នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ពិភាក្សាអំពីការធ្លាក់យន្តហោះ MH17 ជាមួយលោក ពូទីន
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានពិភាក្សាអំពីការធ្លាក់យន្តហោះម៉ាឡេស៊ី MH17 ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន... The post នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ពិភាក្សាអំពីការធ្លាក់យន្តហោះ MH17 ជាមួយលោក ពូទីន appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានពិភាក្សាអំពីការធ្លាក់យន្តហោះម៉ាឡេស៊ី MH17 ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងអំឡុងទស្សនកិច្ចនៅទីក្រុងមូស្គូ ប៉ុន្មានថ្ងៃបន្ទាប់ពីរបាយការណ៍របស់អង្គការសហប្រជាជាតិបានរកឃើញថា រុស្ស៊ីទទួលខុសត្រូវចំពោះគ្រោះមហន្តរាយនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៥ខែឧសភានេះ។

លោក អាន់វ៉ា ស្ថិតដែលនៅក្នុងប្រទេសរុស្ស៊ីក្នុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា ពាណិជ្ជកម្ម និងការវិនិយោគ កសិកម្ម ការអប់រំ លំហអាកាស និងថាមពល។លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីកាលពីថ្ងៃពុធ ថាក្នុងនាមជាតំណាងរបស់ប្រជាជនម៉ាឡេស៊ី ជាពិសេសក្រុមគ្រួសារជនរងគ្រោះ លោកបានឆ្លៀតឱកាសដើម្បីលើកបញ្ហានេះជាមួយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក្នុងអំឡុងពេលពិភាក្សាទ្វេភាគី ។
គួរបញ្ជាក់ថាក្រុមប្រឹក្សាអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) បានរកឃើញនៅសប្តាហ៍នេះថា រុស្ស៊ីជាអ្នកទទួលខុសត្រូវចំពោះការទម្លាក់យន្តហោះ MH17 ដែលត្រូវបានបាញ់ទម្លាក់នៅភាគខាងកើតអ៊ុយក្រែនក្នុងឆ្នាំ ២០១៤អំឡុងពេលប្រយុទ្ធគ្នារវាងក្រុមផ្តាច់ខ្លួនដែលគាំទ្ររុស្ស៊ី និងកងកម្លាំងអ៊ុយក្រែន។
ទោះយ៉ាងណាទីក្រុងមូស្គូបានច្រានចោលការរកឃើញរបស់ ICAO លើការធ្លាក់យន្តហោះដែលបានសម្លាប់អ្នកដំណើរ និងនាវិកទាំងអស់ចំនួន ២៩៨នាក់ ដោយហៅការសម្រេចថាមានភាពលំអៀង។

បើតាមការបង្ហោះរបស់លោក អាន់វ៉ា លើ Facebook កាលពីល្ងាចថ្ងៃពុធថា លោកនឹងបន្តសង្កត់ធ្ងន់លើការទទួលខុសត្រូវជុំវិញគ្រោះមហន្តរាយនេះ ដោយប្រទេសម៉ាឡេស៊ីនៅតែមានការតាំងចិត្តក្នុងការធានានូវការទទួលខុសត្រូវ និងដំណោះស្រាយដ៏ត្រឹមត្រូវមួយសម្រាប់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ ដែលបន្តទទួលបន្ទុកនៃសោកនាដកម្មនេះ។
នៅក្នុងជំនួបនោះ លោកពូទីនបានសម្តែងការរំលែកទុក្ខដល់ក្រុមគ្រួសារអ្នកស្លាប់ ដែលរួមមានពលរដ្ឋហូឡង់ ១៩៦នាក់ ម៉ាឡេស៊ី ៤៣នាក់ និងពលរដ្ឋអូស្ត្រាលី ៣៨នាក់ដែរ ។ លោក Putin ក៏បានអំពាវនាវឱ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយដែលមិនពាក់ព័ន្ធនឹងនយោបាយ ហើយថារុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់កិច្ចសហប្រតិបត្តិការរបស់ខ្លួន ដើម្បីធានាថារបាយការណ៍នេះមានភាពជឿជាក់ជាងនេះ ។
គួររម្លឹកថារដ្ឋអាជ្ញាហូឡង់បានចោទប្រកាន់រុស្ស៊ីនៅក្នុងសំណុំរឿងតុលាការឆ្នាំ ២០២០ ពីបទព្យាយាមបំផ្លិចបំផ្លាញការស៊ើបអង្កេតលើការធ្លាក់យន្តហោះនេះ។ ក្រោយមកតុលាការបានកាត់ទោសភ្នាក់ងារចារកម្មរុស្ស៊ីពីរនាក់ និងមេដឹកនាំផ្តាច់ខ្លួនអ៊ុយក្រែនម្នាក់ពីតួនាទីរបស់ពួកគេក្នុងការវាយប្រហារ៕


អត្ថបទ៖ ប៊ុន សុភាព
The post នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ពិភាក្សាអំពីការធ្លាក់យន្តហោះ MH17 ជាមួយលោក ពូទីន appeared first on Kampuchea Thmey Daily.