លោក ត្រាំ ត្រៀមចុះហត្ថលេខាបិទនាយកដ្ឋានអប់រំនៅអាមេរិក
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រៀមចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិនៅថ្ងៃព្រហស្បតិ៍ទី២០ខែមីនានេះ ក្នុងគោល... The post លោក ត្រាំ ត្រៀមចុះហត្ថលេខាបិទនាយកដ្ឋានអប់រំនៅអាមេរិក appeared first on Kampuchea Thmey Daily.

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រៀមចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិនៅថ្ងៃព្រហស្បតិ៍ទី២០ខែមីនានេះ ក្នុងគោលបំណងបិទនាយកដ្ឋានអប់រំ ដោយបំពេញតាមការសន្យាអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដើម្បីធ្វើវិមជ្ឈការការគ្រប់គ្រងសហព័ន្ធលើវិស័យអប់រំ។

យោងតាមសេតវិមាន បទបញ្ជាប្រតិបត្តិនេះបានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងអប់រំលោកស្រី Linda McMahon មើលការខុសត្រូវលើការបិទនាយកដ្ឋានអប់រំ ដោយធានាថា សេវាអប់រំសំខាន់ៗនៅតែបន្ត ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរសិទ្ធិអំណាចទៅរដ្ឋនីមួយៗ។
រដ្ឋបាលលោក ត្រាំ អះអាងថា ការផ្លាស់ប្តូរនេះនឹងផ្តល់ឲ្យរដ្ឋ និងសហគមន៍មូលដ្ឋាននូវស្វ័យភាពកាន់តែខ្លាំងលើគោលនយោបាយអប់រំ ដែលអាចធ្វើឲ្យលទ្ធផលសិស្សល្អប្រសើរឡើងជាងមុន។ ពួកគេលើកឡើងពីពិន្ទុប្រឡងថ្នាក់ជាតិដែលមានកម្រិតទាប ទោះបីជាមានការវិនិយោគពីរដ្ឋក្នុងចំនួនដ៏ច្រើនក៏ដោយ ដែលនេះជាហេតុផលសម្រាប់ការរៀបចំរចនាសម្ព័ន្ធឡើងវិញ។
ទោះជាយ៉ាងណា ការរំលាយនាយកដ្ឋានអប់រំដែលបានស្នើនេះប្រឈមនឹងឧបសគ្គផ្លូវច្បាប់ និងនយោបាយយ៉ាងសំខាន់។ ការលុបបំបាត់នាយកដ្ឋានរដ្ឋតម្រូវឲ្យមានការយល់ព្រមពីសភា ដោយត្រូវការការគាំទ្រពីសមាជិកព្រឹទ្ធសភាយ៉ាងហោចណាស់ ៦០រូប។ អ្នករិះគន់ រួមទាំងអគ្គមេធាវីរដ្ឋបក្សប្រជាធិបតេយ្យ និងអង្គការនានាដូចជា NAACP ជំទាស់ថា បទបញ្ជាប្រតិបត្តិគឺមិនស្របតាមរដ្ឋធម្មនុញ្ញ ហើយអាចជះឥទ្ធិពលអវិជ្ជមានដល់សិស្សរាប់លាននាក់ ជាពិសេសអ្នកដែលពឹងផ្អែកលើជំនួយរបស់សហព័ន្ធ។
ក្រុមអគ្គមេធាវីរបស់គណបក្សប្រជាធិបតេយ្យ បានដាក់ពាក្យបណ្តឹងក្នុងគោលបំណងរារាំងការរុះរើនាយកដ្ឋានអប់រំ ដោយលើកហេតុផលថា សកម្មភាពបែបនេះអាចរំខានដល់ការផ្តល់មូលនិធិ និងធ្វើឲ្យខូចដល់ការអប់រំសាធារណៈ។ លើសពីនេះទៀត ការព្រួយបារម្ភត្រូវបានលើកឡើងអំពីភាពបន្តនៃស្តង់ដារអប់រំ និងការចែកចាយធនធានប្រកបដោយសមធម៌ក្នុងអំឡុងពេល និងក្រោយការផ្លាស់ប្តូរ៕
ដោយ៖ ឈាង
The post លោក ត្រាំ ត្រៀមចុះហត្ថលេខាបិទនាយកដ្ឋានអប់រំនៅអាមេរិក appeared first on Kampuchea Thmey Daily.