អតីតប្រធានាធិបតីអ៊ុយរូហ្គាយ ក្របំផុតលើលោក ទទួលមរណភាព ក្នុងវ័យ ៨៩ឆ្នាំ
អតីតប្រធានាធិបតីអ៊ុយរូហ្កាយ លោក Jose Mujica ដែលមានរហស្សនាមថា «ប្រធានាធិបតីក្របំផុតនៅលើពិភពលោក» ... The post អតីតប្រធានាធិបតីអ៊ុយរូហ្គាយ ក្របំផុតលើលោក ទទួលមរណភាព ក្នុងវ័យ ៨៩ឆ្នាំ appeared first on Kampuchea Thmey Daily.

អតីតប្រធានាធិបតីអ៊ុយរូហ្កាយ លោក Jose Mujica ដែលមានរហស្សនាមថា «ប្រធានាធិបតីក្របំផុតនៅលើពិភពលោក» បានទទួលមរណភាពក្នុងអាយុ ៨៩ឆ្នាំ បន្ទាប់ពីព្យាបាលជំងឺមហារីកអស់រយៈពេលមួយឆ្នាំជាង។

លោក Yamandu Orsi ជាប្រធានាធិបតីអ៊ុយរូហ្គាយបច្ចុប្បន្ន បានប្រកាសមរណភាពរបស់លោក Jose Mujica ក្នុងការបង្ហោះលើបណ្តាញសង្គមកាលពីថ្ងៃអង្គារ ថា អតីតប្រធានាធិបតីរូបនេះបានធ្វើរោគវិនិច្ឆ័យមានជំងឺមហារីកបំពង់ក ចាប់តាំងពីឆ្នាំ ២០២៤មកម៉្លេះ។
យ៉ាងណា ដំណឹងនៃការស្លាប់របស់លោក Mujica ត្រូវបានឆ្លើយតបដោយការគោរពពីបុគ្គលជុំវិញពិភពលោក ដូចជាប្រធានាធិបតីម៉ិកស៊ិកលោក Claudia Sheinbaum, ប្រធានាធិបតីឈីលី លោក Gabriel Boric ព្រមទាំងប្រធានាធិបតីកូឡុំប៊ីលោក Gustavo Petro ដែលសុទ្ធតែសរសេរចែករំលែកទុក្ខដ៏ក្រៀមក្រំមួយនេះចំពោះការបាត់បង់ដ៏ធំធេងមួយនេះ។
លោក Jose Mujica គឺជាអតីតយុទ្ធជនទ័ពព្រៃដែលពេលនោះគេហៅលោកថា «Pepe» បានក្លាយជាប្រធានាធិបតីអ៊ុយរូហ្គាយពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៥។ លោកត្រូវបានគេដាក់រហ័សនាមថា «ប្រធានាធិបតីក្រីក្របំផុតរបស់ពិភពលោក» ដោយសារតែលោកចំណាយប្រាក់ភាគច្រើនលើការងារសប្បុរសធម៌ ហើយរស់នៅយ៉ាងសាមញ្ញក្នុងផ្ទះបាក់បែកមួយកន្លែងជាមួយភរិយា។
ថ្វីដ្បិតតែជាប់ឆ្នោតក្លាយជាប្រធានាធិបតីក្ដី ប៉ុន្តែលោក Mujica បានគេចចេញពីលំនៅដ្ឋានប្រធានាធិបតី ហើយរស់នៅក្នុងកសិដ្ឋានផ្កា នៅជាយក្រុងនៃរដ្ឋធានី Montevideo។ ជារឿយៗ គាត់តែងតែបើកឡានចាស់ៗ យីហោ Volkswagen Beetle ពណ៌ខៀវរាល់ពេលធ្វើដំណើរ ។ របៀបរស់នៅសមរម្យរបស់គាត់នេះហើយ បាននាំឲ្យមនុស្សជាច្រើនដាក់ឈ្មោះលោកថា ជា «ប្រធានាធិបតីក្រីក្របំផុតរបស់ពិភពលោក» ។

លោកបានក្លាយជានិមិត្តសញ្ញាមួយសម្រាប់អ្នកដឹកនាំនយោបាយជំនាន់មួយ ដែលជួយដឹកនាំប្រទេសចេញពីរបបផ្តាច់ការយោធាក្នុងកំឡុងពាក់កណ្តាលចុងក្រោយនៃសតវត្សទី ២០ ។ ដូច Petro ដែរលោកក៏ជាអតីតយុទ្ធជនឧទ្ទាមដែរ។
ក្នុងនាមជាយុវជនក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ គាត់បានដឹកនាំក្រុមយុទ្ធជនប្រដាប់អាវុធ ដែលជាផ្នែកមួយនៃចលនា Tupamaros ឆ្វេងនិយម។ លោកត្រូវបានចាប់ខ្លួនជាច្រើនដង និងចំណាយពេលជិតមួយទសវត្សរ៍នៅក្នុងការឃុំឃាំងតែម្នាក់ឯងនៅក្នុងគុកមួយដែលគាត់បានស៊ូទ្រាំនឹងការធ្វើទារុណកម្ម។
ការបង្រ្កាបរបស់រដ្ឋាភិបាលលើក្រុមអ្នកប្រយុទ្ធឆ្វេងនិយម បានជួយត្រួសត្រាយផ្លូវសម្រាប់រដ្ឋប្រហារនៅឆ្នាំ ១៩៧៣ បន្តដោយរបបផ្តាច់ការយោធាដ៏ឃោរឃៅដែលបានប្រព្រឹត្តការរំលោភសិទ្ធិមនុស្សដូចជាការបាត់ខ្លួនដោយបង្ខំ។ ប៉ុន្តែនៅឆ្នាំ ១៩៨៥ អ៊ុយរូហ្គាយបានចាប់ផ្តើមការផ្លាស់ប្តូររបស់ខ្លួន ទៅកាន់លទ្ធិប្រជាធិបតេយ្យ ហើយលោក Mujica និងយុទ្ធជនឧទ្ទាមផ្សេងទៀតត្រូវបានដោះលែងក្រោមច្បាប់លើកលែងទោស។ ពេលនោះ គាត់បានចាប់ផ្តើមក្លាយជាកម្លាំងនៅក្នុងនយោបាយរបស់អ៊ុយរូហ្គាយ ដោយចូលរួមជាមួយគណបក្យ Frente Amplio ឬ Broad Front ដែលជាសម្ព័ន្ធកណ្តាលឆ្វេងជាមួយអតីតយុទ្ធជនផ្សេងទៀត។
បន្ទាប់ពីគាត់បានជាប់ឆ្នោតជាប្រធានាធិបតីនៅអាយុ ៧៤ ឆ្នាំ លោក Mujica បានប្រកាន់ជំហររីកចម្រើនលើសេរីភាពស៊ីវិល និងបញ្ហាសង្គម រួមទាំងការរំលូតកូន និងអាពាហ៍ពិពាហ៍ស្រលាញ់ភេទដូចគ្នា ហើយគាត់ថែមទាំងបានជំរុញឲ្យមានការធ្វើឲ្យស្របច្បាប់នៃកញ្ឆាផងដែរ។ លោកក៏បានសង្កត់ធ្ងន់លើការអភិវឌ្ឍន៍ការអនុវត្តថាមពលបៃតង ដោយដាក់ប្រទេសអ៊ុយរូហ្គាយ នៅជួរមុខក្នុងការដោះស្រាយវិបត្តិអាកាសធាតុ។
យ៉ាងណាមិញ បើទោះបីជាលោក Mujica បានចាកចេញពីតំណែងប្រធានាធិបតី លោកនៅតែជាបុគ្គលសាធារណៈដ៏លេចធ្លោមួយរូបក្នុងដួងចិត្តប្រជាជនជាច្រើន។ កន្លងមក លោកបានចូលរួមក្នុងពិធីសម្ពោធមេដឹកនាំនយោបាយនៅទូទាំងអាមេរិកឡាទីន និងផ្តល់ការគាំទ្រដល់បេក្ខជននៅអ៊ុយរូហ្គាយ ក្នុងចំណោមពួកគេគឺលោក Orsi ដែលត្រូវបានបោះឆ្នោតជ្រើសរើសកាលពីឆ្នាំ ២០២៤៕ Reuters

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ជប៉ុនជាប់ចំណាត់ថ្នាក់ទី ១៤ ជាប្រទេសមាន សុខុមាលភាពសម្រាប់កុមារ
The post អតីតប្រធានាធិបតីអ៊ុយរូហ្គាយ ក្របំផុតលើលោក ទទួលមរណភាព ក្នុងវ័យ ៨៩ឆ្នាំ appeared first on Kampuchea Thmey Daily.