ឥណ្ឌូណេស៊ីសម្លឹងប្រាក់កម្ចីបរទេស ដើម្បីជំរុញការអភិវឌ្ឍជាតិ
លោក Ruddyard បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរួមបញ្ចូលគ្នានូវប្រភពហិរញ្ញប្បទានផ្សេងៗ រួមទាំងប្រាក់កម្ចីពីបរទេស The post ឥណ្ឌូណេស៊ីសម្លឹងប្រាក់កម្ចីបរទេស ដើម្បីជំរុញការអភិវឌ្ឍជាតិ appeared first on Kampuchea Thmey Daily.

អនុរដ្ឋមន្ត្រីក្រសួងផែនការអភិវឌ្ឍន៍ជាតិឥណ្ឌូណេស៊ី លោក Febrian Alphyanto Ruddyard បានបញ្ជាក់ថា ឥណ្ឌូណេស៊ីសម្លឹងប្រើប្រាស់ប្រាក់កម្ចីពីបរទេសជាយុទ្ធសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍជាតិ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara កាលពីថ្ងៃអាទិត្យ។

លោកបាននិយាយថា៖ «ឥណ្ឌូណេស៊ីកំពុងសម្លឹងយ៉ាងសកម្មលើការជំរុញការវិនិយោគឯកជន ដើម្បីជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច បង្កើនការតភ្ជាប់ក្នុងស្រុក និងអន្តរតំបន់ និងសមាហរណកម្មក្នុងខ្សែសង្វាក់តម្លៃសកល។ ប្រាក់កម្ចីបរទេស នឹងត្រូវបានប្រើប្រាស់ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍនេះ»។
មន្រ្តីឥណ្ឌូណេស៊ីរូបនេះលើកឡើងយ៉ាងដូច្នេះ ក្នុងអំឡុងពេលចូលរួមសិក្ខាសាលាស្តីពីការបង្កើតក្របខ័ណ្ឌភាពជាដៃគូប្រទេសរបស់ធនាគារពិភពលោក (CPF)។

លោក Ruddyard បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរួមបញ្ចូលគ្នានូវប្រភពហិរញ្ញប្បទានផ្សេងៗ រួមទាំងប្រាក់កម្ចីពីបរទេស ដើម្បីបំពេញតម្រូវការមូលនិធិ ដែលមានចែងក្នុងផែនការអភិវឌ្ឍន៍ជាតិរយៈពេលមធ្យម ២០២៥-២០២៩។
CPF ត្រូវបានគេចាត់ទុកថាជាផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ដែលធានាថា ការគាំទ្ររបស់ធនាគារពិភពលោកស្របតាមអាទិភាពនៃការអភិវឌ្ឍរបស់ឥណ្ឌូណេស៊ី។ លោក Ruddyard និយាយថា៖ «ដៃគូអភិវឌ្ឍន៍ រួមទាំងធនាគារពិភពលោក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់គោលដៅអភិវឌ្ឍន៍របស់ប្រទេសឥណ្ឌូណេស៊ីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ យើងរំពឹងថា កិច្ចសហការនាពេលអនាគតនឹងមានភាពរហ័សរហួន និងរឹងមាំជាងមុន ដោយដោះស្រាយបញ្ហាប្រឈមដែលកាន់តែស្មុគស្មាញ»។
The post ឥណ្ឌូណេស៊ីសម្លឹងប្រាក់កម្ចីបរទេស ដើម្បីជំរុញការអភិវឌ្ឍជាតិ appeared first on Kampuchea Thmey Daily.