ភ្លៀងខ្លាំងបណ្តាលឱ្យបាក់ដីនិងបង្កឲ្យស្លាប់និងបាត់ខ្លួនជិត៣០នាក់នៅចិន
មនុស្សម្នាក់បានស្លាប់ ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកមនុស្ស២៨នាក់ទៀតដែលបាត់ខ្លួន បន្ទាប់ពីមានបំណាក់ដីកាត់ភូមិមួយក្នុងខេត្ត Sichuan ... The post ភ្លៀងខ្លាំងបណ្តាលឱ្យបាក់ដីនិងបង្កឲ្យស្លាប់និងបាត់ខ្លួនជិត៣០នាក់នៅចិន appeared first on Kampuchea Thmey Daily.

យោងតាមការចេញផ្សាយរបស់ទូរទស្សន៍រដ្ឋចិន CCTV មនុស្សម្នាក់បានស្លាប់និងយ៉ាងហោចណាស់ជិត៣០នាក់ផ្សេងទៀត បានបាត់ខ្លួន ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកមនុស្សដែលបាត់ខ្លួន បន្ទាប់ពីមានបំណាក់ដីកាត់ភូមិមួយក្នុងខេត្ត Sichuan ភាគខាងត្បូងប្រទេសចិន។

ហេតុការណ៍បាក់ដីនេះបានកើតឡើងនៅក្នុងភូមិ Jingping ក្នុងទីក្រុង Yibin ក្នុងខេត្ត Sichuan ប្រទេសចិន កាលពីព្រឹកថ្ងៃសៅរ៍។
ឆ្លើយតបទៅនឹងគ្រោះមហន្តរាយនេះ បុគ្គលិកជិតជួយសង្គ្រោះ១០០០នាក់ រួមទាំងប៉ូលិស អ្នកពន្លត់អគ្គីភ័យ និងអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត បានបន្តប្រតិបត្តិការជួយសង្គ្រោះតាំងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីប្រធានាធិបតី Xi Jinping បានបញ្ជាឱ្យអាជ្ញាធរធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បី «កាត់បន្ថយចំនួនអ្នកស្លាប់ និងដោះស្រាយផលប៉ះពាល់»។
ក្រុមអ្នករុករកមួយចំនួនបានរុករកតាមសំណល់នៃអគារដែលដួលរលំ ដោយប្រើដ្រូននិងរ៉ាដារាវរកអ្នកនៅមានអាយុជីវិតដោយមានជំនួយពីមន្ត្រីក្នុងតំបន់ដែលធ្លាប់ស្គាល់តំបន់នោះ។ ពួកគេបានជួយសង្គ្រោះជនរងគ្រោះដែលរងរបួសពីរនាក់ និងជម្លៀសមនុស្សប្រហែល៣៦០នាក់ផ្សេងទៀត។

អាជ្ញាធរបានបានវាយតម្លៃបឋមនិងសន្មតថា គ្រោះមហន្តរាយនេះបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ និងលក្ខខណ្ឌភូមិសាស្ត្រក្នុងតំបន់។ កត្តាទាំងនេះបានបំប្លែងការបាក់ដីទៅជាលំហូរនៃកម្ទេចកម្ទី ដែលបណ្តាលឱ្យមានការប្រមូលផ្តុំនៃកម្ទេចកម្ទីដែលលាតសន្ធឹងប្រវែងប្រហែល១.២គីឡូម៉ែត្រ ជាមួយនឹងបរិមាណសរុបលើសពី១ម៉ឺនម៉ែត្រគូប។
ប្រទេសចិនក៏បានត្រៀមថវិកាចំនួន៨០លានយន់( ប្រហែល១១លានដុល្លារ) ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងស្តារឡើងវិញពីគ្រោះមហន្តរាយនេះ។
បំណាក់ដីដែលជារឿយៗបណ្តាលមកពីភ្លៀង ឬការងារសំណង់មិនមានសុវត្ថិភាព មិនមែនជារឿងចម្លែកទេនៅក្នុងប្រទេសចិន។ កាលពីឆ្នាំមុន បំណាក់ដីនៅតំបន់ភ្នំដាច់ស្រយាលនៃខេត្ត Yunnan ភាគនិរតីនៃប្រទេសចិនបានសម្លាប់មនុស្សរាប់សិបនាក់៕


អត្ថបទ៖ ប៊ុន សុភាព
The post ភ្លៀងខ្លាំងបណ្តាលឱ្យបាក់ដីនិងបង្កឲ្យស្លាប់និងបាត់ខ្លួនជិត៣០នាក់នៅចិន appeared first on Kampuchea Thmey Daily.