ឯកឧត្តម ហ៊ុន ម៉ានិត៖ ក្នុងនាមយើងជាទាហាន ត្រូវមានមោទកភាពថែរក្សាការពារជាតិមាតុភូមិ
សុខសន្តិភាព និងសុវត្ថិភាពប្រជាជន គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ ក្នុងនាមយើងម្នាក់ ជានាយទាហាន នាយទាហានរង និងពលទាហាន ត្រូវមានមោទកភាពចំពោះ The post ឯកឧត្តម ហ៊ុន ម៉ានិត៖ ក្នុងនាមយើងជាទាហាន ត្រូវមានមោទកភាពថែរក្សាការពារជាតិមាតុភូមិ appeared first on Kampuchea Thmey Daily.
ឯកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ បានសង្កត់ធ្ងន់ថា ក្នុងនាមជានាយទាហាន ត្រូវមានមោទកភាពចំពោះឯកសណ្ឋាន តួនាទីភារកិច្ចរបស់ខ្លួន ក្នុងការថែរក្សាការពារជាតិមាតុភូមិ និងប្រជាជន។
ឯកឧត្តម ហ៊ុន ម៉ានិត បានថ្លែងឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ចូលរួមពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្ស ពិសេសជំនាន់ទី៣០ និងបើកវគ្គជំនាន់ទី៣១ ព្រមទាំងសម្ពោធអគារទីចាត់ការសាលា និងសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤។
ក្នុងពិធីនោះ ឯកឧត្តមសេនីយ៍ឯក បានអបអរសាទរដល់សិក្ខាកាមជំនាន់ទី៣០ ទាំងអស់ ដែលបានបញ្ចប់វគ្គហ្វឹកហ្វឺនដោយជោគជ័យ ហើយសង្ឃឹមថាសិក្ខាកាមវគ្គជំនាន់ទី៣១ នឹងបន្តខិតខំសម្រេចឱ្យបានជោគជ័យ ទទួលបានលទ្ធផលជាទីគាប់ចិត្ត។
ឯកឧត្តមបាបញ្ជាក់ថា ភាពជោគជ័យរបស់សិក្ខាកាម មិនត្រឹមតែជាជោគជ័យសម្រាប់ខ្លួនឯងនោះទេ តែវាជាជោគជ័យរបស់អង្គភាព ជាតិទាំងមូល និងក្រុមគ្រួសារនៃសិក្ខាកាមនីមួយៗ។ ឯកឧត្តមបញ្ជាក់ថា៖«សុខសន្តិភាព និងសុវត្ថិភាពប្រជាជន គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ ក្នុងនាមយើងម្នាក់ ជានាយទាហាន នាយទាហានរង និងពលទាហាន ត្រូវមានមោទកភាពចំពោះឯកសណ្ឋាន តួនាទីភារកិច្ចរបស់ខ្លួន ក្នុងការថែរក្សាការពារជាតិមាតុភូមិ និងប្រជាជនយើង»។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានថ្លែងអំណរគុណ ដល់គណៈគ្រប់គ្រង យោធាចារ្យ និងយោធិននៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានខិតខំកសាងសមិទ្ធផលជាបន្តបន្ទាប់ និងកសាងធនធានមនុស្ស សម្រាប់ចូលរួមបម្រើការពារសុវត្ថិភាពថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ ជាពិសេសចូលរួមថែរក្សាសុខសន្តិភាព និងសុវត្ថិភាពជូនប្រជាជន។
ក្នុងនាមមេបញ្ជាការរងកងទ័ពជើងគោក ឯកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងសមិទ្ធផលនានារបស់បញ្ជាការដ្ឋានអង្គរក្ស ហើយនេះជាការចូលរួមចំណែកពង្រឹងដល់ខឿនការពារជាតិរបស់កម្ពុជា៕
The post ឯកឧត្តម ហ៊ុន ម៉ានិត៖ ក្នុងនាមយើងជាទាហាន ត្រូវមានមោទកភាពថែរក្សាការពារជាតិមាតុភូមិ appeared first on Kampuchea Thmey Daily.