សាខាកាកបាទក្រហមខេត្តកំពង់ចាម ទទួលបានថវិកាជិត ៧០ ម៉ឺនដុល្លារ ពីសប្បុរសជន
លោក នេត សាវឿន ក៏បានអំពាវនាវដល់ប្រជាពល រដ្ឋក្នុងខេត្តកំពង់ចាមទាំងមូលឲ្យគិតគូរដល់បញ្ហាសុខភាព... The post សាខាកាកបាទក្រហមខេត្តកំពង់ចាម ទទួលបានថវិកាជិត ៧០ ម៉ឺនដុល្លារ ពីសប្បុរសជន appeared first on Kampuchea Thmey Daily.

សាខាកាកបាទក្រហមខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៥ នេះ បានប្រារព្ធពិធីអបអរខួបទី ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបទី ៧០ របស់កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្ត។

ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា មានប្រសាសន៍ថា សាខា អនុសាខាបានបន្តចូលរួមដោះស្រាយបញ្ហាលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ទីកន្លែង គ្រប់ស្ថានភាព មិនទុកនរណាម្នាក់ចោល មិនមានការរើសអើង ស្របតាមគោលការណ៍គ្រឹះទាំង ៧ របស់ចលនា ដែលរយៈពេល ៥ ឆ្នាំ ក្នុងអាណត្តិទី៥ នេះ សាខា អនុសាខា បានឆ្លើយតបភ្លាមៗ ទៅនឹងតម្រូវការជាក់ស្តែង នៅតាមសហគមន៍រងគ្រោះ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត បានចំនួន៩១,៣៩៦គ្រួសារ។
លោក អ៊ុន ចាន់ដា បានឲ្យដឹងទៀតថា រយៈពេល ៥ ឆ្នាំ កន្លងទៅ សាខា អនុសាខា បានបំពេញតួនាទីយ៉ាងសកម្ម ក្នុងភាពម្ចាស់ការលើការផ្តល់សេវាកម្មមនុស្សធម៌ ផ្តោតលើវិស័យអាទិភាពទាំង ៤ ដោយបានឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៃភាពងាយរងគ្រោះ សម្រេចបានលទ្ធផល គួរអោយកត់សម្គាល់់រួមមាន៖ វិស័យអាទិភាព ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ សាខាបានត្រៀមបម្រុងទុកជានិច្ច ដើម្បីត្រៀមឆ្លើយតបគ្រោះមហន្តរាយ ដោយសាខាបានត្រៀមសន្និធិស្ដុកឃ្លាំងចំនួន ១០០ គ្រួសារប្រចាំត្រីមាស សម្រាប់ដោះស្រាយចៃដន្យបានភ្លាមៗ ពេលមានករណីចាំបាច់បានទាន់ពេលវេលា ដែល ៥ឆ្នាំមកនេះ យើងអនុវត្តបានចំនួន ២២លើក។

លោក អ៊ុន ចាន់ដា បានបន្ថែមថា ៥ ឆ្នាំនេះដែរ បានចុះអន្តរាគមន៍ផ្តល់អំណោយមនុស្សធម៌ភ្លាមៗ ជូនជនរងគ្រោះ ដោយមហន្តរាយ អគ្គីភ័យ ខ្យល់កន្ត្រាក់ ទឹកជំនន់ គ្រោះរាំងស្ងួត រន្ទះបាញ់ បាក់ស្រុតច្រាំងទន្លេ លង់ទឹក គ្រោះថ្នាក់ចរាចរណ៍បានចំនួន ៤,៥០៤ គ្រួសារ និងបានអន្តរាគមន៍សង្គ្រោះស្រូវដែលរាំងស្ងួតជាង ១,០០០ ហ.ត នៅស្រុកបាធាយ និងជើងព្រៃ ហើយបានអន្តរាគមន៍ផ្ដល់ស្រូវពូជ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ប្រមាណជាង ៥,០០០គ្រួសារ ដើម្បីស្តារការខូចខាតឡើងវិញ។
ក្រៅពីនេះបានដឹកនាំសហការចុះយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមគោលដៅស្តុបនានា ក្នុងខេត្ត ក្នុងឱកាសថ្ងៃបុណ្យជាតិសំខាន់ៗ សរុបចំនួន៥១លើក មានអ្នកទទួលផលដោយផ្ទាល់ ២៤៤,១៣៨ នាក់ផងដែរ។

ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក នេត សាវឿន បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវមានភាពបុរេសកម្ម ក្នុងការជួយអន្តរាគមន៍ សង្គ្រោះឲ្យទាន់ពេលវេលាក្នុងពេល គ្រោះអន្តរាយនានា ដែលជាមួយគ្នានេះដែរ សាខាកាកបាទក្រហមខេត្តរបស់យើង ក៏ត្រូវសហការក្នុងការផ្ដល់ផ្គត់ផ្គង់ គ្រឿងឧបភោគបរិភោគ និងថវិកាចាត់ ចែងនានា ឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព។
លោក នេត សាវឿន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងមូលឲ្យគិតគូរដល់បញ្ហាសុខភាពផ្ទាល់ខ្លួន នឹងត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទទួលទានចំណីអាហារ និងការហាត់ប្រាណដើម្បីសុខភាព និងបង្កើនអនាម័យ បរិស្ថានរស់នៅស្អាត ដើម្បីជៀសវាងពីជំងឺរាតត្បាតនានា៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ
The post សាខាកាកបាទក្រហមខេត្តកំពង់ចាម ទទួលបានថវិកាជិត ៧០ ម៉ឺនដុល្លារ ពីសប្បុរសជន appeared first on Kampuchea Thmey Daily.