រុស្ស៊ី គំរាមប្រើគ្រប់មធ្យោបាយឆ្លើយតប បើកូរ៉េខាងត្បូងជួយអ៊ុយក្រែន
ការផ្គត់ផ្គង់សព្វាវុធរបស់កូរ៉េខាងត្បូង ដល់ប្រទេសអ៊ុយក្រែន នឹងបំផ្លាញទំនាក់ទំនងទាំងស្រុងរវាងទីក្រុងសេអ៊ូល និង... The post រុស្ស៊ី គំរាមប្រើគ្រប់មធ្យោបាយឆ្លើយតប បើកូរ៉េខាងត្បូងជួយអ៊ុយក្រែន appeared first on Kampuchea Thmey Daily.
ការផ្គត់ផ្គង់សព្វាវុធរបស់កូរ៉េខាងត្បូង ដល់ប្រទេសអ៊ុយក្រែន នឹងបំផ្លាញទំនាក់ទំនងទាំងស្រុងរវាងទីក្រុងសេអ៊ូល និងទីក្រុងមូស្គូ។ នេះជាការព្រមានចំៗរបស់អនុរដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី លោក Andrey Rudenko កាលពីថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២៤។
លោក Rudenko បានប្រាប់សារព័ត៌មានរដ្ឋរុស្ស៊ី TASS ថា៖ «ទីក្រុងសេអ៊ូលត្រូវតែដឹងថា ការប្រើប្រាស់អាវុធរបស់កូរ៉េខាងត្បូងដើម្បីសម្លាប់ពលរដ្ឋរុស្ស៊ី នឹងបំផ្លាញទំនាក់ទំនងរវាងប្រទេសរបស់យើងទាំងស្រុង។ ពិតណាស់ យើងនឹងឆ្លើយតបតាមគ្រប់មធ្យោបាយដែលយើងយល់ឃើញថាចាំបាច់»។
មន្ត្រីការទូតរុស្ស៊ីរូបនេះ បានអំពាវនាវឲ្យទីក្រុងសេអ៊ូលវាយតម្លៃស្ថានការណ៍ដោយសន្តិវិធី និងជៀសវាង «ជំហានដែលមិនប្រុងប្រយ័ត្ន»។
លោក Rudenko បានបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា រដ្ឋបាលនៃសាធារណរដ្ឋកូរ៉េនឹងត្រូវបានដឹកនាំជាចម្បងដោយផលប្រយោជន៍ជាតិរយៈពេលវែង ហើយមិនមែនដោយការពិចារណាអំពីឱកាសនិយមរយៈពេលខ្លីដែលត្រូវបានជំរុញពីខាងក្រៅនោះទេ»។
ការព្រមានរបស់រុស្ស៊ី ធ្វើឡើងបន្ទាប់ពីកូរ៉េខាងត្បូងបានថ្កោលទោសការចូលរួមរបស់កូរ៉េខាងជើង ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ ក្រុមមន្ត្រីនៅទីក្រុងសេអ៊ូល បាននិយាយថា ពួកគេកំពុងពិចារណាផ្លាស់ប្តូរគោលនយោបាយដ៏យូរអង្វែងរបស់ខ្លួន ដោយការផ្តល់អាវុធដោយផ្ទាល់ដល់ អ៊ុយក្រែន៕
ដោយ៖ ឈាង
The post រុស្ស៊ី គំរាមប្រើគ្រប់មធ្យោបាយឆ្លើយតប បើកូរ៉េខាងត្បូងជួយអ៊ុយក្រែន appeared first on Kampuchea Thmey Daily.