អ៊ីរ៉ង់អះអាងពីសិទ្ធិនុយក្លេអ៊ែររបស់ខ្លួន មុនការចរចាជាថ្មីជាមួយអាមេរិក
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ទីក្រុងតេហេរ៉ង់នឹងមិនសម្របសម្រួលលើសិទ្ធិនុយក្លេអ៊ែររបស់ខ្លួនឡើយ ដោយសង្កត់ធ្ងន់ថា... The post អ៊ីរ៉ង់អះអាងពីសិទ្ធិនុយក្លេអ៊ែររបស់ខ្លួន មុនការចរចាជាថ្មីជាមួយអាមេរិក appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ទីក្រុងតេហេរ៉ង់នឹងមិនសម្របសម្រួលលើសិទ្ធិនុយក្លេអ៊ែររបស់ខ្លួនឡើយ ដោយសង្កត់ធ្ងន់ថា សមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ គឺមិនអាចចរចារបានទេ។

ថ្លែងនៅទីក្រុង Doha កាលពីថ្ងៃសៅរ៍ទី១០ឧសភាមុនពេលកិច្ចចរចានុយក្លេអ៊ែររវាងអាមេរិក និងអ៊ីរ៉ង់នៅប្រទេសអូម៉ង់ លោក Araghchi បានព្រមានថា ប្រសិនបើគោលដៅនៃការចរចាគឺដើម្បីដកហូតសិទ្ធិនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នោះគ្មានកិច្ចព្រមព្រៀងណាមួយនឹងត្រូវបានសម្រេចឡើយ។
សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងចំពេលមានភាពតានតឹងកើនឡើង ជាពិសេសបន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ហើយបានគំរាមកំហែងចាត់សកម្មភាពយោធា បើកិច្ចព្រមព្រៀងថ្មីមិនបានសម្រេច។ មន្ត្រីអាមេរិក រួមទាំងបេសកជនពិសេស លោក Steve Witkoff ទទូចថា គ្រឿងបរិក្ខារនុយក្លេអ៊ែរទាំងអស់របស់អ៊ីរ៉ង់ត្រូវតែរុះរើជាដាច់ខាត។
យ៉ាងណា លោក Araghchi បានរំលឹកឡើងវិញថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺសម្រាប់គោលបំណងស៊ីវិលសុទ្ធសាធ និងបានអះអាងនូវឆន្ទៈបន្តរបស់អ៊ីរ៉ង់ក្នុងការចរចាដោយភាពស្មោះត្រង់ ខណៈបណ្តាប្រទេសលោកខាងលិច បានបង្ហាញការព្រួយបារម្ភថា អ៊ីរ៉ង់ជិតសម្រេចការផលិតអាវុធនុយក្លេអ៊ែរបានហើយ។
លោក Araghchi បាននិយាយថា៖ «នៅក្នុងកិច្ចពិភាក្សាដោយប្រយោលរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក អ៊ីរ៉ង់សង្កត់ធ្ងន់លើសិទ្ធិរបស់ខ្លួនក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី ហើយប្រកាសយ៉ាងច្បាស់ថាខ្លួនមិនស្វែងរកអាវុធនុយក្លេអ៊ែរទេ។ អ៊ីរ៉ង់បន្តការចរចាដោយស្មោះត្រង់ ហើយប្រសិនបើគោលដៅនៃកិច្ចចរចានេះគឺដើម្បីធានាការមិនទទួលបានអាវុធនុយក្លេអ៊ែរ កិច្ចព្រមព្រៀងអាចធ្វើទៅបាន។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើគោលបំណងគឺកំណត់សិទ្ធិនុយក្លេអ៊ែររបស់អ៊ីរ៉ង់ អ៊ីរ៉ង់នឹងមិនបោះបង់សិទ្ធិរបស់ខ្លួនឡើយ»៕

ដោយ៖ ឈាង
The post អ៊ីរ៉ង់អះអាងពីសិទ្ធិនុយក្លេអ៊ែររបស់ខ្លួន មុនការចរចាជាថ្មីជាមួយអាមេរិក appeared first on Kampuchea Thmey Daily.