លោក បៃដិន បង្ហាញខ្លួនជាសាធារណៈលើកដំបូង តាំងពីប្រកាសកើតមហារីក ធ្ងន់ធ្ងរ
អតីតប្រធានាធិបតីអាមេរិក ចូ បៃដិន បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងចាប់តាំងពីសេចក្តីប្រកាសថា លោកកើតជំងឺមហារីកក្រពេញប្រូស្តាត ដំណាក់កាលទី៤... The post លោក បៃដិន បង្ហាញខ្លួនជាសាធារណៈលើកដំបូង តាំងពីប្រកាសកើតមហារីក ធ្ងន់ធ្ងរ appeared first on Kampuchea Thmey Daily.

អតីតប្រធានាធិបតីអាមេរិក ចូ បៃដិន បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងចាប់តាំងពីសេចក្តីប្រកាសថា លោកកើតជំងឺមហារីកក្រពេញប្រូស្តាត ដំណាក់កាលទី៤។

លោក បៃដិន ត្រូវគេឃើញចូលរួមពិធីទទួលសញ្ញាប័ត្ររបស់ចៅប្រុសក្នុងរដ្ឋ Connecticut កាលពីថ្ងៃសុក្រទី២៣ខែឧសភាឆ្នាំ២០២៥ (ពេលវេលានៅអាមេរិក) អមដំណើរដោយអតីតជំទាវទី១ Jill Biden។
ជាមួយនឹងកម្លាំងហាក់មិនចុះខ្សោយខ្លាំងណាស់ណាទេនោះ លោកបៃដិន និយាយទៅកាន់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិ Bradley ថា «ខ្ញុំមានអារម្មណ៍ល្អ មិនអីនោះទេ»។
កាលពីថ្ងៃចន្ទសប្តាហ៍មុន លោក បៃដិន បានប្រកាសកើតជំងឺមហារីកក្រពេញប្រូស្តាតធ្ងន់ធ្ងរក្នុងអំឡុងការពិនិត្យសុខភាពជាប្រចាំ ហើយវាជាប្រភេទធ្ងន់ធ្ងរដែលកំណត់មាត្រដ្ឋានដោយពិន្ទុ Gleason ៩ លើ ១០ និងបានរាលដាលដល់ឆ្អឹងបាត់ទៅហើយ។

ពាក់ព័ន្ធបញ្ហានេះ មានការចោទប្រកាន់ដល់បុគ្គលិករបស់លោក បៃដិន ថា បានលាក់បាំងរោគ ក្នុងអំឡុងពេលលោកកាន់តំណែងជាប្រធានាធិបតី។
កន្លងមក លោកបៃដិនបានទទួលការព្យាបាលជំងឺមហារីកស្បែកដោយជោគជ័យ ម្តងរួចមកហើយ។ កាលពីឆ្នាំ២០២៣ពោលគឺពេលកាន់តំណែងជាប្រមុខសេតវិមាន គាត់មានចេញដំបៅនៅលើទ្រូង ក្នុងអំឡុងពេលពិនិត្យរាងកាយប្រចាំឆ្នាំ។
មហារីកក្រពេញប្រូស្តាត គឺជាមហារីកទូទៅបំផុតទីពីរ ដែលកើតលើបុរស បន្ទាប់ពីមហារីកស្បែក។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC), បុរស១៣នាក់ក្នុងចំណោម១០០នាក់ នឹងវិវត្តទៅជាជំងឺមហារីកក្រពេញប្រូស្តាតនៅពេលណាមួយក្នុងជីវិត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អតីតប្រធានាធិបតីអាមេរិក ចូ បៃដិន កើតជំងឺមហារីកធ្ងន់ធ្ងរ
The post លោក បៃដិន បង្ហាញខ្លួនជាសាធារណៈលើកដំបូង តាំងពីប្រកាសកើតមហារីក ធ្ងន់ធ្ងរ appeared first on Kampuchea Thmey Daily.