សមាជិកណាតូមួយប្រទេស កំពុងភ័យថា រុស្ស៊ី នឹងវាយប្រហារខ្លួន ២-៣ឆ្នាំទៀត
ពីមួយថ្ងៃទៅមួយថ្ងៃ ប្រទេសអឺរ៉ុបជាច្រើនតែងតែព្រមានអំពីហានិភ័យដែលទីក្រុងមូស្គូ នឹងបើកការវាយលុកថ្មីបន្ទាប់ពីអ៊ុយក្រែន ហើយកាលពីចុងសប្តាហ៍... The post សមាជិកណាតូមួយប្រទេស កំពុងភ័យថា រុស្ស៊ី នឹងវាយប្រហារខ្លួន ២-៣ឆ្នាំទៀត appeared first on Kampuchea Thmey Daily.

ពីមួយថ្ងៃទៅមួយថ្ងៃ ប្រទេសអឺរ៉ុបជាច្រើនតែងតែព្រមានអំពីហានិភ័យដែលទីក្រុងមូស្គូ នឹងបើកការវាយលុកថ្មីបន្ទាប់ពីអ៊ុយក្រែន ហើយកាលពីចុងសប្តាហ៍ រដ្ឋមន្ត្រីការបរទេសអេស្តូនី Margus Tsahkna កំពុងភ័យថា លោក ពូទីន នឹងវាយប្រហាររដ្ឋបាក់ទិកដែលជាសមាជិកអង្គការណាតូមួយនេះ នៅប៉ុន្មានឆ្នាំខាងមុខ។

ក្នុងបទសម្ភាសជាមួយ France 24 លោក Tsahkna ព្រមានថា «យើងនៅសល់ពេលតែពីរបីឆ្នាំទៀតប៉ុណ្ណោះ ក្នុងការត្រៀមខ្លួនឲ្យបានពេញលក្ខណៈនៅតាមព្រំដែនរបស់ប្លុកនេះ ដើម្បីទប់ទល់នឹងការវាយលុករបស់រុស្ស៊ី។ ខ្ញុំធ្លាប់ជារដ្ឋមន្ត្រីការពារជាតិអេស្តូនីក្នុងឆ្នាំ២០១៦និង២០១៧ ហើយខ្ញុំបានឃើញផ្នែកម្ខាងទៀតនៃព្រំដែនរបស់យើងគឺព្រំដែនណាតូនិងសហភាពអឺរ៉ុប ដែលមានកងទ័ពចំនួន១២០ ០០០នាក់បានត្រៀមខ្លួនរួចជាស្រេច ចេញពីខាងរុស្ស៊ីក្នុងរយៈពេល៤៨ម៉ោង។ យើងមិនមែននិយាយតែពីអេស្តូនីទេ ប៉ុន្តែយើងនិយាយពីណាតូទាំងមូលផងដែរ។ ទ័ពរុស្ស៊ីឥឡូវមិនមែនដូចទ័ពរុស្ស៊ីពីមុនទេ»។

ការព្រមានរបស់លោក Tsahkna កើតឡើងមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីទីក្រុងមូស្គូព្រមានថា ៤ប្រទេស នឹងត្រូវភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ ហើយក្នុងនោះក៏មានអេស្តូនីផងដែរ។
នៅថ្ងៃពុធទី១៦ខែមេសាឆ្នាំ២០២៥ នាយកភ្នាក់ងារចារកម្មបរទេសរបស់រុស្ស៊ី លោក Sergei Naryshkin អះអាងថា ពេលណាផ្ទុះសង្គ្រាម រុស្ស៊ីច្បាស់ជាបាញ់ទៅលើសមាជិកណាតូ ហើយប្រទេសចំនួន៤ដែលនឹងត្រូវភ្លក់គ្រាប់របស់រុស្ស៊ីមុនគេគឺ ប៉ូឡូញ អេស្តូនី ឡេតូនី និងលីទុយអានី។

មិនត្រឹមប៉ុណ្ណឹងលោកថែមទាំងព្រមានកម្ទេចប្រទេសទាំង៤នេះទាំងស្រុងទៀតផង ប្រសិនបើពួកគេនៅតែឈ្លានពានរុស្ស៊ី តាមរយៈការវាយប្រហារដោយប្រើអាវុធទំនើបៗចូលទឹកដីរបស់ខ្លួន ប៉ុន្តែគ្មានអ្វីត្រូវសង្ស័យឡើយ កាលណារុស្ស៊ីបាញ់ប្រទេសទាំងនេះ អង្គការណាតូច្បាស់ជាប្រើមាត្រា៥ ហើយសង្គ្រាមលោកលើកទី៣ ពិតជាផ្ទុះឡើងជាក់ជាមិនខាន។
សូមជម្រាបថា អេស្តូនី ក៏ជាប្រទេសចេញមុខចេញមាត់ខ្លាំងមួយដែរ ដែលគាំទ្រនិងប្រកូកប្រកាសឲ្យមានការផ្តល់ជំនួយដល់អ៊ុយក្រែន ដើម្បីប្រយុទ្ធតទល់ជាមួយទីក្រុងមូស្គូ។ ជាក់ស្តែងសមាជិកណាតូមួយនេះ បានផ្តល់ជំនួយយោធាអស់ជិត ៥៧០លានដុល្លារអាមេរិកឬស្មើនឹងជាង ១.៤%នៃ GDP របស់ខ្លួនទៅហើយ ដល់ទីក្រុងកៀវ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ២០២២៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
The post សមាជិកណាតូមួយប្រទេស កំពុងភ័យថា រុស្ស៊ី នឹងវាយប្រហារខ្លួន ២-៣ឆ្នាំទៀត appeared first on Kampuchea Thmey Daily.