញច្រើន ក្នុងអំឡុងពេលដែលថ្លៃជ្រូករស់ថយចុះដោយសារមានការចិញ្ចឹមច្រើន។

លោក ឃឹម ហ្វីណង់ បញ្ជាក់ថា ក្នុងករណីថ្លៃជ្រូករស់កើនខ្ពស់លើសពីធម្មតា ក្រសួងនឹងចាត់វិធានការឆ្លើយតបជាក់លាក់ ដូចដែលធ្លាប់បានអនុវត្តលើករណីថ្លៃជ្រូករស់ធ្លាក់ចុះផងដែរ។
អ្នកនាំពាក្យរូបនេះ បន្ថែមទៀតថា៖ «កន្លងមក យើងបានធ្វើកិច្ចការជាច្រើនពាក់ព័ន្ធនឹងការពង្រឹងខ្សែច្រវាក់តម្លៃ និងជួយសម្របសម្រួលផែនការផលិតកម្មឱ្យសមស្របទៅនឹងតម្រូវការទីផ្សារ ខណៈដែលអ្នកផលិតចង់បានថ្លៃខ្ពស់ ហើយអ្នកបរិភោគចង់បានថ្លៃទាប មានតែការរក្សាស្ថេរភាពថ្លៃកសិផលប៉ុណ្ណោះ ដែលអាចការពារផលប្រយោជន៍របស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងធានាបាននូវនិរន្តរភាពនៃប្រព័ន្ធស្បៀងអាហាររបស់កម្ពុជា»។

អាជីវករលក់សាច់ជ្រូកក្នុងផ្សារធំថ្មី នៅរាជធានីភ្នំពេញ ប្រាប់កម្ពុជាថ្មីថា តម្លៃជ្រូករស់មានការឡើងថ្លៃបន្ដិច នៅមួយរយៈពេលចុងក្រោយនេះ ធ្វើឱ្យការលក់ដូររបស់ពួកគាត់ មិនសូវចំណេញ។
អាជីវករចង់ឱ្យរដ្ឋាភិបាលបន្តអនុវត្តវិធានការបិទការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ខណៈការចិញ្ចឹមជ្រូកក្នុងស្រុកមានលទ្ធភាពផ្គត់ផ្គត់គ្រប់គ្រាន់។
អាជីវករប្រាប់ថា តម្លៃសាច់ជ្រូកនៅលើទីផ្សារបានឡើងថ្លៃដល់ ២ ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។
យោងតាមសមាគមអ្នកចិញ្ចឹមសត្វ កម្ពុជាមានតម្រូវការសាច់ជ្រូកប្រមាណ ៩០០០ ក្បាលក្នុងមួយថ្ងៃនៅទូទាំងប្រទេស៕


អត្ថបទ៖ សួស សិត
The post តម្លៃជ្រូករស់កើនឡើង តែមិនប៉ះពាល់ប្រាក់ចំណេញរបស់អាជីវករ និងអ្នកបរិភោគ appeared first on Kampuchea Thmey Daily.