មនុស្ស​១៦​នាក់​បាត់​ខ្លួន​​ក្នុង​ហេតុការណ៍​លិច​​កប៉ាល់​ទេសចរណ៍​​​​នៅអេហ្ស៊ីប

មនុស្សយ៉ាងហោចណាស់ ១៦ នាក់កំពុងបាត់ខ្លួនបន្ទាប់ពីទូកទេសចរណ៍មួយបានលិចនៅក្នុងសមុទ្រក្រហមបន្ទាប់ពីជួបបញ្ហាអាកាសធាតុដ៏អាក្រក់... The post មនុស្ស​១៦​នាក់​បាត់​ខ្លួន​​ក្នុង​ហេតុការណ៍​លិច​​កប៉ាល់​ទេសចរណ៍​​​​នៅអេហ្ស៊ីប appeared first on Kampuchea Thmey Daily.

មនុស្ស​១៦​នាក់​បាត់​ខ្លួន​​ក្នុង​ហេតុការណ៍​លិច​​កប៉ាល់​ទេសចរណ៍​​​​នៅអេហ្ស៊ីប

មនុស្សយ៉ាងហោចណាស់១៦នាក់​បាន​បាត់ខ្លួន បន្ទាប់ពីនាវា​ទេសចរណ៍មួយគ្រឿង​​បាន​លិចនៅក្នុងសមុទ្រក្រហម​ក្នុង​ហេតុការណ៍​មួយ​បណ្តាល​មក​ពី​​អាកាសធាតុ​អាក្រក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២៦ខែវិច្ឆិកានេះ។

(រូបភាព៖ Facebook)

អភិបាលនៃតំបន់សមុទ្រក្រហម លោក Amr Hanafy បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានជួយសង្គ្រោះមនុស្ស ២៨នាក់ពីនាវា​ដឹក​​ទេសចរ​ ដែលមានឈ្មោះថា «Sea Story»​ នៅភាគខាងត្បូងនៃទីក្រុងឆ្នេរសមុទ្រ Marsa Alam ហើយអ្នកខ្លះត្រូវបានជួយសង្គ្រោះតាមយន្តហោះដើម្បី​នាំទៅ​​ទទួលការព្យាបាល។

លោក Hanafy បាននិយាយថា អ្នកទេសចរ​៣១នាក់ ដែលមានសញ្ជាតិផ្សេងៗគ្នា ស្ថិតនៅលើទូក រួមជាមួយនឹងជន​ជាតិអេហ្ស៊ីប១៣នាក់ ដែលរួមមានសមាជិកនាវិកផងដែរ ខណៈទូកនេះបានចាកចេញពី Marsa Alam សម្រាប់ការធ្វើដំណើររយៈពេលប្រាំថ្ងៃ។

ខណៈដែលនៅពេលកើតហេតុមានជនបរទេសនៅលើទូកប្រវែង៣៤ម៉ែត្រ ដែលជាកម្មសិទ្ធិរបស់ជនជាតិអេហ្ស៊ីបនេះ រួមមានជនជាតិអាមេរិក បែលហ្ស៊ិក អង់គ្លេស ចិន ហ្វាំងឡង់ អាល្លឺម៉ង់ អៀរឡង់ ប៉ូល ស្លូវ៉ាគី អេស្បាញ និងស្វីស។ មកដល់ពេលនេះយោធាអេហ្ស៊ីបកំពុងសម្របសម្រួលប្រតិបត្តិការជួយសង្គ្រោះជាមួយអាជ្ញាធរក្នុងតំបន់។

ការិយាល័យបរទេសរបស់ចក្រភពអង់គ្លេសបាននិយាយថា ខ្លួនកំពុងផ្តល់ការគាំទ្រផ្នែកកុងស៊ុលដល់ «ជនជាតិអង់គ្លេសមួយចំនួន និងក្រុមគ្រួសាររបស់ពួកគេ» បន្ទាប់ពីការលិច។ មានសេចក្តីរាយការណ៍ថា ពលរដ្ឋអង់គ្លេស ស្ថិតក្នុងចំណោមអ្នកបាត់ខ្លួន។

ភ្លាមៗ​គេ​មិន​ទាន់​ដឹង​ថា មកពី​មូលហេតុ​អ្វី​ដែល​បណ្ដាល​ឲ្យ​ទូកទេសចរណ៍ធ្វើពីឈើ​៤​ជាន់​នេះលិច​នោះទេ ប៉ុន្តែអាជ្ញាធរ​ឧតុនិយមអេហ្ស៊ីបកាលពីថ្ងៃសៅរ៍បានព្រមានអំពីភាពចលាចល និងរលកខ្ពស់នៅលើសមុទ្រក្រហម ហើយបានណែនាំរារាំងនឹងសកម្មភាពដែនសមុទ្រសម្រាប់ថ្ងៃអាទិត្យនិងថ្ងៃចន្ទ។

(រូបភាព៖ AP)

យោងតាមគេហទំព័ររបស់ទូកទេសចរណ៍ Sea Story វាត្រូវបានសាងសង់ក្នុងឆ្នាំ ២០២២ ហើយអាចផ្ទុកអ្នកដំណើរបាន៣៦នាក់។

គួរបញ្ជាក់ថា សមុទ្រក្រហមគឺជាកន្លែងមុជទឹកដ៏ពេញនិយមដែលល្បីល្បាញដោយសារថ្មប៉ប្រះទឹកផ្កាថ្ម និងជីវិតនៅបាតសមុទ្រ ដែលជាគន្លឹះនៃឧស្សាហកម្មទេសចរណ៍ដ៏សំខាន់របស់ប្រទេសអេហ្ស៊ីប។

ក្នុងឆ្នាំ២០២៣ អ្នកទេសចរអង់គ្លេស៣នាក់បានបាត់ខ្លួន ហើយ១២នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីទូកមួយបានឆេះចេញពី Marsa Alam ។ ចំណែកឆ្នាំ ២០១៦ ក៏មានគ្រោះមហន្តរាយសមុទ្រដ៏អាក្រក់បំផុតមួយនៅក្នុងប្រទេស​អេហ្ស៊ីបដូចគ្នា គឺ​នៅពេលដែលទូកដឹកជនចំណាកស្រុកប្រហែល ៦០០នាក់ បានលិចនៅសមុទ្រមេឌីទែរ៉ាណេ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់​១៧០នាក់៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post មនុស្ស​១៦​នាក់​បាត់​ខ្លួន​​ក្នុង​ហេតុការណ៍​លិច​​កប៉ាល់​ទេសចរណ៍​​​​នៅអេហ្ស៊ីប appeared first on Kampuchea Thmey Daily.