សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាល​ត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន

សម្ដេច​ថារដ្ឋាភិបាលថៃ​មិន​អាចគ្រប់គ្រង​កង​ទ័ព​បាន​ដូច​កម្ពុជា​ទេ។ The post សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាល​ត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន appeared first on Kampuchea Thmey Daily.

សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាល​ត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន

ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេច​តេជោ ហ៊ុន សែន ចេញសារទៅកាន់​រដ្ឋាភិបាលឱ្យត្រៀមកងកម្លាំង​ប្រដាប់អាវុធត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បី​វាយ​បកការពារខ្លួនក្នុងករណី​ដែល​ថៃឈ្លានពានកម្ពុជា។ សម្ដេច​ថារដ្ឋាភិបាលថៃ​មិន​អាចគ្រប់គ្រង​កង​ទ័ព​បាន​ដូច​កម្ពុជា​ទេ។

តាម​ការ​បង្ហោះ​លើបណ្ដាញសង្គមនៅព្រឹក​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោថ្លែងក្នុងនាម​ជា​ប្រធាន​បក្ស​កាន់​អំណាច​ទៅ​កាន់​រដ្ឋាភិបាលដោយបញ្ជាឱ្យរដ្ឋាភិបាល​ត្រៀម​កម្លាំងប្រដាប់អាវុធដើម្បី​ឆ្លើយតបទៅថៃ និង​ត្រៀមជម្លៀសប្រជាជនចេញពីតំបន់​ប្រឈមទៅកាន់​ទី​កន្លែង​សុវត្ថិភាព ដោះស្រាយ​ស្បៀងអាហារ​ថ្នាំពេទ្យ​ និង​សំភារៈចាំបាច់​ផ្សេង​ទៀត។

សម្ដេច​បញ្ជាក់​ថា​៖ «បើថៃ​មិន​ធ្វើការ​ដោះស្រាយ​ច្រកព្រំដែនឱ្យ​វិល​មករកភាព​ប្រក្រតីវិញយើង​គ្មាន​ជម្រើសក្រៅ​ធ្វើការងារ​ទាំង​អស់នេះទេ»។

ជាមួយគ្នា​នេះ​សម្ដេច​ក៏បាន​អំពាវនាវដល់ប្រជាពលរដ្ឋ​ខ្មែរកុំ​ធ្វើ​អំពើជ្រុលនិយម ស្អប់ខ្ពើមពូជសាសន៍ ចំពោះជនជាតិថៃ ដោយថា​មាន​តែ​ក្រុម​ជ្រុលនិយម និង​យោធា​ថៃមួយ​ចំនួន​ប៉ុណ្ណោះ​ដែល​បង្ករឿង​ជាមួយ​កម្ពុជា។

ជាមួយគ្នា​នេះ​សម្ដេច​តេជោក៏​បញ្ជាឱ្យ​រដ្ឋាភិបាល​ត្រៀមទិញកសិផល​ខ្មែរ​ដែលធ្លាប់​លក់​ឱ្យ​ថៃ ដោយ​ខិតខំរកទីផ្សារជូនប្រជាជន បង្វែង​អ្នក​ជម្ងឺ​ដែលធ្លាប់ទៅ​ព្យាបាល​នៅ​ថៃ​រក​មន្ទីរពេទ្យ​ក្នុង​ស្រុក ឬ​ប្រទេសផ្សេងវិញ។ ត្រៀមទទួលយក និង​ដោះស្រាយការងារ​ជូនពលករដែល​ និង​វិល​ត្រលប់​ពី​ថៃមកកម្ពុជា​វិញផងដែរ។

ស្ថានភាពព្រំដែន​កម្ពុជា​ចាប់​ផ្ដើមកើន​កម្ដៅបន្ទាប់ពីទ័ពថៃ​ឆ្មក់​ចូល​មក​បាញ់​សម្លាប់ទាហាន​ខ្មែរ​ម្នាក់នៅ​តំបន់​មុំ​បី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារចាប់ពី​ថ្ងៃទី​២៨ ខែ​ឧសភា ជាការឆ្លើយតប​កម្ពុជា​បាន​បញ្ជូនអាវុធធុនធ្ងន់ និង​កង​ទ័ព​ទៅ​ត្រៀម​នៅ​ព្រំដែន​ថៃនៅ​ថ្ងៃ​បន្ទាប់ផងដែរ។ ស្ថានភាពនេះ​កាន់​តែ​កើន​កម្ដៅថែមទៀតបន្ទាប់ពីរដ្ឋាភិបាលថៃ​បានបិទព្រំដែនដោយឯកតោភាគី និង​គំរាមកាត់ផ្ដាច់ភ្លើងអគ្គិសនី និងអ៉ិនធើណិតពី​កម្ពុជាបើកម្ពុជាមិនព្រមធ្វើតាមការចង់បានរបស់ថៃលើបញ្ហាព្រំដែន។ ជា​ការឆ្លើយតបកាលពីយប់​ថ្ងៃទី១២​ ខែមិថុនា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាទៅ​ក្រសួងប្រៃសនីយ៍ និង​ក្រសួងរ៉ែ និងថាមពល បញ្ឈប់​ការ​ទិញអ៉ីនធើណិត និងអគ្គីសនីពីថៃឱ្យអស់ផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាល​ត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន appeared first on Kampuchea Thmey Daily.