ហ្សេលេនស្គី បង្កើតក្រុមចរចាអចិន្ត្រៃយ៍ ដើម្បីពិភាក្សាជាមួយ រុស្ស៊ី

បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគីបានបញ្ចប់ទៅ ពេលនេះប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី... The post ហ្សេលេនស្គី បង្កើតក្រុមចរចាអចិន្ត្រៃយ៍ ដើម្បីពិភាក្សាជាមួយ រុស្ស៊ី appeared first on Kampuchea Thmey Daily.

ហ្សេលេនស្គី បង្កើតក្រុមចរចាអចិន្ត្រៃយ៍ ដើម្បីពិភាក្សាជាមួយ រុស្ស៊ី

បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគីបានបញ្ចប់ទៅ ពេលនេះប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបញ្ជាឲ្យបង្កើតក្រុមចរចាជាអចិន្ត្រៃយ៍មួយ ដើម្បីពិភាក្សាជាមួយរុស្ស៊ី។

ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Reuters)

ដ្បិតតែការចរចាកាលពីចុងសប្តាហ៍មិនទទួលបានផ្លែផ្កាជាដុំកំភួនក៏ពិតមែន ប៉ុន្តែភាគីទាំងពីរសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់មួយ នោះគឺជាការដោះដូរឈ្លើយសឹកម្ខាង១ ០០០នាក់។

យ៉ាងណា កាលពីថ្ងៃចន្ទទី១៩ខែឧសភាឆ្នាំ២០២៥ លោក ហ្សេលេនស្គី បានប្រកាសលើ Telegram អំពីការបង្កើតក្រុមចរចាថ្នាក់ជាតិដ៏ធំជាអចិន្ត្រៃយ៍ ដោយសរសេរថា៖ «យើងត្រៀមរួចជាស្រេចសសម្រាប់ជំនួបថ្នាក់មេដឹកនាំ ដើម្បីដោះស្រាយបញ្ហាធំៗ។ អ៊ុយក្រែន មិនខ្លាចការចរចាដោយផ្ទាល់ជាមួយរុស្ស៊ីទេ»។

ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Reuters)

សេចក្តីប្រកាសរបស់លោកហ្សេលេនស្គី កើតឡើងចំពេលលោកពូទីននិយាយទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ក្រោយនិយាយចប់ ប្រមុខសេតវិមាន ក៏បង្ហោះសារលើបណ្តាញសង្គម Truth Social ថា៖ «រុស្ស៊ី-អ៊ុយក្រែន នឹងចាប់ផ្តើមចរចាគ្នាភ្លាម ឆ្ពោះទៅរកបទឈប់បាញ់ និងអ្វីៗដែលសំខាន់ដើម្បីបញ្ចប់សង្គ្រាម»។

សូមជម្រាបជាថ្មី ការចរចាកាលពីថ្ងៃសុក្រសប្តាហ៍មុន គឺត្រូវបានស្នើឡើងដោយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ហើយនោះគឺជាការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់លើកដំបូងរវាងគូជម្លោះទាំងពីរ ចាប់តាំងពីឆ្នាំ២០២២មក។

ក្រៅពីការឯកភាពដោះដូរឈ្លើយសឹកគ្នា កិច្ចចរចារយៈពេលជិត២ម៉ោងនោះ មិនទទួលបានលទ្ធភាពគាប់ប្រសើរអ្វីផ្សេងទេ។ យ៉ាងណា វិមានក្រឹមឡាំងអះអាងហើយអះអាងទៀតថា ខ្លួនបើកចិត្តជានិច្ចចំពោះជំនួបពិភាក្សាទល់មុខគ្នា រវាងលោកពូទីននិងហ្សេលេនស្គី នាពេលអនាគត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ប្រាប់ អ៊ុយក្រែន៖ «កុំស្តាប់ណាតូ!»

The post ហ្សេលេនស្គី បង្កើតក្រុមចរចាអចិន្ត្រៃយ៍ ដើម្បីពិភាក្សាជាមួយ រុស្ស៊ី appeared first on Kampuchea Thmey Daily.